ប្រជាជនហូបអង្ករគ្មានគុណភាព

ទូច យ៉ោន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម

(ព្រះវិហារ)៖ ជាអ្នករស់រានមានជីវិតម្នាក់ដែលបានឆ្លងកាត់សម័យសង្គ្រាមជាងបួនទសវត្សរ៍ ទូច យ៉ោន បានរៀបរាប់ពីប្រវត្តិដែលបានកើតឡើងចំពោះរូបគាត់ដល់អ្នកស្ម័គ្រចិត្តកម្ពុជានៃមជ្ឈមណ្ឌលឯកសារកម្ពុជានៅពេលចុះទៅសួរសុខទុក្ខគាត់អំពីបញ្ហាសុខភាព និងការចងចាំពីរបបខ្មែរក្រហម។ បច្ចុប្បន្ន យ៉ោន រស់នៅភូមិបរិបូណ៌ ឃុំភ្នំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ មានអាយុ ៦៥ ឆ្នាំ គាត់គឺជាជនរងគ្រោះម្នាក់ក្នុងចំណោម៥លាននាក់នៅសម័យនោះ។

ក្នុងវ័យប្រហែលជា ១៣ ឆ្នាំ គាត់ត្រូវធ្វើការដែលប្រើពលកម្មធ្ងន់ៗទាំងបង្ខំ ដូចជាការលើកដី ឬលើកទំនប់ នៅតាមភ្លឺស្រែចម្ភារ និងនៅតាមការដ្ឋានទំនប់នានា។ ជីវិតមួយថ្ងៃៗ ដឹងតែពីធ្វើការឥតឈប់សម្រាក ធ្វើការទាំងយប់ទាំងថ្ងៃ។ យ៉ោន និងអ្នកឯទៀត មិនមានពេលវេលាសម្រាប់បានជួបជុំឪពុកម្ដាយនោះទេ។ បើនិយាយពីការហូបវិញ គឺមានតែបបររាវ សូម្បីតែបន្លែក៏គ្មាននោះដែរ។ នៅសម័យនោះគេបរិភោគនៅតាមរោងបាយ ដែលមានមនុស្សចំនួនពី ៥០ ទៅ ១០០ នាក់ ហូបរួមគ្នា។ គាត់បានបញ្ជាក់ថា អង្ករដែលមានគុណភាពល្អគឺសម្រាប់នាំចេញ អង្ករដែលគ្មានគុណភាព គឺសម្រាប់ប្រជាជនបរិភោគ។

ដោយឡែកសម្រាប់អ្នកដែលខ្ជិល ឬមិនមានការតស៊ូចំពោះការងារ ត្រូវបានខ្មែរក្រហមយកទៅកសាង ដែលភាគច្រើនជាមនុស្សពេញវ័យ។ រៀងរាល់ល្ងាចឡើង មានការប្រជុំជាក្រុម និងក្រោយពីប្រជុំរួច ពេលខ្លះគាត់បានឃើញគេយកមនុស្សទាំងក្រុមៗទៅកសាង។ ប៉ុន្តែ យ៉ោន បានលើកឡើងពីការធ្វើទឹកប្រហុក និងបង្អែមសម្រាប់ការជុំជួបគ្នារៀងរាល់ថ្ងៃអាទិត្យ ដែលនេះជារឿងមួយដែលខុសប្លែកពីក្នុងចំណោមរឿងរ៉ាវនៃអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមឯទៀត៕

សម្ភាសន៍ដោយ ភេទ សុភីម ថ្ងៃទី ២0 ខែតុលា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin