ហង់ ហឿន៖ កម្មកររោងចក្រកាត់ដេរ នៅឫស្សីកែវ ក្រុងភ្នំពេញ

ឆ្នាំ១៩៧៥ ហឿន ត្រូវបានអង្គការ[1]ចាត់តាំងចូលបម្រើការក្នុងអង្គភាពកាត់ដេរ។ បីថ្ងៃក្រោយមានគ្រូបង្រៀនម្នាក់មកជួយណែនាំពីរបៀបកាត់ ក្រណាត់ ការជ្រើសរើសពណ៌ក្រណាត់ឲ្យត្រូវតម្រូវការក្នុងសម័យខ្មែរក្រហម។ នៅក្នុងរោងចក្រកាត់ដេរមានកម្មករសរុបប្រហែលជា២០០នាក់។ ខែឧសភា ឆ្នាំ១៩៧៦ អង្គភាពកាត់ដេរនៅឫស្សីកែវ ក្រុងភ្នំពេញ ជ្រើសរើសកម្មករកាត់ដេរចំនួន២០នាក់ ត្រៀមខ្លួនសម្រាប់ទទួលគណៈប្រតិភូនៅព្រលានយន្តហោះពោធិ៍ចិនតុង។ ក្នុងចំណោម២០នាក់ ហឿន ក៏បានចូលរួមទទួលគណៈប្រតិភូ។
ហង់ ហឿន[2] ភេទស្រី អាយុ៤៧ឆ្នាំ។ ហឿន មានប្ដីឈ្មោះ លាភ មានកូនបីនាក់ សព្វថៃ្ង ប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិគក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ ហឿន មានឪពុក ឈ្មោះ ហ៊ុយ ម្ដាយឈ្មោះ ពៅ មានបងប្អូន២នាក់។
ហឿន ធ្លាប់រៀនសូត្រនៅសាលាវត្ដពុទ្ធនិព្វាន ត្រឹមថ្នាក់ទី១០ចាស់។ ហឿន ឈប់រៀននៅពេលកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ។ ពេលប្រទេសជាតិកើតមានសង្គ្រាម ទម្លាក់គ្រាប់បែកគ្រួសារ ហឿន បានជម្លៀសទៅរស់នៅភូមិផេ្សង ប្រហែលជាមួយឆ្នាំបានត្រឡប់មកស្រុកកំណើតវិញ។
នៅឆ្នាំ១៩៧៣ ហឿន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈ ឈ្មោះ វិន និង ឈ្មោះ វី បន្ទាប់មកអង្គការចាត់តាំងឱ្យធ្វើជាយោធាស្រុក និង បញ្ជូនទៅតំបន់ ចូលសមរភូមិ ជាមួយទាហាន លន់ នល់។ ហឿន ជាស្រ្ដីមិនទាន់បានទៅសមរភូមិទេ អង្គការចាត់តាំងឱ្យជញ្ជូនគ្រាប់ និងស្បៀងអាហារ។ ត្រឡប់មកពីជញ្ជូន គ្រាប់ ឬសែងយោធាមានរបួស និងស្លាប់ជាច្រើននាក់ពេលវាយជាមួយទាហាន លន់ នល់។
ចុងឆ្នាំ១៩៧៤ ជិតបែកទីក្រុងភ្នំពេញ ហឿន នៅភ្នំបាសិទ្ធជាមួយកងទ័ពខ្មែរក្រហម ត្រៀមដឹកជញ្ជូនអាវុធ គ្រាប់កាំភ្លើង ចេញពីឃ្លាំង បញ្ជូនទៅខ្សែត្រៀមបន្ត។ ខ្សែត្រៀមខ្មែរក្រហមរៀបចំច្រើនកន្លែង ដើម្បីត្រៀមវាយជាមួយទាហាន លន់ នល់។ កងទ័ពទាំងអស់ ត្រូវមានកាំភ្លើងកានគ្រប់ដៃ ទាំងស្រី និងប្រុស។ កាំភ្លើងក្នុងសម័យនោះ ភាគច្រើនកាំភ្លើងអាកា (AK) ហឿន ក៏កាន់កាំភ្លើងអាកា។ ហឿន បន្ទាប់ពីឈប់ជញ្ជូនគ្រាប់ ត្រូវដាំបាយ ស្ល សម្រាប់កងទ័ព។ ក្រុមកងទ័ពប្រុសៗមួយចំនួនធំត្រូវបានខ្មែរក្រហមជ្រើសរើសទៅសមរភូមិមុខ ត្រៀមវាយប្រយុទ្ធ ហើយស្រីៗ នៅជញ្ជូនអាវុធ។ ហឿន និយាយថា នៅភ្នំបាសិទ្ធមានកងទ័ពត្រៀមជាច្រើនក្រុម ស្នាក់នៅដាច់ដោយឡែកពីគ្នា ខ្លះនៅលើកភ្នំបាសិទ្ធ ក្រុមខ្លះនៅខាងត្បូងភ្នំបាសិទ្ធ និងក្រុមខ្លះនៅខាងជើងភ្នំបាសិទ្ធ។ ការរស់នៅអត់មានផ្ទះសំបែង កងទ័ពបោះជំរំ ធ្វើជាខ្ទម គ្រាន់អាចជ្រកទឹកភ្លៀងបាន។
សមរភូមិចេះតែវាយចូលបន្ដិចម្ដងៗតាមភ្នំបាសិទ្ធ រហូតទទួលជ័យជម្នះនៅថៃ្ងទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ពេលនោះប្រជាជននាំគ្នារត់ចេញមកតាមជាយៗក្រុង និងបន្ដដំណើរទៅតំបន់ផេ្សងៗ ដែលខ្មែរក្រហមកំណត់។
បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះ លើរបប លន់ នល់ មានឡានមួយគ្រឿងដឹកកងទ័ពចេញពីភ្នំបាសិទ្ធ ធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញ។ ហឿន ត្រូវបានខ្មែរក្រហមឲ្យស្នាក់នៅស្តាតចាស់ ក្រុងភ្នំពេញ រយៈពេលមួយខែ។ ទីក្រុងភ្នំពេញទាំងមូលស្ងាត់អត់មានមនុស្សរស់នៅ។ កងទ័ពខ្មែរក្រហមចាប់ផ្តើមបោសសម្អាតទីក្រុង ប្រមូលរបស់របរដាក់ដោយឡែកពីគ្នា។ ផ្ទះនីមួយៗ ត្រូវបានបិទទ្វារ គ្មានមនុស្សរស់នៅសូម្បីម្នាក់។
ឆ្នាំ១៩៧៥ ហឿន ខ្មែរក្រហមជម្លៀសចេញពីស្តាតចាស់ ឲ្យមកស្នាក់នៅម្ដុំឫស្សីកែវ ខ្មែរក្រហមចាត់មនុស្សឲ្យដើរបោសសម្អាតផ្ទះសំបែងនៅទីក្រុង។ ចំណែកហឿន អង្គការចាត់តាំងចូលអង្គភាពកាត់ដេរ។ បីថ្ងៃក្រោយមានគ្រូបង្រៀនម្នាក់មកជួយណែនាំពីរបៀបកាត់ ក្រណាត់ ការជ្រើសរើសពណ៌ក្រណាត់ឲ្យត្រូវតម្រូវការក្នុងជំនាន់នោះ។ ហឿន ត្រូវហាត់រៀនអស់ រយៈពេលចំនួនកន្លះខែ ទើបអង្គភាពរៀបចំកន្លែងមួយសម្រាប់កាត់ដេរ។ សម្លៀកបំពាក់ កាត់ដេរមានពណ៌ខ្មៅទាំងអស់។ សម្លៀកបំពាក់ទាំងនោះត្រូវបានដឹកទៅដាក់តាមអង្គភាព ឬតាមសហករណ៍ សម្រាប់ចែកជូនប្រជាជនតាមតំបន់ ជាពិសេសកម្មករ កសិករធ្វើស្រែចម្ការ។ រយៈពេលមួយខែ ទើបប្រធានអង្គភាពកាត់ដេរចុះមកពិនិត្យអង្គភាពកាត់ដេរនៅឫស្សីកែវម្តង។
នៅខែឧសភា ឆ្នាំ១៩៧៦ អង្គភាពកាត់ដេរនៅម្តុំឫស្សីកែវ ក្រុងភ្នំពេញ ឲ្យកម្មករកាត់ដេរចំនួន២០នាក់ត្រៀមខ្លួនសម្រាប់ទទួលគណៈប្រតិភូនៅព្រលានយន្តហោះពោធិ៍ចិនតុង។ ឡានចំនួនពីរគ្រឿងដឹកកម្មករកាត់ដេរនៅអង្គភាពរោងចក្រទៅទទួលគណៈប្រតិភូ។ ហឿន មិនស្គាល់គណៈប្រតិភូសូម្បីថ្ងៃទទួលមិនបានឃើញមុខ ព្រោះមនុស្សច្រើន។ ការទៅទទួលគណៈប្រតិភូអង្គការជាអ្នកចាត់តាំងឲ្យអង្គុយតុខាងក្រោយ។
បន្ទាប់មកទៀត ហឿន ត្រូវអង្គការរៀបចំឱ្យកាត់ដេរសម្លៀកបំពាក់ ដូចជាខោ អាវ ពណ៌ខ្មៅៗ ជាច្រើនសម្រាប់បញ្ជូនឱ្យអង្គការថ្នាក់លើ។ នៅក្នុងរោងចក្រកាត់ដេរមានកម្មករសរុបប្រហែលជា២០០នាក់។ អង្គភាពកាត់ដេរ មុនចូលធ្វើការមានគ្រូបង្រៀនផ្នែកកាត់ដេរឱ្យចេះសិន បន្ទាប់មកទៀត អង្គភាពបានបញ្ជូនមកម្ដុំសឹ្ទងមានជ័យវិញ។
នៅឆ្នាំ១៩៧៧ ខ្មែរក្រហមជម្លៀស ហឿន ចេញពីរោងចក្រកាត់ដេរឫស្សីកែវ ឲ្យទៅស្ទឹងមានជ័យ បន្តការងារកាត់ដេរ និងដាំបន្លែ។ ពេលទំនេរពីកាត់ដេរ អង្គការឲ្យកម្មករនាំគ្នាដាំសៃ្ពចង្កឹះ សៃ្ពក្រញ៉ាញ់ ដាំត្រសក់ សម្រាប់ផ្គត់ផ្គង់អាហារក្នុងអង្គភាព។ រីឯការហូបចុកមិនសូវជាពិបាកទេ។ នៅជំនាន់ខែ្មរក្រហមយូរៗម្ដង ហឿន ត្រូវបានអង្គភាពជ្រើសតាំងស្លៀកពាក់ស្អាតដើម្បីទៅទទួលភ្ញៀវជាតិ និងអន្ដរជាតិចុះពីលើយន្តហោះនៅព្រលានយន្ដហោះពោធិ៍ចិនតុង។ នៅក្នុងរបបខែ្មរក្រហមកម្មាភិបាលមួយចំនួន អង្គការចាប់យកទៅបាត់គ្មានឃើញត្រឡប់មកវិញទេ ជាពិសេសប្រធានរោងចក្រជាដើម។
កម្មកររោងចក្រមាន១០នាក់ ខ្មែរក្រហមដឹកចេញពីរោងចក្រកាត់ដេរឫស្សីកែវ ទៅក្រពើហា ឃុំព្រែកឫស្សី ស្រុកតាខ្មៅ ខេត្តកណ្តាល និងឃុំព្រៃស ដើម្បីទៅលុតដំ។ ហឿន នៅកងរែកដី លើកទំនប់ធ្វើការអត់មានពេលឈប់សម្រាក។ បន្ទាប់មកផ្លាស់ចេញពីលើកទំនប់ឲ្យទៅចិញ្ចឹមមាន់រយៈពេល៥ខែ។ ពីមួយថ្ងៃទៅមួយថ្ងៃ នៅកន្លែងធ្វើការងារមនុស្សចេះតែបាត់ ដោយសារខ្មែរក្រហមជម្លៀសចេញពីក្រពើហា ឃុំព្រែកឫស្សី។ ពេលខ្មែរក្រហមដឹកមនុស្សចេញពីកន្លែងការដ្ឋាន ហឿន គិតថាច្បាស់ជាចាប់ទៅសម្លាប់ ហើយប្រជាជននៅក្នុងការដ្ឋាន បានឃើញខ្មែរក្រហមខ្សឹមខ្សៀវគ្នា។ ហឿន មានអារម្មណ៍ច្បាស់ជាមិនស្រួលទេ។ ខ្ញុំប្រឹងធ្វើការងារ មើលថែមាន សម្អាតទ្រុងមាន់ ហើយមានតួនាទីមើលថែមាន់ចំនួន៦០ក្បាលម្នាក់ឯង។ ពីរសប្តាហ៍អង្គការកោះហៅទៅប្រជុំម្តង និយាយពីការកសាងខ្លួន ធ្វើការងារខ្លួនឲ្យល្អ មិនបាច់ជួយអ្នកដទៃទាំងដែលការងារខ្លួនមិនទាន់រួចរាល់។ ខ្ញុំអ្នកមើលខុសត្រូវមាន់ ព្រឹកឡើងបោសសម្អាតកន្លែងទ្រុងមាន់ ជុំវិញ រួចដាក់ទឹក ដាក់ចំណី នៅក្នុងមួយថ្ងៃពីរពេល។
រយៈពេល៥ខែ ខ្ញុំមានតួនាទីចិញ្ចឹមមាន់ វេទនាការហូបចុក នៅក្នុងមួយថ្ងៃបើករបបចំនួនពីរពេល ហើយហូបមិនគ្រាប់គ្រាន់ ភាគច្រើនហូបបបរ។
នៅឆ្នាំ ១៩៧៩ ហឿន បានរត់ចូលពៃ្រ មួយរយៈក៏រកផ្លូវត្រឡប់មកស្រុកកំណើតវិញ។ មកដល់ផ្ទះបានជួបជុំគ្រួសារទាំងអស់គ្នា។ ក្រោយមកគ្រួសារខ្ញុំចាប់ផ្តើមធ្វើស្រែចម្ការ រហូតសព្វថ្ងៃ៕
អត្ថបទដោយ ឈុំ រ៉ា
[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, “មន្ទីរ៨៧០ ៖ សេចក្តីណែនាំអំពីរ ប្រើពាក្យអង្គការ និងពាក្យបក្ស” ចេញផ្សាយថ្ងៃទីទី១១ ផ្សាយថ្ងៃទីទី១១ ខែកក្កដា ឆ្នាំ១៩៧៧, ឯកសារលេខ ០០១ ០០១២៦៦។ «ពាក្យអង្គការ ឬពាក្យបក្ស» ប្រើតែចំពោះតែអង្គការចាត់តាំងប៉ុណ្ណោះ មិនត្រូវប្រើសម្រាប់បុគ្គលឡើយ។ ចំពោះបុគ្គល ត្រូវប្រើពាក្យសមមិត្តឈ្មោះនេះ ឬសមមិត្តតំណែងនេះ ឬសមមិត្តតំណាងអង្គការថ្នាក់នេះ។ ឧទាហរណ៍ សមមិត្ត តេង សមមិត្តលេខា សមមិត្តតំណាងអង្គការ ។ល។”
[2] ឯកសារលេខ KSI០០៥៨ តម្កល់ទុកនៅមជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសដោយ សារិន វីរៈ។ គំណត់សម្គាល់ ជួបជាមួយ ហង់ ហឿន អាយុ ៤៧ ឆ្នាំ ម្ចាស់ប្រវត្តិរូប រស់នៅភូមិគកឃុំព្រះនិពាន្ធ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៥។