បាត់បង់ឪពុកដោយសារជាអតីតអ្នកបើកបរយន្តហោះក្នុងរបប លន់ នល់

(ស្វាយរៀង) ៖ ស នាង រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាស​ហែក ខេត្តស្វាយរៀង។ នៅក្នុង​របបខ្មែរក្រហម គ្រួសាររបស់ នាង ត្រូវ​តែប្រមូលទ្រព្យ​សម្បត្តិទាំងអស់ទុកប្រើ​ប្រាស់រួមក្នុងសហករណ៍។

នៅពេលខ្មែរក្រហមឡើងកាន់អំណាច នាង​ មានអាយុ១១ឆ្នាំ ត្រូវបាន​ជម្លៀសទៅស្រុកបាកាន ខេត្តពោធិ៍សាត់។ នៅទីនោះ នាង ត្រូវដើរប្រមូលស្លឹករុក្ខជាតិ និងដើមទន្ទ្រានខេត្តដើម្បីយកមកធ្វើជីសម្រាប់ដាក់ស្រែ។ នាង ត្រូវមើលគោ ក្របី ព្រមទាំងប្រមូលលាមកសត្វផងដែរ​។ ដើ​ម្បី​ទទួលបានរបបអាហារពីរពេលក្នុងមួយថ្ងៃ នាង ត្រូវធ្វើការតាមផែនការដែលប្រធានសហករណ៍បានកំណត់​។ ខ្មែរក្រហមមិនបានគិតថា ការរៀនសូត្រសំខាន់សម្រាប់កុមារ​ទេ ផ្ទុយទៅវិញកុមារត្រូវធ្វើការងារដូចទៅនឹងមនុស្សធំដែរ​ដូច្នោះ នាង មិនទទួលបាន​ការសិក្សាអប់រំទេ។ ។ នាង ក៏បានឃើញការបំផ្លាញវត្តអារាម កម្ទេចព្រះពុទ្ធបដិ​មា​ករ និងផ្សឹកព្រះសង្ឃ។ នាង រៀប​រាប់ថា មាន​ព្រះសង្ឃដែលមិនព្រមផ្សឹកត្រូវបានខ្មែរ​ក្រហមធ្វើគុត​។

ក្នុងរបបខ្មែរក្រហម នាង បានដឹង​ពីការសម្លាប់អ្នកចេះដឹងដោយខ្លាចអ្នកទាំងនោះបះបោរប្រឆាំងនឹងការដឹកនាំរបស់ខ្លួន។ ឪពុករបស់ នាង ក៏ត្រូវបានសម្លាប់ផងដែរដោយសារតែគាត់ជាអតីត​អ្នក​បើកយន្តហោះក្នុងរបប លន់ នល់។

ក្នុងរបបខ្មែរក្រហម នាង ត្រូវបានខ្មែរក្រហមធ្វើទា​រុ​ណ​​កម្មដោយសារតែបានលួចបេះផ្លែប៉េងប៉ោះ​របស់អង្គការហូប ដោយសារតែគាត់​ឃ្លានខ្លាំងពេក។ ពេល​នោះ​ទាហាន តាមទាន់ក៏បានដាក់ទោស និងបានបង្អត់បាយ​គាត់ចំនួនពីរថ្ងៃ។

បន្ទាប់មកដោយសារ នាង មានសម្លេងពិរោះ គាត់​ត្រូវបានជ្រើសរើស​ឲ្យចូលក្នុងក្រុមអ្នកចម្រៀងខ្មែរក្រហម។ បទចម្រៀង​ដែលគាត់ឧស្សាហ៍ច្រៀងមានចំណងជើងថា «ចម្រៀង​​ចម្រើន» នាង បានឲ្យដឹងថា ប្រសិនបើអ្នកណា​ច្រៀងខុស​អាចត្រូវយកទៅកសាង ឬសម្លាប់ចោល។

នាង បានឃើញការរៀបការក្នុងរបបខ្មែរក្រហម​។ ពិធីធ្វើឡើងនៅការដ្ឋានការងារ រៀបចំដោយប្រធានសហករណ៍ និងអ្នករៀបការមានចំនួនចាប់ពី៣០ រហូតដល់៤០គូ។ អ្នករៀបការមកពីកន្លែងផ្សេងៗមួយចំនួនមិនពេញចិត្តប៉ុន្តែមិនហ៊ានប្រកែកតវ៉ា។

ប្អូនស្រីរបស់ នាង បានស្លាប់ដោយសារតែជំងឺកញ្ជ្រឹល ដោយសារតែគ្មានថ្នាំព្យាបាលត្រឹមត្រូវ។

នៅពេលរបបខ្មែរក្រហមដួលរលំ នាង បានធ្វើដំណើរដោយថ្មើរជើងត្រឡប់ពីខេត្តពោធិ៍សាត់​ មករស់នៅ​ខេត្តស្វាយរៀងវិញរហូតដល់សព្វថ្ងៃ។

នាង ពេញចិត្តក្នុងការចែករំលែករឿងរ៉ាវពីរបបខ្មែរក្រហមប្រាប់ដល់អ្នកជំនាន់ក្រោយ។ នាង និយាយថា របបខ្មែរក្រហមជារបបមួយដែលជូរចត់ និងឃោរឃៅបំផុត​។ គាត់បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយឲ្យសិក្សា​ស្វែងយល់ពីរបបខ្មែរក្រហមបន្ថែម និងចូលរួមបញ្ជៀសរបបនេះ​កុំឲ្យកើត​ឡើងវិញម្តងទៀត។

បច្ចុប្បន្ន នាង មានជំងឺប្រចាំកាយគឺ ជំងឺបេះដូង និងជំងឺតម្រង់នោម។ 

សម្ភាសន៍ដោយ គី សុភ័ណ្ឌ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin