ដំណើរជីវិត ញឹក ខាត់ អ្នករស់រានមានជីវិតក្នុងរបបខ្មែរក្រហម

ញឹក ខាត់ អាយុ៨២ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ញឹក ខាត់ ជាកសិករ បានរៀបរាប់រឿងរ៉ាវក្នុងរបបខ្មែរក្រហមប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាកាលពីឆ្នាំ ២០២២ ក្នុងគម្រោងស្តីពីការលើកកម្ពស់សិទ្ធិ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ថាខ្លួនមិននឹកស្មានថាមានជីវិតរស់ដល់សព្វថ្ងៃនេះទេ ដោយសារតែលក្ខខណ្ឌការងារ និងការហូបមិនគ្រប់គ្រាន់ ពិសេសពេល ញឹក ខាត់ មានជំងឺគ្រុនចាញ់ក្នុងព្រៃគ្មានថ្នាំព្យាបាលត្រឹមត្រូវ។ ក្នុងរបបខ្មែរក្រហម ញឹក ខាត់ ត្រូវបានជម្លៀសចេញពីស្រុកកំណើតក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តបាត់ដំបង(មិនចាំឃុំស្រុក) និងក្រោយៗមកទៀតគាត់ត្រូវបានជម្លៀសជាញឹកញាប់។ ពេលដល់ខេត្តបាត់ដំបងខ្មែរក្រហម បានឲ្យ ញឹក ខាត់ រស់នៅជាមួយគ្រួសារផ្សេងទៀតក្នុងសហករណ៍ និងប្រើ ញឹក ខាត់ ឲ្យដើរប្រមូលទ្រព្យសម្បត្តិមានតម្លៃដូចជា មាស ប្រាក់ ពីអ្នកភូមិដែលជម្លៀសមកជាមួយ ដើម្បីយកទៅឲ្យអង្គការ។

ក្នុងសហករណ៍ឯខេត្តបាត់ដំបងខ្មែរក្រហមបានចែកឲ្យ ញឹក ខាត់ និងគ្រួសារផ្សេងទៀតនូវ រទេះគោ និងគោ៤ក្បាល ដើម្បីធ្វើស្រែយកទិន្នផលជូនអង្គការ។ ក្រោយមកទៀតខ្មែរក្រហមក៏បានប្រើឲ្យ ញឹក ខាត់ និងអ្នកភូមិ៥-៦នាក់ទៀត ឲ្យមើលថែទាំក្មេងៗប្រហែល៨០០នាក់ ក្នុងកងកុមារដែលជាកូនៗរបស់អ្នកជម្លៀសមកពីស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ញឹក ខាត់ តែងតែប្រកែកជាមួយមេកងក្នុងកងកុមារជាញឹកញាប់ ចំពោះការងានេះដោយសារតែខ្លួនមានសុខភាពមិនល្អមិនអាចមើលថែទាំក្មេងៗទាំងអស់នោះបាន។ ញឹក ខាត់ បានលើកយកហេតុផលថា ខ្លួនមានជំងឺមិនអាចមើលថែទាំក្មេងៗដែលមានចំនួនច្រើនបែបនេះបានទេ ណាមួយខ្លួនក៏មិនធ្លាប់ធ្វើការងារនេះពីមុនមកដែរ។ ដោយសារលំបាកចំពោះការងារមើលថែទាំងក្មេងៗ ក្នុងសហករណ៍ខេត្តបាត់ដំបង ញឹក ខាត់ បានរត់ចេញពីសហករណ៍ ទៅរស់នៅជាមួយគ្រួសារមួយផ្សេងទៀតដែលមានប្រពន្ធមានផ្ទៃពោះ រួចក៏នាំគ្នាទៅរស់នៅក្នុងព្រៃ។ ការរស់នៅក្នុងព្រៃមានការលំបាកទាំងការស្នាក់នៅនឹងហូបចុក ក្រោយមកទៀត ញឹក ខាត់ និងគ្រួសារនោះបានចាកចេញពីព្រៃ និងបានទៅរស់នៅលើភ្នំមួយ។

ពេលទៅដល់រស់នៅលើភ្នំ ញឹក ខាត់ ក៏កើតជំងឺគ្រុនចាញ់ ស្ទើរស្លាប់ស្ទើរស់ តែជាសំណាងល្អមានទាហានខ្មែរក្រហម២នាក់បានឲ្យ ញឹក ខាត់ លេបថ្នាំ ទើបគាត់មានជីវិតរស់នៅដល់ថ្ងៃ។ ក្រោយមកទៀត ញឹក ខាត់ ក៏បន្តមករស់នៅជាមួយគ្រួសារនោះ។

ក្នុងរបបខ្មែរក្រហម ប្តីរបស់ ញឹក ខាត់ ត្រូវបានសម្លាប់ដោយចោទថាជាខ្មាំងនឹងរបបនោះ។

សម្ភាសន៍ដោយ បឿន ស្រីនិច នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin