ហូបតែបបរ

តៅ សៀកលាង ភេទប្រុស មានអាយុ៦៨ឆ្នាំ មានទីលំនៅ នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

នៅឆ្នាំ១៩៧៣ សៀកលាង មានតួនាទីជាគ្រូពេទ្យ។​ ពេល​ដែលខ្មែរក្រហមចូលកាន់អំណាច នៅឆ្នាំ១៩៧៥ គាត់ផ្លាស់មកធ្វើការនៅក្នុងការដ្ឋានវិញ។ នៅក្នុងរបបខ្មែរក្រហម គាត់មានអាយុប្រហែលជាជិត២០ឆ្នាំ។

គាត់បាននិយាយថា នៅក្នុងមួយថ្ងៃៗ គាត់ធ្វើការមិនសូវមានពេលសម្រាកនោះទេ ពីព្រឹកព្រលឹមរហូតដល់យប់ មានពេលសម្រាកតែពេលហូបអាហារបន្តិចប៉ុណ្ណោះ។ របប​​អាហារនៅក្នុងរបបនោះ គឺមានត្រឹមតែបបរម្នាក់មួយកូនចាន មិនមានអ្វីលើសពីនោះឡើយ។ ប្រជាជនគ្រប់រូបសឹងតែមិនមានកម្លាំងក្នុងការធ្វើការនោះទេ ព្រោះរបបអាហារមិនសមល្មម ដែលអាចទ្រាំទ្រជាមួយនឹងការងារ  បាន។ គាត់បាននិយាយថា៖ «ហូបតែបបរយូរទៅចេះតែហេវទៅៗ។ អត់មានកម្លាំងចេះតែស្គមទៅៗ រហូតដល់ថាដើរបញ្ច្រាស់ខ្យល់ខែកត្ដិកអីហ្នឹងស្ទើរតែនឹងដាច់ផ្ងារក្រោយ»

គាត់បានប្រាប់បន្ថែមថា គាត់មិនធ្លាប់បានឃើញអង្គការសម្លាប់មនុស្សផ្ទាល់នឹងភ្នែករបស់គាត់ឡើយ ប៉ុន្តែជាធម្មតាគឺឲ្យតែមានប្រជាជនណាម្នាក់មានជាប់ខ្សែរជាមួយជនជាតិវៀតណាម នោះអង្គការនឹងចាប់យកទៅស្លាប់ចោល។ ការសម្លាប់មនុស្សនៅក្នុងរបបនោះគឺមានភាពឃោរ​ឃៅ​ជាខ្លាំង ព្រោះប្រជាជនខ្លះមិនមានកំហុសអ្វីសោះឡើយ ការសម្លាប់មិនរើសមុខ មិនថាអ្នកនោះមានឋានៈជាអ្វី ឲ្យតែអ្នកដែលធ្លាប់មានតួនាទី ឋានៈបុណ្យសក្ដិពីរបបសង្គមចាស់ ឬរបប លន់ នល់ មិនថា ជាមន្ត្រីរាជការ គ្រូបង្រៀន អ្នកមូលធននិយម គ្រូពេទ្យ និងអ្វីផ្សេងទៀត។

សៀកលាង និងប្រជាជនដទៃទៀត ចេះតែមានចម្ងល់នៅក្នុងចិត្ត ព្រោះប្រជាជន ដែលអង្គការនាំទៅទាំងប៉ុន្មានមិនដែលឃើញវិលត្រឡប់មកវិញឡើយ។ នៅពេលអង្គការចង់នាំនរណាម្នាក់ទៅគឺតែងតែប្រាប់ថា នាំទៅធ្វើត្រីប្រហុក ទៅរៀនសូត្រ ឬផ្លាស់ទីលំនៅជាដើម។ គាត់បាននិយាយថា៖ «ហាក៎, មិត្តហ្នឹងដូចធ្លាប់ធ្វើពេទ្យសោះម៉េចបានបាត់? មានអ្នកគេខ្សឹបប្រាប់ថា គេផ្លាស់ទៅធ្វើការណាបាត់ហើយ អ្នកខ្លះគាត់ខ្សឹបថា ណាគេកូនកាត់យួនគេវ៉ៃចោលហើយ»

សៀកលាង បានផ្ដាំមកកាន់ក្មេងៗជំនាន់ក្រោយថា ចូរកុំភ្លេចប្រវត្តិសាស្រ្ត ដែលធ្លាប់កើតមានកន្លងមក​ ​ពិសេស​​នោះគឺរបបខ្មែរក្រហម ដែលបានធ្វើបាបប្រជាជនកម្ពុជាយើងនេះ រហូតដល់សម្លាប់អស់ជាច្រើននាក់។ ចូរយើងទាំងអស់គ្នាកុំបំភ្លេច ត្រូវតែចងចាំ៕

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin