ទំនាក់ទំនងរវាងជំងឺផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

ប្រភពរូបថត៖ ហ្គូណា ប៊ឺកស្ត្រម (ខែសីហា ឆ្នាំ១៩៧៨)/បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា

របបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) បានបន្សល់ទុក្ខនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គមកម្ពុជា ក្នុងវិស័យសុខភាព និងសុខមាភាពរបស់ប្រជាជន។ ការចងក្រង​ឯកសារជាច្រើនពីអំពើប្រល័យពូជសាសន៍ និងអំពើឃោរឃៅបានធ្វើឡើងយ៉ាងល្អ និងយកចិត្តទុកដាក់បំផុត ដោយឡែកការសិក្សាស្រាវជ្រាវពីផលប៉ះពាល់រយៈពេលវែងទៅលើសុខភាពផ្លូវចិត្ត និងសុខភាពទូទៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម គឺ មានកម្រិតនៅឡើយ ជាពិសេស ទំនាក់ទំនងរវាងរបួសផ្លូវចិត្ត និងស្ថានភាពអាហារូបត្ថម្ភរបស់ជនរងគ្រោះ។ អត្ថបទនេះនឹងធ្វើការស្វែងយល់ពីស្លាកស្នាមនៃរបួសផ្លូវចិត្ត និងការអត់ឃ្លាន ជះឥទ្ធិពលដល់សុខភាពផ្លូវចិត្ត និងស្ថានភាពអាហាររូបត្ថម្ភរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ ជាមួយគ្នានេះដែរ សូមចូលរួមអំពាវនាវឲ្យមានការស្រាវជ្រាវជារួម និងការបោះពុម្ពអំពីវិធីសាស្ត្រថែទាំសុខភាពដល់អ្នករស់រានមានជីវិតបន្ថែមទៀត។

ការចងចាំនៃរបបខ្មែរក្រហម មិនអាចខ្វះបាននូវការធ្វើពលកម្មដោយបង្ខំ ការបែកបាក់គ្រួសារដោយបង្ខំ ការសម្លាប់មនុស្ស និងការបង្អត់អាហារ ដែលបានបន្សល់នូវស្លាកស្នាមផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់អ្នករស់រានមានជីវិត។ មានការសិក្សាថ្មីៗនេះបានរកឃើញថា ប្រមាណជា ៣០-៤៣ភាគរយនៃរស់រានមានជីវិតពីរបបខ្មែរក្រហមមានជំងឺបាក់ទឹកចិត្ត និងថប់បារម្ភ ដែលក្នុងនោះជំងឺបាក់ស្បាត (PTSD) នៅតែបន្តរីករាលដាលក្នុងចំណោមប្រជាជនខ្មែរ ក៏ដូចជាជនជាតិភាគតិចមួយចំនួនដែលរស់នៅក្នុងប្រទេសកម្ពុជា[1]។ លើសពីនេះទៅទៀត ជំងឺទុក្ខព្រួយរ៉ាំរ៉ៃ ឬការឈឺចាប់យូរអង្វែង (PGD) ត្រូវបានរកឃើញ ១៤,៣ភាគរយ នៃអ្នករស់រានមានជីវិត ដែលជារឿយៗជំងឺនេះតែងតែកើតឡើងស្របនឹងស្ថានភាពសុខភាពផ្លូវចិត្តដទៃទៀត[2]

នៅតាមទីជនបទដាច់ស្រយាល ផ្នែកសេវាសុខភាពផ្លូវចិត្តនៅមានការខ្វះខាតយ៉ាងខ្លាំង។ ក្នុងនោះដែរអ្នករស់រានមានជីវិតដែលរស់នៅតាមទីជនបទ នៅតែបន្តជំនឿប្រពៃណីផ្សេងៗទៅលើអ្នកជំងឺផ្លូវចិត្ត ដោយផ្អែកទៅលើជំនឿអរូបី ដូចជា មានវិញ្ញាណសណ្ឋិត ដែលបណ្តាលឲ្យមានការពន្យារពេលព្យាបាល[3]

គោលនយោបាយបង្កើតសហករណ៍ ធ្វើការងាររួម ហូបអាហារួម រស់នៅរួម នៃរបបខ្មែរក្រហម បណ្តាលប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធចំណីអាហារ (ការបង្ករបង្កើនផល សង្វាក់ផលិតកម្ម ការបែងចែក ឬចែកចាយ ការរៀបចំ និងទទួលទានអាហារ) និងរីករាលដាលនៃកង្វះអាហារូបត្ថម្ភ។ អ្នករស់រានមានជីវិតបានស៊ូទ្រាំនឹងការអត់ឃ្លាន ជាពិសេសនៅពេលនៃការផ្លាស់ប្តូរ និងអភិវឌ្ឍន៍ប្រទេស។ រយៈពេល ៣ឆ្នាំ រស់នៅក្នុងរបបខ្មែរក្រហម គឺជារយៈពេលមួយវែងគ្រប់គ្រាន់ដល់ការឈប់លូតលាស់នៃសារីរាង្គកាយ (ស្គមរីងរៃ) ការចុះខ្សោយនៃប្រាជ្ញា ជំងឺក្រពះ ពោះវៀនរ៉ាំរ៉ៃ និងជំងឺមិនឆ្លងមួយចំនួនដូចជា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម[4]។ មានការសង្កេតឃើញថា ផលប៉ះពាល់នៃកង្វះអាហារូបត្ថម្ភរបស់ម្តាយ បានបន្តដល់កូនដែលបង្កកំណើតក្នុងផ្ទៃម្តាយ ជារឿយៗប្រឈមនឹងការទទួលបានអាហារូបត្ថម្ភពីម្តាយនៅមានកំណត់ បន្ថែមពីនេះទៀត ត្រូវបានរកឃើញថា កុមារទាំងនោះមានបញ្ហាផ្លូវចិត្តស្រដៀងគ្នានឹងម្តាយ។

បើនិយាយអំពីទំនាក់ទំនងរវាងអាហារូបត្ថម្ភ និងសុខភាពផ្លូវចិត្តជារួម គឺមានភាពស្មុគស្មាញ។ កង្វះអាហារូបត្ថម្ភ អាចប៉ះពាល់ដល់ការផ្លាស់ប្តូរនៃប្រព័ន្ធប្រសាទដែលនាំបណ្តាលឲ្យមានជំងឺបាក់ទឹកចិត្ត ជំងឺថប់បារម្ភ និងការចុះខ្សោយបញ្ញា[5]។ ផ្ទុយទៅវិញ ជំងឺបាក់ទឹកចិត្ត និងជំងឺបាក់ស្បាត អាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ចំណង់អាហារ ដែលមិនអាចទទួលទានអាហារបានគ្រប់គ្រាន់ ខ្វះការយកចិត្តទុកដាក់ថែទាំខ្លួនឯង និងប៉ះពាល់ដល់សុខភាពទាំងមូល[6]។ ចំពោះអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានជំងឺបាក់ស្បាត បានបង្កឲ្យខូចខាតនូវការស្រូបយក ប្រូតេអ៊ីន វីតាមីន និងសារជាតិរ៉ែ ពីចំណីអាហារដើម្បីផ្គត់ផ្គង់សារពាង្គកាយមិនបានល្អ និងខូចមុខងារបំលែងចំណីអាហារ ដោយសារការខូចប្រព័ន្ធគ្រប់គ្រងស្ត្រេសរបស់សីរីរាង្គ (HPA) រយៈពេលយូរ[7]

ការរកឃើញខាងលើនេះ មានការពាក់ព័ន្ធជាខ្លាំងនៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះដែល មានកិច្ចការជាច្រើនដែលផ្តោតលើការទប់ស្កាត់ និងជួយជ្រោមជ្រែងផ្នែកចិត្តសាស្ត្រ និងអាហារូបត្ថម្ភ ដាច់ដោយឡែកពីគ្នា។ វិធីសាស្ត្រការព្យាបាលសុខភាពទូទៅដែលផ្តោតលើទំនាក់ទំនងនៃបញ្ហាផ្លូវចិត្ត និងរាង្គកាយរួមគ្នា គឺចាំបាច់សម្រាប់ការធ្វើឲ្យជាសះស្បើយ និងប្រសើរឡើងវិញនូវស្ថានភាពសុខភាព និងស្ថេរភាពរស់នៅរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

ក្នុងបរិបទសង្គមកម្ពុជា នៅតែបន្តនូវជំនឿដែលទាក់ទងនឹងវិញ្ញាណ ក៏ដូចជា ការប្រើប្រាស់ឱសថបូរាណក្នុងការព្យាបាលជំងឺផ្សេង។ ក្នុងនោះដែរ ជំងឺផ្លូវចិត្ត តែងតែភ្ជាប់ជាមួយនូវបញ្ហា ជំនឿអរូបី និងវិញ្ញាណ ដែលឈានដល់ការទទួលយកការព្យាបាលមិនបានឌិតដល់ និងមិនត្រឹមត្រឹម[8]។ មិនតែប៉ុណ្ណោះ ការរើសអើងដល់អ្នកជំងឺផ្លូវចិត្ត និងស្ថានភាពក្រីក្រ បានបន្ថែមនូវសម្ពាធផ្លូវចិត្តកាន់តែធ្ងន់ធ្ងរឡើង ដែលបណ្តាលឲ្យអ្នកជំងឺ និងក្រុមគ្រួសារមិនហ៊ានទទួលកាលព្យាបាលដោយបើកចំហរ។ ដូច្នេះ មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានសហការជាមួយ អង្គការចិត្តសង្គម អន្តរវប្បធម៌ (TPO) ដើម្បីធ្វើកិច្ចការផ្តល់សេវាព្យាបាលសុខភាពផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅតាមផ្ទះ និងមូលដ្ឋាន។

ស្នាមរបួសដែលបានបន្សល់ពីរបបខ្មែរក្រហម មិនមែនគ្រាន់តែទុកជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងបានបន្សល់ទុកនូវការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ រូបរាង្គកាយ និងផ្លូវចិត្តអ្នករស់រានមានជីវិតពីរបបនេះ។ ការស្វែងយល់ស៊ីជម្រៅនៃទំនាក់ទំនងរវាងបញ្ហាផ្លូវចិត្ត និងកង្វះអាហារូបត្ថម្ភ អាចជួយដោះស្រាយ និងបង្ហាញផ្លូវ ដើម្បីបង្កើតយុទ្ធសាស្ត្រក្នុងថែទាំសុខភាពបានចំគោលដៅ មានប្រសិទ្ធភាពខ្ពស់ជាងមុនតាមតម្រូវការ និងការធ្វើឲ្យប្រសើឡើងដល់ស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហ។ មិនតែប៉ុណ្ណោះ ការស្វែងយល់ពីវប្បធម៌ និងបរិបទរស់នៅរបស់អ្នករស់រានជីវិត ជាពិសេសនៅតាមជនបទដាច់ស្រាល គឺជាកិច្ចចាំបាច់ដល់ការជួយព្យាបាលជំងឺផ្លូវចិត្ត ក៏ដូចជា ជំងឺបាក់ស្បាតដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម៕

អត្ថបទដោយ គឹម សុវណ្ណដានី


[1] សូម៉ាស៊ុនដារ៉ាម, D., (២០១០)។ ការចងក្រងនៃរបួសផ្លូវចិត្តនៅក្នុងប្រទេសស្រីលង្ការប៉ែកខាងជើង៖ ការសិក្សា qualitative psychosocial-ecological, ២២។

[2] នីកស្គឺសុន, A., ប្រាយអេន, R. A., ស៊ីឡូវ, D., និង ស្ទៀល, Z. (២០១៣)។ ការពិនិត្យឡើងវិញដោយស៊ីជម្រៅ នៃការព្យាបាលផ្លូវចិត្តសម្រាប់ជំងឺបាក់ស្បាតលើជនភៀសខ្លួន,​ ១០២០-១០៣០។

[3] វ៉ាន់ ឌឺ ពុត, W., និង អីសេនប្រុច, M. (២០០២)។ ការផ្លាស់ប្តូរទីលំនៅក្នុងប្រទេសនៃប្រជាជនកម្ពុជា៖ ការព្យាបាលរបួសផ្លូវចិត្តក្នុងសហគមន៍, ១៣-១៤។

[4] មជ្ឈមណ្ឌលឯកសារកម្ពុជា (២០២០)។ សិទ្ធិ និងស្ថានភាពសុខភាព របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។

[5] ចាកា, F. N., និងអ្នកនិពន្ធទាំងអស់ (២០១៥)។ វិធីសាស្ត្រសិក្សា Randomised controlled trial នៃការធ្វើឲ្យប្រសើឡើងនៃរបបអាហារសម្រាប់មនុស្សពេញវ័យដែលមានបញ្ហាបាក់ទឹកចិត្ត (the ‘SMILES’ trial), ២៣។

[6] ហ៊ីនតុន, D. E., នីកស្គឺសុន, A., & ប្រាយអេន, R. A. (២០២១)។ ជំងឺទុក្ខព្រួយរ៉ាំរ៉ៃ ជំងឺបាក់ទឹកចិត្ត និងជំងឺបាក់ស្បាត ក្នុងចំណោមជនភៀសខ្លួនរបស់កម្ពុជា, ១៦៥០-១៦៥៦។

[7] យ៉ីហុដា, R., និងអ្នកនិពន្ធទាំងអស់ (២០១៥)។ Epigenetic biomarkers ឧបករណ៍ព្យាករណ៍ និងទំនាក់ទំនងនៃការធ្វើឲ្យប្រសើរឡើងនៃរោគវិនិច្ឆ័យដោយការព្យាបាលចិត្តសាស្ត្រនៃការប្រយុទ្ធនឹងជំងឺបាក់ស្បាត, ១១១។

[8] វ៉ាន់ ឌឺ ពុត, W., និង អីសេនប្រុច, M. (២០០២)។ ការផ្លាស់ប្តូរទីលំនៅក្នុងប្រទេសនៃប្រជាជនកម្ពុជា៖ ការព្យាបាលរបួសផ្លូវចិត្តក្នុងសហគមន៍, ១៣-១៤។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin