ជីវិតថ្លៃ
(ស្វាយរៀង) ៖ ប្រាជ្ញ ធឿន អាយុ៧៤ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
នៅឆ្នាំ១៩៧០ ពេលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ធឿន នៅបួសជាព្រះសង្ឃនៅវត្តទួលសុក្រំ។ នៅឆ្នាំ១៩៧២ ធឿន បានលាចាកសិក្ខាបទពីព្រះសង្ឃមករស់នៅជាមួយឪពុកម្តាយវិញនៅឯស្រុកកំណើត។ ពេលនោះតំបន់ព្រំដែនខេត្តស្វាយរៀងមានការទម្លាក់គ្រាប់បែកធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងបានសម្លាប់មនុស្ស និងសត្វពាហនៈអស់យ៉ាងច្រើន។ ធឿន បានរៀបរាប់ថា ជារឿយៗម៉ោង៥ល្ងាចតែងមានយន្តហោះ ហោះឆ្វែលពីលើផ្ទះប្រជាជនប្រសិនបើឃើញមនុស្សគឺទម្លាប់គ្រាប់បែក។ ប្រជាជនឲ្យតែលឺសម្លេងយន្តហោះគឺនាំគា្នទៅលាក់ខ្លួននៅតាមរណ្តៅត្រង់សេ ដែលបានជីកនៅជិតគុម្ពឫស្សី។
ឆ្នាំ១៩៧៥ ជារបបខ្មែរក្រហម ពេលនោះ ធឿន មានអាយុប្រហែល៣០ឆ្នាំ។ ក្នុងភូមិប្រជាជននាំគ្នានិយាយគ្នាថា ប្រទេសជាតិមានសន្តិភាពសម្បូរសប្បាយព្រោះដូររបបពី លន់ នល់ ទៅកម្ពុជាប្រជាធិបតេយ្យដូច្នោះគ្មានការទម្លាក់គ្រាប់បែកទៀតទេ។ ប៉ុន្តែអ្វីៗដែលប្រជាជនគិតបានត្រឹមតែមួយរយៈប៉ុណ្ណោះ ក្រោយមកទាហានខ្មែរក្រហមបានចូលមកកាន់កាប់ក្នុងភូមិ និងបានបង្ខំឲ្យប្រជាជនចេញពីផ្ទះដែលធ្លាប់រស់នៅ និងបញ្ជាឲ្យទៅរស់នៅតាមតំបន់សហករណ៍ និងវាលស្រែ ដើម្បីងាយស្រួលជីកទំនប់ លើកប្រឡាយ លើកភ្លឺស្រែ និងទប់ទំនប់ដើម្បីអាចបង្កបង្កើនផលស្រូវតាមផែនការ ដែលបានកំណត់។ ចំណែកទ្រព្យសម្បត្តិក៏ត្រូវបានប្រមូលទុកលែងមានកម្មសិទ្ធិឯកជន។ ធឿន គឺជាយុវជនដែលនៅពេលនោះយុវជនគេបានចាត់ទុកជាកម្លាំងស្នូលឬកម្លាំងស្រួចត្រូវទៅធ្វើការនៅឆ្ងាយៗពីភូមិ។ ចាស់ៗនៅក្នុងភូមិត្រូវធ្វើជី និងត្បាញកន្ទេលជាដើម។ ចំណែកកុមារត្រូវមើលគោក្របី និងរើសគួរស្រូវ។ ធឿន បានប្រាប់ថា ក្នុងរបបខ្មែរក្រហមគ្មានអ្នកណាម្នាក់ទំនេរទេ គឺត្រូវធ្វើការទាំងអស់គ្នាដើម្បីទទួលបានរបបអាហារដែលមិនគ្រប់គ្រាន់ ដោយមានតែបបរ ជួនកាលបានបាយពីរវែកក្នុងមួយថ្ងៃសម្រាប់ពីរពេល។
ធឿន ឲ្យដឹងថា លើសពីនេះទៀតប្រជាជនត្រូវបានចោទប្រកាន់ថា ជាខ្មាំងប្រឆាំងនឹងរបបដោយគ្រាន់តែប្រជាជនឃ្លានខ្លាំងពេក ទៅបេះផ្លែឈើឬដំឡូងហូបដែលខ្លួនបានដាំនៅជិតៗផ្ទះ។ ខ្មែរក្រហមបានចាត់ទុកដំណាំទាំងនេះជារបបអង្គការត្រូវប្រមូលមកទុកក្នុងសហករណ៍។
ធឿន និយាយថា «តាមខ្ញុំគិតអ្នកដែលមានជីវិតរស់ពី សម័យខ្មែរក្រហមសុទ្ធតែមានជីវិតថ្លៃឬជីវិតមានសំណាងព្រោះប្រជាជនទាំងអស់មិនថាខ្ញុំមិនថាគេទេ គឺរស់មួយថ្ងៃគិតមួយថ្ងៃ ជីវិតមិនដឹងថាត្រូវស្លាប់នៅពេលណាទេ បើមិនស្លាប់ដោយសារគេយកទៅសម្លាប់ក៏ត្រូវស្លាប់ដោយសារការអត់ឃ្លាន និងធ្វើការហួសកម្លាំងដែរ»។
ធឿន បានឃើញការរៀបការនៅសម័យខ្មែរក្រហម។ ការរៀបការត្រូវបានរៀបចំឡើងដោយអ្នកដឹកនាំសហករណ៍ជាមួយនឹងយុវជនយុវនារីដែលត្រូវរៀបការគ្មានសាច់ញាតិទាំងសងខាងចូលរួមទេ។
ធឿន ក៏ធ្លាប់ឃើញខ្មែរក្រហមបណ្តើរមនុស្សស្លូតត្រង់យកទៅសម្លាប់ផងដែរ ដោយហេតុថាជនរងគ្រោះគ្រាន់តែធ្វើឲ្យបាក់ចបឬលួចរបស់រួមក្នុងសហករណ៍ហូប។
សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង