កុមារខ្មែរក្រហម

(ស្វាយរៀង) ៖ ព្រាប ចិន្តា មានអាយុ៥៨ឆ្នាំ ជាកសិករ រស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ គាត់មានកូនពីរនាក់​។​​

នៅសម័យ លន់ នល់ ចិន្តា រៀនបានត្រឹមថ្នាក់អក្ខរ​កម្ម​។ គាត់ក៏ដូចជាក្មេងៗដទៃទៀតដែរ​រៀនមិនបានត្រឹម​ត្រូវទេដោយសារសាលារៀនតែងតែបិទទ្វាជាញឹកញាប់​ខ្លាចការទម្លាក់គ្រាប់បែក។ ប្រជាជនក្នុងភូមិត្រូវរត់គេចចូលក្នុងរណ្តៅត្រង់សេ ឬក្នុងជង្រុងស្រូវពេលមានការទម្លាក់គ្រាប់បែកម្តងៗពិសេសនៅពេលយប់។

ក្នុងរបបខ្មែរក្រហម ចិន្តា មានអាយុប្រហែល១៣ឆ្នាំ​។ គាត់មិនបានរៀនទេ ផ្ទុយទៅវិញក្នុងវ័យកុមារគាត់ត្រូវធ្វើការដូចជាមើលគោ ក្របី ដើររើសគួរស្រូវ រើស​អាចម៍គោ និងកាប់ទន្ទ្រានខេត្តសម្រាប់​យកមកធ្វើជីជាដើម។

ចិត្តា រស់នៅសហករណ៍ឃុំកំពង់អំពិល ពេលទៅ​មើលគោគាត់បានឃើញខ្មែរក្រហមធ្វើទារុណ​កម្មប្រជាជនដោយចោទប្រកាន់ថាជាខ្មាំង។ ប្រជាជនត្រូវបានចង​ខ្សែបន្តគ្នាប្រហែល២០ ទៅ៣០នាក់ យកទៅមន្ទីរសន្តិសុខនៅក្នុងវត្តកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។ គាត់បន្តថា ក្រោយមកនៅឆ្នាំ១៩៧៩ នៅទីតាំងសម្លាប់​មនុស្ស​នោះមានបន្សល់ទុកលលាដ៍ក្បាលសាកសពរាប់ពាន់ត្រូវ​បានរកឃើញ និង បច្ចុប្បន្នត្រូ​វបាន​រក្សាទុកនៅក្នុងបូជនីយ​ស្ថានតម្កល់​អដ្ឋិធាតុជនរងគ្រោះ ដែលមានទីតាំងក្នុងវត្តកំពង់អំពិល។ គ្រួសារជនរងគ្រោះតែងតែទៅធ្វើបុណ្យពេលចូល​ឆ្នាំ និងភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ។

ចិន្តាក៏បានឃើញពីភាពឃោរឃៅរបស់​ទាហានខ្មែរក្រហមដែលបានបាញ់សម្លាប់មនុស្សទាំងកណ្តាលថ្ងៃ ​ដោយសារតែគេមិនធ្វើតាមខ្លួន។ គាត់បន្តទៀតថា​ការសម្លាប់មនុស្សនៅពេលនោះគឺងាយស្រួល និងសាច់ញាតិជនរងគ្រោះគ្មានសិទ្ធិតវ៉ាឡើយ។ ម្នាក់ៗរស់នៅ​យកតែរួចខ្លួន និងមិនដឹងថា ជោគវាសនាខ្លួននៅថ្ងៃស្អែកទៅជាយ៉ាងណា​ឡើយ​។ ម្នាក់ៗ ធ្វើ​អី្វៗតាមតែបញ្ជា និងផែនការរបស់អង្គការបានកំណត់​។​

ក្រោយមក ចិន្តា និងគ្រួសារត្រូវបានជម្លៀសទៅខេត្តពោធិ៍​សាត់​។ នៅទីនោះខ្មែរក្រហមបានបំបែកគាត់ឲ្យទៅរស់នៅ ក្នុងកងកុមារឆ្ងាយពីគ្រួសារ គាត់ត្រូវធ្វើការជីកដីបាតបឹងយកមកហាលលាយជាមួយ​និងលាមកសត្វពាហនៈទុកធ្វើជីសម្រាប់ដាក់ស្រែ។

ចិន្តា ស្នាក់ខេត្តពោធិ៍សាត់​បាន​មួយរយៈ របបខ្មែរក្រហមក៏បានដួលរលំ គាត់ក៏បានធ្វើដំណើរត្រឡប់មករស់នៅស្រុកកំណើត និងប្រកបរបបធ្វើស្រែរហូតដល់សព្វថ្ងៃ។

បច្ចុប្បន្នចិន្តាមានជំងឺក្រពះ និងជំងឺពោះវៀន យូរៗម្តង​ ត្រូវចំណាយថវិកាដើម្បីទៅមន្ទីរពេទ្យដើម្បីព្យាបាល។ គាត់ក៏បានស្នើឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជាចុះទៅពិនិត្យ​សុខភាពគាត់ក៏ដូចជាអ្នករស់រានមានជីវិតផ្សេងៗទៀតក្នុងភូមិកំពង់អំពិល និងបានស្នើសុំឲ្យមានការកសាង​កន្លែង​តម្កល់ឯកសារជំនាន់ខ្មែរក្រហមដើម្បីឲ្យយុវជន ជំនាន់ក្រោយសិក្សាស្វែងយល់បន្ថែម។

សម្ភាសន៍ដោយ សោម ស្រីនិច នៅថ្ងៃទី២​ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin