ហូបបបរលាយជាមួយត្រពាំង
(ព្រះវិហារ)៖ សោក សុម៉ាលី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ គាត់ និងប្រជាពលរដ្ឋឯទៀតត្រូវបានខ្មែរក្រហមជម្លៀសចេញពីទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ឲ្យទៅធ្វើការតាមទីជនបទ។ ប្រជាពលរដ្ឋត្រូវធ្វើការងារគ្មានពេលឈប់សម្រាក។ ម្នាក់ៗខិតខំធ្វើការដកស្ទូង លើកដី ជីកប្រឡាយ និងការងារធ្ងន់ផ្សេងៗទៀត ទាំងយប់ទាំងថ្ងៃ ដោយសារខ្លាចគេយកគាត់សម្លាប់ចោល។ នៅពេលមួយ គាត់ហូបបបរលាយជាមួយត្រពាំង បណ្តាលឲ្យឈឺជិតពីរខែ មានអ្នកខ្លះបានបាត់បង់ជីវិត និងបែកបាក់គ្រួសារ។ ជាសំណាងល្អ គាត់បានជាសះស្បើយ រហូតរស់រានមានជីវិតដល់ថ្ងៃរំដោះ។
សព្វថ្ងៃ សោក សុម៉ាលី មានអាយុ ៦៣ ឆ្នាំ ជាកសិកររស់នៅភូមិស្រឡៃ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ បើតាមរយៈការចុះសួរសុខទុក្ខពីអ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជា គាត់មានជំងឺទឹកនោមផ្អែម និងឈឺសន្លាក់ដៃជើងប្រចាំកាយ ដោយយល់ថាកត្តាដែលមានជំងឺទាំងនេះអាចបណ្តាល មកពីការរងទុក្ខវេទនាក្រោមរបបខ្មែរក្រហម អាយុកាន់តែច្រើន កង្វះជីវជាតិ និង ការធ្វើការងារធ្ងន់ៗតាំងពីវ័យកុមារ និងបញ្ហាផ្សេងៗទៀតដូចជា បញ្ហាថវិកា និងពិបាកក្នុងការធ្វើដំណើរទៅមណ្ឌលសុខភាពជាដើម៕
សម្ភាសន៍ដោយ ភេទ សុភីម ថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣