កុមារមិនមានឱកាសរៀនសូត្រនៅក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ កុយ ប៊ុនរ៉ា មានអាយុ៥៣ឆ្នាំ ជាកសិករ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង​។ គាត់មានឪពុកឈ្មោះ កុយ អាន បានស្លាប់ដោយជំងឺនៅសម័យ លន់ នល់ និង ម្តាយ ឈ្មោះ ប៉ែន យ៉ា នៅរស់សព្វថ្ងៃ។

គាត់បានរៀបរាប់ពីដំណើរជីវិតប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា​​ថា ក្នុងរបប លន់ នល់ គាត់កំពុងរៀនថ្នាក់ទីបួន ដែលនៅពេលនោះប្រទេសកម្ពុជា​មានការទម្លាក់គ្រាប់បែក និងមានសង្គ្រាមជាបន្តបន្ទាប់។ នៅក្នុង​របបខ្មែរក្រហមគាត់មិនមានឱកាស​ទៅសាលារៀន តែ​ត្រូវទៅជួយធ្វើការងារស្រាលៗជាមួយក្មេងដទៃទៀត​។ ប៊ុនរ៉ា និងគ្រួសារត្រូវរស់នៅក្នុងសហករណ៍ធ្វើការងាររួម និង​ហូប​រួម។

ក្រោយមកនៅឆ្នាំ១៩៧៨ ប៊ុនរ៉ា មានអាយុប្រហែលប្រាំបីឆ្នាំ ត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់ជាមួយ បងប្អូន និងម្តាយ។ ស្ថានភាពជម្លៀសពេលនោះ​មានការលំបាក​ព្រោះម្តាយគាត់ជាស្រ្តីមេម៉ាយ។ គ្រួសារ​របស់គាត់​​ ត្រូវធ្វើដំណើរដោយថ្មើរជើងជាមួយអ្នកភូមិ​ជាច្រើននាក់និងពេលយប់កន្លែងណាសម្រាកកន្លែងនោះ រហូតដល់ព្រឹកឡើងបន្តដំណើរទៅមុខទៀត។ ពេលធ្វើដំណើរ​ដល់អ្នកលឿង​គាត់ឆ្លងកប៉ាល់ និងបានបន្តធ្វើដំណើររហូតដល់ភ្នំពេញ គេបានចែករបបអាហារ និងសំលៀកបំពាក់រួច​ឲ្យ​ធ្វើដំណើរបន្ត​តាមរថភ្លើងទៅខេត្តពោធិ៍សាត់។ ពេលទៅដល់គេបានបំបែក ប៊ុនរ៉ា ពីម្តាយដោយឲ្យគាត់ និងប្អូន​ៗ​ទៅរស់នៅក្នុងអង្គភាពកុមារត្រូវបោចស្មៅ ដើររកអូស និងប្រមូលស្លឹករុក្ខជាតិទុកធ្វើជីសម្រាប់ដាក់ស្រូវ និងដំណំាផ្សេងៗ។ ចំណែក​បងៗត្រូវទៅធ្វើការជាកងចល័ត​ជីក​ទំនប់ និងលើកប្រឡាយឆ្ងាយ​ៗ​ ពីកន្លែងគាត់ស្នាក់នៅ។ របប​អាហារសម្រាប់កុមារ​គឺ​ពេលព្រឹកទទួលបានបបរមួយវែក ថ្ងៃត្រង់បាយមួយវែក និងល្ងាចបាយមួយវែក​។​ ប៊ុនរ៉ា បន្តថា នៅកន្លែងគាត់ស្នាក់នៅគ្មានទឹកគ្រប់គ្រាន់​សម្រាប់ហូបទេ មួយសប្តាហ៍ម្តងគាត់បានសុំគេដើម្បី​ទៅដងទឹកទុកហូប។ ពេលធ្វើការគាត់បានឃើញ​ម្តាយកំពុងធ្វើស្រែគាត់បានត្រឹមឈរមើលម្តាយ​ប៉ុណ្ណោះ​មិនហ៊ានហៅឬទៅជិតទេព្រោះខ្លាចគេធ្វើទារុណកម្មឬយកទៅសម្លាប់ចោល នៅសម័យនោះគេហាមសូម្បីតែម្តាយកូននិយាយគ្នា។

រឿងរ៉ាវដែលគាត់ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺកាលដែលគាត់ និងក្មេងៗដទៃទៀតត្រូវធ្វើការហួសកម្លាំងក្នុង​វ័យ​ក្មេង មានពេលខ្លះខ្មែរក្រហមឲ្យរែកដីទាំងកម្លាំងមិនអាចរែករួច និងការដែលគាត់នៅក្មេងមានការនឹករំឭកម្តាយដែលទៅធ្វើការងារឆ្ងាយៗ។

ពេលរបបខ្មែរក្រហមដួលរលំ ប៊ុនរ៉ា បងប្អូន និងម្តាយ​បានធ្វើដំណើរត្រឡប់មករស់នៅឯស្រុកកំណើតវិញ។ ពេលមកស្រុកកំណើតវិញ ផ្ទះរបស់គាត់ត្រូវបានបំផ្លាញដែលម្តាយរបស់គាត់​ត្រូវខំរកប្រាក់​តែម្នាក់ឯងដើម្បីសង់ផ្ទះឡើងវិញ និងចិញ្ចឹមកូន។​ ម្តាយគាត់បានទៅប្រទេសវៀតណាមរកទិញដំឡូវយកមកស្ងោរឲ្យកូនៗយកទៅលក់ដើម្បីចិញ្ចឹមជីវិត រហូតដល់ធំៗមានគ្រួ​សា​រ​រៀងៗខ្លួន។

បច្ចុប្បន្ន ប៊ុនរ៉ា មានជំងឺប្រចាំកាយគឺជំងឺក្រពះ និងជំងឺពោះវៀន យូរៗម្តងគាត់ត្រូវចំណាយប្រាក់ទៅជួបពេទ្យដើម្បីពិនិត្យ។

សម្ភាសន៍ដោយៈ ទេព ម៉ាលីណា ថ្ងៃទី២ ខែសីហា ២០២១

អត្ថបទដោយៈ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin