ខ្ញុំខិតខំធ្វើការព្រោះខ្លាចអង្គការកសាង
(តាកែវ) ៖ ឈន ចាន់ថន ភេទស្រី មានអាយុ៦៥ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
គាត់បានរៀបរាប់ថា នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា១៧ឆ្នាំ អង្គការបានឲ្យគាត់ទៅលើកទំនប់ទួលលង្ការ។ នៅពេលដែលលើកទំនប់នោះជិតហើយ អង្គការបានឲ្យគាត់ទៅស្រែអំបិលដើម្បីធ្វើការនៅទីនោះ។
អង្គការឲ្យគាត់ក្រោកពីម៉ោងប្រាំព្រឹកដើម្បីហាត់ប្រាណ ហើយម៉ោងប្រាំពីរព្រឹកចូលធ្វើការនៅស្រែអំបិល ដល់ម៉ោង១១ ទើបបានសម្រាកហូបបាយ។ គាត់សម្រាកបានបន្តិចក៏ចុះធ្វើការទៀតរហូតដល់ម៉ោងប្រាំល្ងាចទើបបានសម្រាក។
ចំពោះការងារគាត់បានប្រាប់ថា គាត់ខិតខំធ្វើការទោះបីជានៅសហករណ៍មិនបង្ខំគាត់ក៏ដោយ ព្រោះខ្លាចអង្គការយកទៅកសាង។ គាត់ក៏បានប្រៀបធៀបអំពីការធ្វើការងារពីសម័យនោះ និងសម័យបច្ចុប្បន្នដែរថា កាលនោះគឺមានភាពលំបាកជាងសម័យនេះ សូម្បីតែពេលឈឺថ្កាត់ក៏ត្រូវទៅធ្វើការដែរ មិនដូចពេលនេះអាចឈប់សម្រាកបាននោះទេ។
ចំពោះរបបអាហារវិញគាត់បាននិយាយថា ខ្មែរក្រហមកំណត់ឲ្យហូបប៉ុណ្ណាគឺត្រូវហូបប៉ុណ្ណឹងមិនអាចហូបលើសបានឡើយ។ នៅពេលដែលធ្វើការនៅស្រែអំបិលជិតហើយ គាត់ត្រូវបានបញ្ជូនទៅបាត់ដំបងវិញ។ ទៅដល់ទីនោះប្រហែលជាពីរខែ អង្គការបានបញ្ជូនឲ្យទៅតាមសហករណ៍ ប៉ុន្តែគាត់មិនបានទៅជួយធ្វើស្រែជាមួយប្រជាជនផ្សេងៗនោះទេ។
អង្គការបានឲ្យគាត់ដឹកនាំប្រជាជនស្វែងរកសម្ភារៈសម្រាប់ជួយប្រជាជនជុសជុលផ្ទះ និងផ្ទះបាយ។ ចាន់ថន ក៏បានបន្តទៀតថា គាត់នៅទីនោះបានប្រហែលជាកន្លះឆ្នាំ កងទ័ពវៀតណាមក៏បានចូលមក ហើយគាត់ក៏បានរត់ទៅកាន់ប្រទេសថៃ តែមិនបានប៉ុន្មានក៏ត្រឡប់ទៅពោធិ៍សាត់វិញ។ គាត់បន្ថែមថា គាត់រត់ទៅមក ចុះឡើងព្រោះតែសង្រ្គាម៕
សម្ភាសន៍ដោយ ផន ហេងលី នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ