កូនពីរនាក់បានស្លាប់ក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ មាស សៅដី មានអាយុ៨៨ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមានស្រុកកំណើត និងរស់នៅភូមិខ្នងជ្រូកខាងកើត ឃុំត្រពាំស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។ គាត់ជាស្រ្តីមេម៉ាយមានកូនប្រាំបីនាក់ (កូនពីរនាក់បានស្លាប់ក្នុងរបបខ្មែរក្រហម)។
ប្តីរបស់ សៅដី បានស្លាប់ដោយសារជំងឺតំាងពីរបប លន់ នល់។ គាត់មានការព្រួយបារម្ភពីសុវត្ថិភាពរបស់ កូនជាខ្លាំង ពិសេសកូនតូចដែលមានអាយុទើបតែមួយឆ្នាំ។ កូនតូចរបស់គាត់រស់នៅក្នុងកងកុមារ ដែលមានចាស់ៗជាអ្នកមើលថែ។ ចំណែកកូនធំៗត្រូវធ្វើការក្នុងកងចល័ត ជីកទំនប់ លើកប្រឡាយ និងធ្វើស្រែចម្ការឆ្ងាយៗពីគាត់។ ក្នុងរបបខ្មែរក្រហមកូនប្រុសស្រីរបស់ សៅដី ចំនួនពីរនាក់បានស្លាប់បាត់បង់ជីវិត ដោយកូនស្រីដែលជាគ្រូពេទ្យសម័យ នល់ នល់ ត្រូវបានគេរំលោភសម្លាប់នៅក្នុងព្រៃនៅពេលធ្វើជានារីកងចល័តឆ្ងាយៗពីភូមិ និងកូនប្រុសបានបាត់ដំណឹងរហូតដល់សព្វថ្ងៃពេលធ្វើជាទាហានខ្មែរក្រហមនៅឆ្នាំ១៩៧៥។
ក្រោយមក សៅដី និងកូនៗត្រូវបានខ្មែរក្រហមជម្លៀសពីភូមិខ្នងជ្រូកខាងកើត ឲ្យទៅរស់នៅឯស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនេះ សៅដី ត្រូវចូលធ្វើការនៅក្នុងកងកម្លាំងសកម្មជួរមុខទីមួយ ដើម្បីជីកទំនប់ លើកប្រឡាយ ដកស្ទូង ធ្វើស្រែចម្ការ និងទូលស្រូវ ជាដើម។ សៅដី រៀបរាប់ថា កងទីមួយនេះជាកម្លាំងស្នូលក្នុងសហករណ៍ក្នុងការបង្កបង្កើនផលស្រូវឲ្យគ្រប់តាមផែនការ។ នៅទីនេះគាត់ក៏បានឃើញខ្មែរក្រហមធ្វើទារុណកម្ម និងនាំប្រជាជនយ៉ាងច្រើនទៅសម្លាប់ចោល។
សៅដី បាននិយាយថា៖ «ប្រជាជនគ្មានកំហុសត្រូវបាននាំយកទៅសម្លាប់ចោលទាំងខ្សែៗ ការសម្លាប់គឺងាយស្រួលណាស់ក្នុងរបបខ្មែរក្រហម។ ប្រជាជនរស់មួយថ្ងៃគិតមួយថ្ងៃ។ ពេលល្ងាចចប់ពីការងារ ប្រជាជនគិតថា ខ្លួនរួចរស់ជីវិតបានមួយពេល នៅពេលភ្ញាក់ឡើងទើបអាចគិតថារស់បានមួយថ្ងៃ ព្រោះនៅពេលយប់មានឈ្លបដើរលបស្តាប់តាមផ្ទះបន្ថែមទៀតបើមានប្រជាជនណាពិភាក្សាគ្នាដឹងដល់អង្គការនឹងត្រូវនាំយកទៅសម្លាប់ចោល»។
ចំណែករបបអាហារ សៅដី ទទួលបានមិនគ្រប់គ្រាន់ទេពិសេសអំឡុងពេលជម្លៀស។ សៅដី បានបន្តថានៅសហករណ៍ឯខេត្តព្រៃវែង ដោយសារអាណិតកូនតូចៗដែលរស់នៅក្នុងកងកុមារជាមួយចាស់ៗ គាត់តែងតែលួចលាក់របបអាហារខ្លួនទុកឲ្យកូនហូប ដោយមិនគិតពីខ្លួន។ គាត់រៀបរាប់ថា ទោះបីជារបបអាហារជារបស់ខ្លួនឯង ក៏គ្មានសិទ្ធិទុកឲ្យអ្នកដទៃដែរ ប្រសិនបើជាអង្គការដឹងត្រូវនាំយកទៅកសាង។
នៅស្រុកបាភ្នំបានមួយរយៈខ្មែរក្រហមបានជម្លៀសសៅដី និងកូនៗឲ្យមករស់នៅតំបន់ត្រពាំងរុន ស្ថិតនៅក្នុងខេត្តស្វាយរៀងវិញ។ នៅទីនេះបានរយៈពេលខ្លីរបបខ្មែរក្រហមក៏បានដួលរលំទៅ។ គាត់ និងកូនៗបានធ្វើដំណើរដោយថ្មើរជើងត្រឡប់មករស់នៅឯស្រុកកំណើតវិញ ដោយយប់កន្លែងណាសម្រាកកន្លែងនោះ។ មកដល់ភ្លាម គាត់ និងកូនៗមិនហ៊ានរស់នៅលើផ្ទះទេ ដោយសារនៅបាក់ស្បាត់នៅខ្លាចខ្មែរក្រហមមកសម្លាប់ទៀត គឺគាត់បន្តរស់នៅតាមព្រៃ និងតាមវាលស្រែ ប្រហែលពីរខែទើបគាត់នាំកូនៗមករស់នៅលើផ្ទះវិញ។
បន្ទាប់ពីសង្រ្គាមផុតរលត់ទៅក្នុងនាមជាស្រ្តីមេម៉ាយសៅដី បានខិតខំ តស៊ូ ប្រកបរបបធ្វើស្រែចម្ការដើម្បីចិញ្ចឹមកូនចំនួនប្រាំមួយនាក់តែម្នាក់ឯង រហូតដល់កូនៗធំមានគ្រួសារអស់។
សម្ភាសន៍ដោយៈ អ៊ុក ចាន់លក្ខិណា សម្ភាសន៍ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយៈ អេង សុខម៉េង