ជីវិតរស់ចេញពីរណ្តៅកប់សាកសព

(ស្វាយរៀង) ៖ សមាជិកគ្រួសារទាំងអស់ ៤នាក់របស់ ពេជ្រ ឡាមីន រួមមាន ម្តាយ ឪពុក និងប្អូនៗពីរនាក់បានស្លាប់ ដោយសារតែឪពុកជាអតីតទាហាន លន់ នល់។ រូបគាត់ផ្ទាល់ក៏ត្រូវសម្លាប់ដែរ ប៉ុន្តែមិនស្លាប់ក៏វាចេញពីរណ្តៅសាកសពមានរបួសក្បាលដែលត្រូវបានវាយនឹងត្បូងចប។

ទ្បាមីន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានអាយុ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិកណ្តាល សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នៅក្នុងរបបសង្គមរាស្រ្តនិយម ឡាមីន រស់នៅខេត្តក្រចេះមានជីវភាពធូរធារ ដោយមានឪពុកជាទាហាន និងម្តាយជាស្រ្តីមេផ្ទះ។ ក្នុងរបប លន់ នល់ គ្រួសាររបស់គាត់បានផ្លាស់ទីលំនៅ មករស់នៅទីក្រុងភ្នំពេញម្តុំទួលសង្កែ តាមឪពុកដែលប្តូរកន្លែងធ្វើការមកបន្ទាយទាហានឫស្សីកែវ ក្រុងភ្នំពេញ។ នៅពេលខ្មែរក្រហមទទួលជ័យជំនះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឡាមីន និងគ្រួសារត្រូវបានជម្លៀសចេញពីភ្នំពេញទៅខេត្តស្វាយរៀង និងជម្លៀសម្តងទៀតពីខេត្តស្វាយរៀងទៅខេត្តពោធិ៍សាត់។ អំឡុងពេលជម្លៀស គាត់មានអាយុ១៧ឆ្នាំ បានឃើញ សាកសពជាច្រើននៅម្តុំផ្សារធំថ្មី ដែលទើបនឹងសម្លាប់ដោយរុំកន្ទេល។ នៅភ្នំពេញពេលនោះ មានមនុស្សច្រើនត្រូវបានបង្ខំឲ្យចាកចេញ។ គ្រប់ផ្លូវជាតិទាំងអស់បានកកស្ទះ។ ឡានមីន និងគ្រួសារធ្វើដំណើរដោយថ្មើរជើងតាមផ្លូវជាតិលេខ១ ដើម្បីឆ្ពោះទៅខេត្តស្វាយរៀង ដែលជាស្រុកកំណើតម្តាយ។ ពេលធ្វើដំណើរមានស្ថានភាពលំបាកខ្លាំង រហូតបណ្តាលឲ្យប្អូនប្រុសម្នាក់របស់គាត់បានស្លាប់។ ឆ្នាំ១៩៧៦ ដល់ ឆ្នាំ១៩៧៨ ឡាមីន និងគ្រួសាររស់នៅក្នុងសហករណ៍រមាសហែក។ ឡាមីន និងប្អូនស្រីត្រូវធ្វើការក្នុងកងចល័តដោយជីកទំនប់ លើកប្រឡាយ និងធ្វើស្រែ។ ម្តាយត្រូវធ្វើការនៅសហករណ៍រោងបាយ។

ឆ្នាំ១៩៧៨ ឡាមីន និងគ្រួសារ ត្រូវបានជម្លៀសម្តងទៀតតាមរថយន្តឲ្យទៅខេត្តពោធិ៍សាត់។ ឡាមីន ត្រូវរស់នៅក្នុងសហករណ៍ដំណាក់ឈើក្រំ។ ឡាមីន បានរៀបរាប់ថា គ្រួសារគាត់ទទួលរងទុក្ខលំបាកខ្លាំងដោយត្រូវធ្វើការងារគ្មានពេលសម្រាក និងត្រូវមានឈ្មោះយកទៅសម្លាប់ ដោយសារជាប្រជាជនថ្មី ទើបជម្លៀសមកពីខេត្តស្វាយរៀងភូមិភាគបូពា៍ ដែលមាន សោ ភឹម ជាអ្នកដឹកនាំត្រូវបានចោទប្រកាន់ថាជាជនក្បត់បដិវត្តន៍។ ប្អូនស្រីរបស់គាត់ត្រូវបាននាំយកទៅសម្លាប់ដោយមិនដឹងពីមូលហេតុ។ ម្តាយគាត់ស្លាប់​ដោយ​សារ​ជំងឺ និងហូបមិនគ្រប់គ្រាន់។ ឪពុកត្រូវបាននាំទៅសម្លាប់ដោយសារជាអតីតទាហាន លន់ នល់។ ចំណែក ឡាមីន ក៏ត្រូវបាននាំទៅសម្លាប់ដោយវាយនឹងត្បូងចបត្រង់ក្បាលទម្លាក់រណ្តៅ ប៉ុន្តែសំណាងល្អគាត់នៅមានជីវិតក៏វាចេញពីរណ្តៅកប់សាកសព រត់ទៅរកកន្លែងសហករណ៍វិញ។ មេកងដោយសារតែធ្លាប់ឃើញ ឡាមីន សកម្មនឹងការងារក៏អនុញ្ញាតឲ្យគាត់រស់នៅ និងធ្វើការបណ្តុះអាសន្ន។ ក្រោយមកទាហាន​វៀតណាមចូលមករំដោះប្រទេសកម្ពុជា ទើបគាត់អាចមានជីវិតត្រឡប់មករស់នៅឯខេត្តស្វាយរៀងវិញតែម្នាក់ឯងដោយសារសាច់ញាតិស្លាប់អស់។

ឡាមីន រៀបរាប់ថានៅសហករណ៍ដំណាក់ឈើក្រំ ខេត្តពោធិ៍សាត់ ស្ថានភាពការងារលំបាកខ្លាំង របបអាហារក៏តិចជាងនៅខេត្តស្វាយរៀងដែរ។ ប្រជាជនបានស្លាប់ដោយសារគ្មានអាហារហូបគ្រប់គ្រាន់ ព្រមទាំងត្រូវយកទៅសម្លាប់។

ឡាមីន តែងឃើញរណ្តៅសាកសពថ្មីដែលគេជីក និងកប់មិនត្រឹមត្រូវ ដោយឃើញសាកសពនៅឡើយ តាមព្រៃឆ្ងាយៗពីភូមិ។ ឡាមីន ក៏បានឃើញខ្មែរក្រហម យកទីធ្លាវត្តធ្វើជាកន្លែងចិញ្ចឹមសត្វ កន្លែងដាំបាយ និងធ្វើជាមន្ទីរឃុំឃាំងអ្នកទោស។

បច្ចុប្បន្ន ឡាមីន មានជំងឺលើសឈាម ស្រវាំងភ្នែក និងឧស្សាហ៍ឈឺក្បាល។ ឡាមីន បានផ្តាំផ្ញើឲ្យអ្នកជំនាន់ចូលរួមថែរក្សាសុខសន្តិភាព ព្រោះសង្រ្គាមតែងនាំមកនូវវិនាសកម្ម បែកឃ្លាតចាកសមាជិកជាទីស្រឡាញ់ក្នុងគ្រួសារ។

សម្ភាសន៍ដោយ កើត សុរចនា ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin