កូនស្លាប់ដោយសារតែជាអតីតទាហាន លន់ នល់

(ស្វាយរៀង) ៖ ឃ្លាំង កន អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាយុ៩០ឆ្នាំ ជាកសិករ រស់នៅភូមិស្វាយក្អែរ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

មុនរបបខ្មែរក្រហម កន រស់នៅស្រុកកំណើតភូមិស្វាយក្អែរ ជាមួយនឹងគ្រួសារដែលមានប្រពន្ធ និងកូនៗចំនួនប្រាំនាក់។

ចូល​ដល់​របបខ្មែរក្រហម កន និងគ្រួសារមិនទាន់ត្រូវបានជម្លៀសទេ ប៉ុន្តែ កន និង​ប្រជាជន​ទាំងអស់​តម្រូ​វ​ឲ្យយកទ្រព្យសម្បត្តិមានតម្លៃ និងរបស់របរផ្សេងៗ យកមកទុកក្នុង​សហករណ៍ដើម្បី​ប្រើប្រាស់រួម។ អង្គការតម្រូវឲ្យ​ប្រជាជន​រស់​នៅ និងធ្វើ​ការងារ​រួមក្នុងសហករណ៍ ដោយធ្វើការបែង​ចែក​ការងារទៅតាម​ក្រុម​ប្រភេទ​អាយុ មានកងចាស់ កងយុវជន និងកង​កុមារជាដើម។

ក្នុង​របប​ខ្មែរក្រហម កន មានអាយុ​ប្រមាណ៤០ឆ្នាំ ត្រូវធ្វើការ​ក្នុង​កងចល័ត​យុវជន។ គាត់តម្រូវឲ្យ​ចល័ត​ពីមួយកន្លែង​ទៅមួយ​កន្លែង​ដើម្បី​ជីកទំនប់ ព្រែក និងលើក​ភ្លឺស្រែ គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់​ដោយ​ត្រូវធ្វើ​ការតាំង​ពីព្រឹក រហូតដល់​យប់ ដើម្បីគ្រប់តាម​ផែនការដែល​បានកំណត់។ កន បាន​រៀបរាប់ថា​ខ្មែរក្រហម​បានធ្វើទារុណកម្ម​ចំពោះ​ប្រជា​ជន​ណា ដែល​ធ្វើការ​មិន​គ្រប់​តាម​ផែនការ មានពេលខ្លះ​ប្រជាជនមិន​ទទួលបានរបប​អាហារសោះ​តែម្តង។ ក្នុងរបប​ខ្មែរក្រហម កន បាន​បាត់បង់​កូនចំនួន​បីនាក់ ម្នាក់ស្លាប់​ដោយសារ​ខ្មែរ​ក្រហម​សម្លាប់ ជាអតីត​ទាហាន លន់ នល់ ម្នាក់​ស្លាប់ដោយ​សារ​តែ​ជំងឺ និង​ធ្វើការហួស​កម្លាំង និងម្នាក់​ទៀត​ស្លាប់​ដោយ​សារ​តែលង់​ទឹក។ បន្ទាប់ពីការស្លាប់​របស់​កូនដែលធ្លាប់​ជាអតីត​ទាហាន លន់ នល់ កន និងគ្រួសារ​ត្រូវបាន​គេតាម​ដាន។ គ្រួសារ​របស់ កន ត្រូវ​រស់នៅ និងធ្វើការជាមួយ​គ្រួសារ​ដែល​មានសមាជិក​ជាអតីត​មន្រ្តី​រាជការ។

កន បញ្ជាក់ថា គ្រួសារដែលជាប់និន្នាការត្រូវ​គេតាម​ដាន និងជារឿយៗតំរូវឲ្យធ្វើប្រវត្តិរូបដើម្បី​ដឹងពីសាវតាបន្ថែម។ ក្នុងរបបខ្មែរ​ក្រហម កន តែងឃើញគេបណ្តើរ​មនុស្ស​យកទៅសម្លាប់​ជារឿយៗ។ ប្រជាជន​ដែលត្រូវគេ យកទៅសម្លាប់ជាប្រជាជន​ស្លូតត្រង់ ត្រូវចោទប្រកាន់ថាក្បត់​នឹងអង្គការ។ កន និយាយថា ប្រជាជនរស់នៅ​ត្រូវគេតាមដាន និង​ស៊ើប​អង្អេត។ នា​ពេលយប់​តែងមានឈ្លប​ដើរ​យកការណ៍​តាមផ្ទះ បើសិន​តែផ្ទះ​ណាហ៊ាន​និយាយ​មិនល្អ​ពីការ​ដឹកនាំ ធ្វើការងារ​ច្រើន គ្មានពេល​សម្រាក ហូបមិន​គ្រប់គ្រាន់​ដឹងតែ​សមាជិក​គ្រួសារនោះ​ត្រូវយកទៅកសាង​ឬរៀនសូត្រ​នាថ្ងៃបន្ទាប់​ជាក់​ជាមិន​ខាន។

បន្ទាប់​មក កន និងគ្រួសារ​ត្រូវបានជម្លៀស​ពីស្រុកកំណើត​ទៅតំបន់​បឹងអណ្តែង ស្ថិត​នៅក្នុង​ស្រុកស្វាយ​ជ្រំ ខេត្តស្វាយរៀង។ នៅទីនោះបានមួយរយៈ​ក៏របបខ្មែរក្រហមដួលរលំ គាត់ និងគ្រួសារ​នាំគ្នា​ត្រឡប់មករស់នៅឯស្រុកកំណើតវិញ​រហូត​ដល់សព្វ​ថ្ងៃ។

កន បានគាំទ្រចំពោះការផ្ដន្ទាទោសដាក់គុកមួយជីវិតលើអតីត​មេដឹកនាំខ្មែរក្រហម។ កន សប្បាយរីករាយណាស់​ដែលបានចែករំលែក​រឿងរ៉ាវពីរបបខ្មែរក្រហម​ដើម្បីឲ្យក្មេងៗ​ជំនាន់​ក្រោយបានសិក្សា​ស្វែងយល់ពី​ប្រវត្តិសាស្រ្ត​របស់ខ្លួន ក្នុងគោលបំណងចូលរួមទប់​ស្កាត់​កុំឲ្យរបបខ្មៅងងឹតនេះ​ត្រឡប់មកលើទឹកដី​ប្រទេសកម្ពុជាម្តងទៀត។ បច្ចុប្បន្ន គាត់មាន​ជំងឺពិការជើង ដែលធ្វើឲ្យគាត់ពិបាក​ក្នុងការធ្វើដំណើរ និងត្រូវប្រើប្រាស់ឈើ​ច្រត់​ជា​ប្រចាំ។

សម្ភាសន៍ដោយៈ អ៊ុក សារ៉ែន ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin