កុមារធ្វើការហួសកម្លាំង និង រស់នៅឆ្ងាយពីឪពុកម្តាយ

(ស្វាយរៀង) ៖ ជូ សុខា អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម អាយុ៥៧ឆ្នាំ ជាកសិករ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

សុខា រៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាអំឡុងឆ្នាំ២០២១ថា នៅសម័យ នល់ នល់ គាត់រស់នៅភ័យខ្លាចតែស្លាប់ដោយសារមានការទម្លាក់គ្រាប់បែក ប៉ុន្តែនៅពេលនោះ សុខា អាចរស់នៅជួបជុំជាមួយគ្រួសារបាន មានអាហារបរិភោគគ្រប់គ្រាន់ និងគ្មានការបង្ខិតបង្ខំឲ្យធ្វើការងារធ្ងន់ៗឡើយ។ ដោយសារប្រទេសមានសង្គ្រាម និងស្ថានភាពគ្រួសារ សុខា រៀនបានត្រឹមតែថ្នាក់ទី២ សម័យរដ្ឋកម្ពុជា ក៏សម្រេចចិត្តឈប់រៀនដើម្បីជួយធ្វើស្រែឪពុកម្តាយ។

នៅពេលខ្មែរក្រហមចូលកាន់កាប់អំណាច សុខា និងគ្រួសារចាប់ផ្តើមជួបការលំបាកដោយសារតែការជម្លៀសចេញពីស្រុកកំណើត ការបំបែកឲ្យរស់នៅផ្សេងគ្នា និងការប្រើឲ្យធ្វើការងារច្រើនគ្មានពេលសម្រាក។ សុខា នាពេលនោះស្ថិតក្នុងកងកុមារត្រូវបានប្រើឲ្យជីកទំនប់ ប្រឡាយ ព្រែក និងលើកភ្លឺស្រែ នៅតាមសហករណ៍ក្នុងឃុំកំពង់អំពិល និងសហករណ៍ក្នុងខេត្តបាត់ដំបង។

ឆ្នាំ១៩៧៨ សុខា និងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសពីខេត្តស្វាយរៀង ឲ្យទៅរស់នៅឯស្រុកមោងឬស្សី ខេត្តបាត់ដំបង។ នៅទីនោះស្ថានភាពរស់នៅលំបាកជាងនៅខេត្តស្វាយរៀង ព្រោះត្រូវជីកទំនប់ធំៗ។ សុខា និងកុមារប្រមាណ១០០នាក់ផ្សេងទៀត ត្រូវប្រើឲ្យជីកប្រឡាយទួលរវៀង ដែលមានទំហំប្រហែល១គីឡូម៉ែត្រ។ គាត់ធ្វើការតាំងពីព្រឹករហូតដល់ល្ងាច ប្រសិនបើមិនរួចតាមផែនការគឺត្រូវបន្តធ្វើរហូតដល់យប់ទើបបានសម្រាក។ ចំណែករបបអាហារវិញ ទទួលបានមិនគ្រប់គ្រាន់ ព្រោះនៅពេលនោះគេចែកបបរតែ២វែករាងក្រចកសេះ ហូបមិនឆ្អែត មិនសាកសមនឹងកម្លាំងដែលប្រើឲ្យជីកទំនប់ និងលើកប្រឡាយពីព្រឹកដល់ល្ងាចនោះទេ។ សុខា មានអាយុត្រឹមជាង១០ឆ្នាំ ក៏ត្រូវបានបំបែកឲ្យទៅរស់នៅផ្សេងពីឪពុកម្តាយ។ ម្តាយរបស់ សុខា ត្រូវបានប្រើឲ្យធ្វើស្រែ ស្ទូងស្រូវ និងឪពុកត្រូវទៅវិញខ្សែ ចំណែកខ្លួនត្រូវធ្វើការងារក្នុងកងកុមារ។

«របបខ្មែរក្រហមបានបំបែកខ្ញុំពីម៉ែឪតាំងពីខ្ញុំនៅក្មេងៗ។ ខ្ញុំយំស្ទើររាល់ថ្ងៃ។ ខ្ញុំតែងត្រូវបានដាក់ទណ្ឌកម្ម បង្អត់បាយ និងជីកប្រឡាយបន្ថែមជាញឹកញាប់ ដោយសារតែខ្ញុំរត់ទៅរក ឪពុក ម្តាយ ដែលធ្វើការនៅឆ្ងាយពីខ្ញុំ»។

សុខា ធ្លាប់ឃើញការរៀបការនៅសម័យខ្មែរក្រហម។ គាត់ បានរៀបរាប់ថាមានយុវជន យុវនារីមួយចំនួនមិនស្ម័គ្រចិត្តចំពោះការរៀបចំនោះទេ។ អ្នករៀបការត្រូវអង្គុយជាជួរលើតុវែង រួចឡើងបេ្តជ្ញាចិត្តថាខ្លួនយល់ព្រមយកគ្នាជា ប្តី ប្រពន្ធ អស់១ជីវិត ទោះបីជាថ្ងៃក្រោយមានពិការឬក៏មានបញ្ហាអ្វីនៅតែស្រឡាញ់គ្នាជា ប្តី ប្រពន្ធ រហូតដល់ថ្ងៃស្លាប់។ ប្រធានសហករណ៍ឬអ្នកដឹកនាំកម្មវិធីបានឲ្យយុវជន យុវនារី ផឹកទឹកតែម្នាក់១ពែងទទួលយកគ្នាជា ប្តី ប្រពន្ធ កម្មវិធីក៏ចប់គ្មានការជួបជុំសាច់ញាតិបងប្អូនដូចសម័យបច្ចុប្បន្នទេ។ ពិធីរៀបការធ្វើឡើងនៅរោងបាយរួមរបស់សហករណ៍ ឬនៅសាលារៀន ដែលមានចាប់ពី២០-៥០គូ ។

សុខា ក៏ធ្លាប់ឃើញខ្មែរក្រហមធ្វើទារុណកម្មប្រជាជន ដែលធ្វើការក្នុងការដ្ឋានជាមួយគាត់ដែលមានកូនតូចយំអោប ឪពុក ម្តាយ ក្រោយមកក៏បាត់ខ្លួនពីការដ្ឋាន។ សុខា គិតថា ខ្មែរក្រហមបានសម្លាប់ប្រជាជននោះ។ នៅក្រោយរំដោះឆ្នាំ១៩៧៩ សុខា បានធ្វើដំណើរមករស់នៅជួបជុំគ្រួសារវិញនៅស្រុកកំណើត ឯឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង និងប្រកបមុខរបបធ្វើស្រែរហូតដល់សព្វថ្ងៃ។

សុខា បច្ចុប្បន្នមានជំងឺក្រពះ ពោះវៀន គាត់ធ្លាប់ទៅពិនិត្យ គ្រូពេទ្យប្រាប់ថាគាត់មានមេរោគក្នុងក្រពះ។

សម្ភាសន៍ដោយ ហម សារឿន ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin