នារីកងចល័ត

(ស្វាយរៀង) ៖ សុខ សន មានអាយុ៦៣ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ គាត់ជាកូនពៅក្នុងគ្រួសារដែលមានបងប្អូន​ប្រាំមួយនាក់។ ឪពុក ម្តាយបានស្លាប់ចោលតាំងពីរបប លន់ នល់ គាត់ត្រូវបានបងប្រុសចិញ្ចឹម ហើយបងប្រុសនោះត្រូវ​បានខ្មែរក្រហមសម្លាប់ចោលទាំងគ្រួសារក្នុងរបបខ្មែរក្រហមនៅឯខេត្តបាត់ដំបងដែលជាព្រឹត្តិការណ៍មួយ​គាត់ចងចាំមិនអាចបំភ្លេចបានរហូតដល់បច្ចុប្បន្ន។

​របបខ្មែរក្រហម សន ត្រូវបានគេបង្ខំឲ្យចេញពីលំនៅដ្ឋានដែលធ្លាប់រស់នៅជាមួយបងដោយគេតំរូវឲ្យ​ទៅរស់នៅរួមគ្នាក្នុងសហករណ៍។ គាត់ត្រូវធើ្វជីពីលាមកមនុស្សដោយព្រឹក​ឡើងត្រូវដើរប្រមូលលាមក​តាមបង្គន់យកមកហាល និងប្រមូល​ទុកនៅពេលល្ងាច។ ក្រោយមកដោយជើងរបស់គាត់ឈឺមិន​អាចធ្វើដំណើរបាន ខ្មែរក្រហម​ក៏ឲ្យគាត់នៅសហករណ៍ដើម្បីដាំបាយ ដំា​បបរ និងធ្វើម្ហូបសម្រាប់យុវជន យុវនារីនៅក្នុងកងចល័តដែលធ្វើស្រែចម្ការ។

នៅឆ្នាំ១៩៧៨ សន និងបងៗត្រូវបានជម្លៀសទៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ នៅទីនោះ សន ស្ថិតនៅក្នុងកងចល័តនារីត្រូវធ្វើស្រែ ជីកទំនប់ លើកប្រឡាយ និងគាស់គល់ឈើ ឆ្ងាយៗពីភូមិដោយត្រូវងើបតាំងពីព្រឹកធ្វើការរហូតដល់យប់ ទើបបានសម្រាកហូបបបរ។ សន បន្តថា ថ្ងៃខ្លះត្រូវ​ធ្វើបន្ថែមម៉ោងដល់យប់ជ្រៅៗ ដែលគេហៅថាម៉ោងសង្គមនិយម។ នៅបាត់ដំបងបងប្រុស និងសមាជិកមួយគ្រួសារត្រូវបាននាំយកទៅសម្លាប់ដោយមិនដឹងពីមូលហេតុ។ គាត់បានឃើញខ្មែរក្រហមបណ្តើរបងប្រុសយកទៅសម្លាប់ផ្ទាល់នឹងភ្នែក ហើយរំលងបានបីថ្ងៃ​គាត់ឃើញអាវដែលបងធ្លាប់ ពាក់ត្រូវបានខ្មែរក្រហមពាក់ជំនួស ពេលនោះគាត់លួចយំមិនឲ្យគេដឹង​ហើយគាត់បានប្រាប់បងម្នាក់ទៀតថា បងសាន និងគ្រួសារត្រូ​វ​បានគេសម្លាប់អស់ហើយ។

សុខ សន៖ «ដំបូងៗខ្ញុំឃើញតែបាត់មនុស្សពីសហករណ៍ទាំងនៅស្វាយរៀង និងបាត់ដំបង ខ្ញុំមិនដឹងថាទៅទីណា ប៉ុន្តែដល់ឃើញបងប្រុសមួយគ្រួសារត្រូវគេសម្លាប់ទើបខ្ញុំជឿជាក់ថា ពិតជាមានការសម្លាប់មនុស្ស​ប្រាកដមែន​។ ចាប់តាំងពីពេលនោះមកខ្ញុំខ្លាចគេណាស់ គេប្រើអ្វី​មិនហ៊ានប្រកែក ឬឈប់សម្រាកទេគឺធ្វើទាល់តែរួចតាមផែនការទោះបី​ឈឺក៏ដោយ។

សន ពេលធ្វើដំណើរទៅធ្វើការគាត់ឧស្សាហ៍ឃើញសាកសពដែលគេសម្លាប់ហើយទុកចោលក្នុងព្រៃ។ សន ក៏ធ្លាប់ឃើញគេវាយកម្ទេចព្រះវិហារ និងព្រះពុទ្ធបដិមាករចោលដែរ ចំណែព្រះសង្ឃត្រូវបានចាប់ផ្សឹក និងបង្ខំឲ្យ​ទៅធ្វើការការដូចប្រជាជនដទៃទៀតដែរ។

ក្រោយរបបខ្មែរក្រហមដួលរលំ គាត់បានធ្វើដំណើរ មកដល់ពោធិ៍សាត់ក៏បានជួបគ្រួសារ និងបងប្អូនក៏នាំគ្នាត្រឡប់មក​រស់នៅស្រុកកំណើតវិញប្រកបរបបធ្វើស្រែចម្ការរហូតដល់សព្វថ្ងៃ។

សន បានដឹងពីការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតលើមេដឹកនាំខ្មែក្រហម។ គាត់បន្តថា ការកាត់ទោសនេះក្នុងនាមគាត់ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមអាចទទួលយកបាន ព្រោះ​យើង​មិនអាចធ្វើទង្វើឃោរឃៅដែលខ្មែរក្រហមធ្លាប់ធ្វើមកលើយើងបានទេ ព្រោះឥឡូវប្រទេសមានច្បាប់មិនដូចសម័យនោះទេ។

បច្ចុប្បន្ន សន មានជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម។ គាត់ឈឺក្បាល និងវិលមុខជាប្រចាំដូច្នោះ គាត់​បានស្នើឲ្យមានគ្រូពេទ្យចុះពិនិត្យជំងឺគាត់ និងអ្នករស់​រានមានជីវិតពីរបបខ្មែរក្រហមដទៃទៀតនៅក្នុងភូមិ។

សម្ភាសន៍ដោយៈ សុខ ចន្ទ្រា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយៈ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin