រៀបការចំនួន២គូក្នុងរបបខ្មែរក្រហម
(ខេត្តព្រៃវែង) ប៊ុន រ៉ន អាយុ៧០ឆ្នាំ ជាកសិករ រស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ រ៉ន មានប្រពន្ធឈ្មោះតាំ ផល និងមានកូនចំនួន៦នាក់ (ប្រុស៤នាក់)។ ម្តាយ ឈ្មោះ វ៉ាន់ ស្រៀង និង ឪពុកឈ្មោះរិន។
នៅឆ្នាំ១៩៧៥ របបខ្មែរក្រហមតម្រូវឲ្យ រ៉ន រស់នៅភូមិពាយនាយ។ ការងារប្រចាំថ្ងៃរបស់ រ៉ន គឺត្រូវលើកភ្លឺស្រែ និងកាប់ដីធ្វើប្រឡាយ ហើយនៅរដូវវស្សា រ៉ន ត្រូវទៅទប់ទឹកកុំឲ្យលិចស្រូវ និងផលដំណាំផ្សេងៗ។ រ៉ន៖ “ការងារត្រូវធ្វើគ្មានពេលសម្រាកតាំងពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ គ្មានថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យ ហើយប្រជាជនត្រូវហូបបបរជារៀងរាល់ថ្ងៃ ទាំងពេលថ្ងៃត្រង់ និងពេលល្ងាច ” ។ រ៉ន បន្តថា “ខ្មែរក្រហមបានប្រែក្លាយសាលារៀនទៅជាមន្ទីរពេទ្យ ដើម្បីព្យាបាលអ្នកជំងឺ ប៉ុន្តែពេទ្យគ្មានជំនាញ។ អ្នកជំងឺគ្រាន់តែឲ្យដេកសម្រាក អ្នកជាក៏ជាទៅ ចំណែកអ្នកជំងឺធ្ងន់ក៏ស្លាប់ទៅគ្មានអ្នកណាមើលយើងទេ ”។ រ៉ន ត្រូវធ្វើការតាមការកំណត់របស់ខ្មែរក្រហម១ថ្ងៃត្រូវជីក និងរែកដីឲ្យបាន៣ ទៅ ៤ម៉ែត្រ ដើម្បីដោះដូរជាមួយនឹងរបបអាហារ។ គាត់បានខិតខំបំពេញការងារតាមការកំណត់ ព្រោះខ្លាចអង្គការនាំយកទៅសម្លាប់ចោល។
នៅឆ្នាំ១៩៧៨ រ៉ន បានស្នើសុំអង្គការដើម្បីរៀបការជាមួយនារីក្នុងកងចល័តដែលខ្លួនស្រលាញ់។ ទាំងអង្គការ និងប្រពន្ធរបស់គាត់សព្វថ្ងៃ បានយល់ព្រម។ ពិធីរៀបការនៅពេលនោះមានចំនួន២គូ ធ្វើឡើងនៅរោងបាយរួមសហករណ៍។ បន្ទាប់ពីរៀបការរួចគាត់ និងប្រពន្ធ ត្រូវបានខ្មែរក្រហមតម្រូវឲ្យទៅធ្វើការកន្លែងផ្សេងគ្នា។ ប្រពន្ធរបស់ រ៉ន ត្រូវទៅដកស្ទូងស្រូវ ចំណែកគាត់ត្រូវទៅជីកទំនប់ និងលើកប្រឡាយឆ្ងាយៗពីស្រុករហូតដល់តំបន់កោះកុក (ព្រំប្រទល់ជាមួយខេត្តស្វាយរៀង)។
នៅចុងឆ្នាំ១៩៧៩ របបខ្មែរក្រហមបានជម្លៀស រ៉ន និងប្រពន្ធ ពីភូមិពាយនាយឲ្យទៅរស់នៅតំបន់អ្នកលឿង។ រស់នៅទីនោះបានមួយរយៈគាត់ក៏មានសេរីភាពឡើងវិញ ដោយសាររបបខ្មែរក្រហមបានដួលរលំ និងបានត្រលប់មករស់នៅស្រុកកំណើត។ បច្ចុប្បន្ន រ៉ន មានជំងឺប្រចាំកាយគឺជំងឺឫសដូងបាត៕
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥
សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤