ខ្មែរក្រហមតាមដានប្រជាជនដែលមានជំងឺ

ពាន់ សំបឿង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(បាត់ដំបង)៖ ពាន់ សំបឿង អាយុ ៦០ឆ្នាំ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង សព្វថ្ងៃប្រកបរបរជាជាងសំណង់។

នៅក្នុង​របបខ្មែរក្រហម​គាត់ធ្វើការនៅតាមកងចល័ត ក្រុមទី១៣ ដែលត្រូវទៅលើកដីតាមប្រឡាយឬទំនប់ អាងកំពីងពួយ និងអាងម៉ាឈិត។ សម្រាប់ការហូបចុកនៅសម័យនោះវិញ មានតែបបរមួយវែក និងសម្លក្រកួនលាយជាមួយអំបិលប៉ុណ្ណោះ។ នៅពេលគាត់ឈឺគ្រុនម្តងៗ មានគេតាមដាន ប្រសិន​បើ​រកឃើញថាកុហក ខ្មែរក្រហមនឹងយកមនុស្សទៅកសាង ដោយចោទថាមានជំងឺគ្រុនសតិអារម្មណ៍។

សំបឿង បានឆ្លងកាត់និងរស់រានមានជីវិតពីរបបខ្មែរក្រហម ដោយសារតែនៅថ្ងៃមួយ ឪពុកម្តាយរបស់គាត់បានកុហកថា រត់គេចខ្លួនពីកងទ័ពវៀតណាម និងប្រាប់ទាហានខ្មែរក្រហមនៅអាងកំពីងពួយឲ្យជួយ។ តាមការពិតគាត់បានរត់គេចខ្លួនពីទាហានខ្មែរក្រហមពីកន្លែងផ្សេង។ មនុស្សជាច្រើនដែលខ្មែរក្រហមចាប់បាន អ្នកទាំងនោះត្រូវបានខ្មែរក្រហមយកទៅសម្លាប់ និងរំលោភបំពាន ជាពិសេសទៅលើអ្នកដែលមកពីទីក្រុង ឬអ្នកថ្មី នៅឯភូមិពពាលខែ។

ចំពោះការកាត់​ទោស​មេដឹកនាំខ្មែរក្រហម​ ភរិយារបស់សំបឿង បានលើកឡើងថា «មេដឹកនាំទាំងនោះបានត្រឹមតែជាប់ពន្ធធាគារ» និងថែមទាំងទទួលបានការមើលថែពិនិត្យព្យាបាលសុខភាពយ៉ាងដិតដល់។ ភរិយារបស់គាត់បានបន្តទៀតថា «ដេកស្រួលស៊ីស្រួល»។

ការព្រាត់ប្រាស ការបែកបាក់មិនបានជួបជុំ និងទទួលស្គាល់ឪពុកម្តាយ ការធ្វើការងារហួសកម្លាំងនៅតាមកងចល័ត និងការរស់នៅយ៉ាងពិបាក បានធ្វើឲ្យអ្នករស់រានមានជីវិតដូចជារូបគាត់ចាំមិនភ្លេចនូវរឿងរ៉ាវ ការឈឺចាប់នាសម័យនោះ។  សំបឿង បាននិយាយថា គាត់ដេកតាមរោងចំបើង នៅឯស្រុកថ្មគោល ដោយគ្មានភួយសម្រាប់ដណ្ដប់នៅរដូវរងា។

គាត់សង្ឃឹមថាមានតែចាស់ៗទេ ដែលអាចពន្យល់ក្មេងៗ​​ពីរឿងរ៉ាវនៅសម័យខ្មែរក្រហម ដូចជាការកាប់សម្លាប់ ការបំបែកបំបាក់ចេញពីឪពុកម្តាយ និងការហូបចុកមិនគ្រប់គ្រាន់ ដល់អ្នកជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិសាស្ត្ររបស់ខ្លួន។ ការធ្វើការហួសកម្លាំងពីសម័យខ្មែរក្រហម បូករួមទាំងការធ្វើសំណង់នៅពេលបច្ចុប្បន្ន បានធ្វើឲ្យគាត់មានជំងឺឈឺសន្លាក់ ពុកឆ្អឹង ឈឺចង្កះ និងខ្វះថវិកាសម្រាប់ការពិនិត្យព្យាបាល។ កត្តាផ្សេងទៀត ដែលកំពុងប៉ះពាល់ សំបឿង មានដូចជាការចំណាយខ្ពស់សម្រាប់សេវាសុខភាព និងការធ្លាក់ចុះនៃសេដ្ឋកិច្ចគ្រួសារនៅកំឡុងពេលរីករាលត្បាលនៃជំងឺកូវីដ១៩៕

សម្ភាសន៍ដោយ លឿប សុផៃលីន ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១

អត្ថបទដោយ ស៊្រាង លីហ៊ួរ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin