ខ្មែរក្រហមហាមមិនឲ្យប្រជាជននិយាយស្តី

(ស្វាយរៀង) ៖ ទៀង ប៉ាន់ មានអាយុ៧៤ឆ្នាំ រស់នៅភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម ប៉ាន់ និងគ្រួសារត្រូវបានជម្លៀសចេញ​ពីភូមិកោះក្បានខាងជើង ឲ្យទៅរស់នៅសហករណ៍​ក្រោលគោ ស្ថិតក្នុងខេត្តស្វាយរៀង។ នៅទីនេះប៉ាន់ ត្រូវធ្វើស្រែ លើកភ្លឺស្រែ ធ្វើជីធម្មជាតិ ច្រូតស្រូវ បុកស្រូវ ហាលស្រូវ និងប្រមូលស្រូវទុកក្នុង​ឃ្លាំងរួមរបស់សហករណ៍​ដើម្បីហូបរួម។ ប៉ាន់ បន្តថា ប្រជាជន​ត្រូវធ្វើការ​ទៅតាម​ការកំណត់ ប្រសិនបើធ្វើមិនគ្រប់ផែនការ​ នោះមិនទទួលបានរបបអាហារទេ។ ប្រសិនបើមានសមាជិកក្នុងក្រុមណាឈឺមិនបានមកធ្វើ​ការ​ នោះប៉ាន់ ត្រូវខំប្រឹង​ធ្វើការទេ្វដង។ ​

ប៉ាន់ បន្តទៀតថា ខ្មែរក្រហមបានហាមមិនឲ្យប្រជាជននិយាយគ្នា។ ទោះបីជា​បង​ប្អូនឬអ្នកធ្លាប់ស្គាល់គ្នាក៏គេមិនឲ្យនិយាយគ្នាបានដែរ។ ឈ្លបខ្មែរក្រហមតាមដានប្រជាជនភាគច្រើនជាក្មេងប្រុសអាយុប្រហែល១៦ទៅ១៨ឆ្នាំ។ ប្រជាជនមានជំងឺដេកទៅធ្វើការមិនរួច ទើបបានឲ្យ​​​សម្រា​​កព្យាបាល ដែលមានតែថ្នាំដូចអាចម៍ទន្សាយ។ ក្មួយៗរបស់គាត់មានជំងឺរាគ និងក្តៅខ្លួនបានស្លាប់អស់ពីរនាក់នៅក្នុង​របបខ្មែរក្រហម​​។ នៅកន្លែង គាត់ធ្វើការមានអ្នកជំងឺមិនអាចធ្វើ​ការបាន ត្រូវ​នាំយកមនុស្សទៅសម្លាប់។

ប៉ាន់ ធ្លាប់ឃើញខ្មែរក្រហម​បណ្តើរប្រជាជន​ម្តង​ៗរាប់រយនាក់ដោយចងខ្សែ បិទមុខដោយកំណាត់ខ្មៅនិងមានឈ្លបក្មេង​ៗប្រំាពីរទៅប្រាំបីនាក់ ស្ពាយកាំភ្លើងមុខ ក្រោយ នាំយក​ទៅសម្លាប់ចោល។​ គ្មានប្រជាជនណាម្នាក់ហ៊ាន​តវ៉ា និង​សួរនាំឡើយ​។ នៅក្នុង​សហករណ៍ពេលគាត់ទៅធ្វើការធ្លាប់ប្រទះឃើញរណ្តៅសាកសពថ្មីៗ ដែលគេកប់​មិនជិត និងមានក្លិនស្អុយ​។

នៅសម័យនោះ ប៉ាន់ក៏បានឃើញការរៀបការចំនួន១០០គូ ដែលបានរៀបចំក្នុង​សហករណ៍គាត់រស់នៅ។ ប្អូនប្រុសប៉ាន់ក៏បាន​រៀបការនៅពេលនោះដែរ។ ពិធីរៀបចំដោយប្រធាន​សហករណ៍គ្មានអ្នកណាហ៊ានប្រកែកតវ៉ាទេ។ រៀបការរួចប្តី​ប្រពន្ធត្រូវទៅធ្វើការតាមកន្លែងផ្សេងៗរៀងៗខ្លួន។

ក្រោយមក ប៉ាន់ ត្រូវជម្លៀសបន្តពីសហករណ៍ក្រោលគោ ខេត្តស្វាយរៀង ឲ្យទៅរស់នៅអ្នកលឿង ខេត្តព្រៃវែង។ ប៉ាន់ឲ្យដឹងថា ពេលនោះគេបំរុងឲ្យគាត់ និងគ្រួសារឆ្លងកប៉ាល់បន្តទៅខេត្តភាគពាយ័ព្យទៀត សំណាងល្អរបប​ខ្មែរក្រហមបានដួលរលំមុនទើបគាត់អាចធ្វើដំណើរ​ដោយថ្មើរជើងត្រឡប់មករស់នៅស្រុកកំណើតវិញ។ ពេលមកដល់ស្រុក​គាត់ដឹងថាអ្នកដែលជម្លៀសទៅខេត្តពោធិ៍សាត់ និងបាត់ដំបងភាគច្រើនបានស្លាប់នៅតាមផ្លូវ និងខ្លះទៀតត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់ពេលធ្វើដំណើរ ដោយសារជាប្រជាជនជម្លៀសមកពីខេត្តព្រៃវែង និងស្វាយរៀង។

អ្វីដែលប៉ាន់ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺការដែលខ្មែរ​ក្រហមនាំ​បងប្រុស​ និង​ក្មួយគាត់ត្រូវបាននាំយកទៅសម្លាប់ដោយគ្មានកំហុស ចំណែកខ្លួន​គាត់ផ្ទាល់ត្រូវធ្វើការងារធ្ងន់គ្មានពេលសម្រាក និងទទួលបានរបបអាហារមិនគ្រប់គ្រាន់។

ប៉ាន់បានស្នើឲ្យអ្នកដឹកនាំជំនាន់ក្រោយទប់ស្កាត់របបខ្មែរក្រហមកុំឲ្យកើតមានឡើងម្តងទៀត ព្រោះរបបនេះបានកាប់សម្លាប់ប្រជាជនខ្លួនឯងដោយគ្មានកំហុស ការព្រាត់ប្រាស់សមាជិកគ្រួសារ និងបានបំផ្លាញសាលារៀន វត្តអារាមជាដើម។ បច្ចុប្បន្ន ប៉ាន់ ឧស្សាហ៍វិល និងងងឹតមុខ ឈឺក្បាល ចុករោយ និងមានអាការៈខ្សោយកម្លាំង។

សម្ភាសន៍ដោយៈ យ៉ាត់ ធារ៉ា ថ្ងៃទី ៤ សីហា ២០២១

អត្ថបទដោយៈ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin