មូលហេតុដែលរុក្ខជាតិព្រៃមានមើមមួយប្រភេទ ប្រែក្លាយជាអ្នកសង្គ្រោះជីវិតក្នុងអំឡុងឆ្នាំខ្មែរក្រហម

រូបតំណាងនៃក្តួច (Photo Credit: Dioscorea Hispida, provided by https://www.inaturalist.org/photos/274994924)

(ពោធិ៍សាត់)៖ អ្នកខ្លះហៅវាថា ហ្កាដុង (ភាសាឥណ្ឌូនេស៊ី) ខ្លះទៀតហៅថាក្តួច (ភាសាខ្មែរ) ប៉ុន្តែសម្រាប់មនុស្សជាច្រើនដែលរស់នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងសង្គ្រាមស៊ីវិល និងរបបខ្មែរក្រហមទសវត្សរ៍ឆ្នាំ ១៩៧០ និងសង្គ្រាមស៊ីវិលដែលកើតឡើងម្តងទៀតអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ រុក្ខជាតិក្នុងព្រៃមួយប្រភេទនេះបានផ្តល់អត្ថន័យសម្រាប់ការរស់រានមានជីវិត។

អ្នកស្រី ផ្សុស ប្រៃ នៃកុលសម្ព័ន្ធភ្នំ ជនជាតិព្នង រស់នៅភាគឦសាននៃប្រទេសបានរំឭកថា សមាជិកគ្រួសារទាំងអស់របស់កូនស្រីគាត់ ត្រូវបានខ្មែរក្រហមសម្លាប់ដោយសារប្តីរបស់កូនស្រីគាត់បានយកអង្ករ ដែលជាកម្មសិទ្ធិសមូហភាពរបស់ខ្មែរក្រហម។ កូនស្រីរបស់គាត់ដែលទើបនឹងសម្រាលកូន គ្មានអ្វីសម្រាប់ហូបនោះទេ ក្រៅតែពីក្តួចប៉ុណ្ណោះ។

នៅពេលដែលកម្មាភិបាលខ្មែរក្រហមមិនអាចទទួលបានការផ្គត់ផ្គង់ស្បៀងអាហារតាមរយៈសហគមន៍ ពួកគេក៏បានបរិភោគក្ដួចដែលរកបាននៅក្នុងព្រៃក្រាស់នៃភ្នំឱរ៉ាល់តាមបណ្តោយព្រំដែនភាគខាងលិចរបស់ប្រទេសក៏ដូចជាតំបន់ភ្នំផ្សេងទៀតនៃប្រទេសក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០។

 

ប៊ិច ទូច អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

លោក ប៊ិច ទូច ដែលសព្វថ្ងៃមានអាយុ ៦៥ឆ្នាំ ចងចាំថា កាលគាត់នៅក្នុងជួរកងទ័ពខ្មែរក្រហមក្នុងតំបន់របស់គាត់ – ស្រុកវាលវែង ខេត្តពោធិ៍សាត់ – ក្តួចគឺជាអាហារចម្បងសម្រាប់កងទ័ពនៅក្នុងព្រៃ។

លោកស្រី ជួប ធៀង ក៏បានរំឮកថា គាត់បានយកក្ដួចធ្វើជាអាហារចម្បងអស់រយៈពេលបីឆ្នាំ នៅពេលដែលគាត់ត្រូវបានបង្ខំឱ្យរស់នៅលើភ្នំឱរ៉ាល់ក្នុងឆ្នាំ ១៩៧៩ នៅពេលដែលខ្មែរក្រហមត្រូវបានបណ្តេញចេញពីប្រទេស ហើយបានប្រមូលផ្តុំឡើងវិញនៅតាមព្រំដែនថៃ។ ធៀង ដែលមានដើមកំណើតនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិយាយថា ក្ដួច ដែលអាចរកបាននៅក្នុងព្រៃជ្រៅ គឺជាអាហារចម្បងរបស់គាត់ រហូតដល់ឆ្នាំ ១៩៨២ នៅពេលគាត់ផ្លាស់ទីទៅព្រំដែនថៃ។

 

ជួប ធៀង អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

យោងតាមសៀវភៅ “វចនានុក្រមរុក្ខជាតិដែលប្រើក្នុងប្រទេសកម្ពុជា” ដោយអ្នកគ្រូ ឌី ផុន ប៉ូលីន ដែលជាអ្នករុក្ខសាស្ត្រខ្មែរដែលបានរួចរស់ជីវិតពីរបបខ្មែរក្រហមផងដែរនោះ ក្តួច ដែលត្រូវបានគេហៅផងដែរថាជា ឌីអូស្កូរ៉ា អ៊ីស្ពីដា (Dioscorea Hispida) ឬប្រភេទរុក្ខជាតិមើមល្វីងនៅអាស៊ី គឺជារុក្ខជាតិដែលមានវល្លិវែងដែលអាចត្រូវបានរកឃើញនៅក្នុងព្រៃក្រាស់នៃតំបន់អាស៊ីអាគ្នេយ៍។

គាត់សរសេរថា មើមប្រភេទនេះទាមទារការបន្សាបជាតិពុលចេញមុនពេលចម្អិន ហើយដូចអ្នកខ្លះបានចង្អុលបង្ហាញថា «ត្រូវចិតមើមស្ដើងៗ ត្រាំក្នុងទឹកអស់ ២-៣ ថ្ងៃមុនពេលស្ងោរចម្អិន»។ ក្នុងគ្រាខ្វះខាតស្បៀងអាហារ ឬគ្រោះទុរ្ភឹក្សជនជាតិដើមភាគតិចនៃកោះស៊ូម៉ាត្រាក្នុងប្រទេសឥណ្ឌូណេស៊ីបានបរិភោគមើមមួយប្រភេទនេះ នេះបើយោងតាមប្រវត្តិសាស្ត្រនៃកោះស៊ូម៉ាត្រា។

តម្លៃអាហារូបត្ថម្ភនៃមើមនេះត្រូវបានកំណត់ មើមនេះមានជាតិកាបូអ៊ីដ្រាតខ្ពស់ ប្រូតេអ៊ីនឆៅ ខ្លាញ់ឆៅ និងផូស្វ័រ មើមប្រភេទនេះក៏ត្រូវបានគេឃើញនៅក្នុងប្រទេសឥណ្ឌាផងដែរ និងដោយប្រជាជនម៉ាងយ៉ាន (Mangyan) នៅក្នុងប្រទេសហ្វីលីពីន ប្រជាជននីហ្គ្រីតូ (Negrito) និងជនជាតិភាគតិចនៅតំបន់អាស៊ីអាគ្នេយ៍បរិភោគបន្ទាប់ពីការបន្សាបជាតិពុលក្នុងទឹក។

ក្នុងរបបខ្មែរក្រហមពីខែមេសា ឆ្នាំ ១៩៧៥ ដល់ខែមករា ឆ្នាំ ១៩៧៩ មេដឹកនាំរបស់ខ្លួនបានចាប់ផ្តើមផែនការ ៤ ឆ្នាំរបស់ពួកគេ ដែលពួកគេបានហៅផងដែរថា មហាលោតផ្លោះ ដែលនឹងត្រូវអនុវត្តក្នុងអំឡុងឆ្នាំ ១៩៧៧-១៩៨០ ។

ផែនការបួនឆ្នាំត្រូវបានអនុវត្តដោយផ្អែកលើការធ្វើកំណែទម្រង់សមូហភាព និងកសិកម្ម ដែលមានគោលដៅផលិតស្រូវឲ្យបានចំនួន ៣ តោនក្នុងមួយហិកតា។ កសិផលទាំងអស់ជាកម្មសិទ្ធិរបស់អង្គការ ប្រជាជនមិនត្រូវបានអនុញ្ញាតឱ្យបរិភោគអ្វីដែលពួកគាត់បានដាំនោះទេ ។ របបខ្មែរក្រហមបាននាំចេញកសិផលភាគច្រើនសម្រាប់ដោះដូរនឹងគ្រាប់រំសេវ។ ជាលទ្ធផល ប្រជាជនកម្ពុជាបានទទួលរងការស្រេកឃ្លាន ដែលនាំឲ្យមានមនុស្សបាត់បង់ជីវិតរាប់មិនអស់។ អ៊ុំ សារ៉េត នៅតែចងចាំអំពីកូនរបស់គាត់ដែលបានបាត់បង់ជីវិតដោយសារកង្វះអាហារូបត្ថម្ភ ខណៈពេលដែលគ្រួសាររបស់គាត់ទាំងមូលកំពុងមានជំងឺ។

ប៉ុន្តែនៅក្នុងកាសែតខ្មែរក្រហមឆ្នាំ១៩៧៦ របបនេះបានបន្ទោសខ្មាំងសត្រូវទៅវិញចំពោះ«ការប៉ុនប៉ងបង្អត់បាយឲ្យពួកគេ ហើយបង្អត់អាហារដល់ស្លាប់»។ ដូច្នេះ មនុស្សជាច្រើនបានបរិភោគ ក្ដួច ដែលបានក្លាយជាអាហារចាំបាច់សម្រាប់ការរស់រានមានជីវិត។

សូម្បីតែបន្ទាប់ពីការដួលរលំនៃរបបនេះក៏ដោយ ក៏ការរងទុក្ខដោយការអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភនៅតែបន្តសម្រាប់អ្នកដែលត្រូវបានបង្ខំឱ្យទៅតាមខ្មែរក្រហមនៅពេលពួកគេផ្លាស់ទីលំនៅតាមព្រំដែនថៃក្នុងឆ្នាំ ១៩៧៩។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅខែតុលា ឆ្នាំ១៩៩១ ប្រជាជនខ្លះបន្តស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម រហូតដល់ការចុះចាញ់មេដឹកនាំចុងក្រោយនៅខែធ្នូ ឆ្នាំ១៩៩៨។

នៅទីបញ្ចប់ មនុស្សប្រហែលជាង ២ លាននាក់បានបាត់បង់ជីវិតដោយសារការសម្លាប់ ការធ្វើការងារហួសកម្លាំង និងការអត់ឃ្លានក្នុងរបបខ្មែរក្រហម។ ប៉ុន្តែដោយសាររុក្ខជាតិព្រៃមួយប្រភេទឈ្មោះក្តួច បានធ្វើឱ្យមនុស្សមួយចំនួនអាចរស់រានបាន ហើយនៅទីបំផុតអាចរស់ឡើងវិញ៕

សម្ភាសន៍ដោយ មឿន ស្រីណុច និង ឡាំ ស្រីនីត នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣

អត្ថបទដោយ ស៊្រាង លីហ៊ួរ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin