បបរលាយផ្លែខ្វិត
(តាកែវ) ៖ ជ័យ យ៉ា មានអាយុ៧៤ឆ្នាំ រស់នៅភូមិសមរខ្មែរ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ គាត់មានបងប្អូនប្រាំមួយនាក់ ស្រីពីរនាក់ ប្រុសបួននាក់។
នៅមុនរបបខ្មែរក្រហមចូលកាន់កាប់ យ៉ា បានធ្លាប់រៀនអក្សរអក្ខរកម្មនៅក្នុងវត្តសមរមេត្រី។ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ សមាជិកគ្រួសាររបស់ យ៉ា ត្រូវបានជម្លៀសចេញពីផ្ទះ ទៅរស់នៅក្នុងវត្តសមរមេត្រី។
នៅពេលដែលគាត់កំពុងរស់នៅក្នុងវត្តនោះ គាត់បានឃើញគេវាយរូបសំណាក់ព្រះពុទ្ធរូបចោលទាំងអស់។ សូម្បីតែព្រះសង្ឃក៏ត្រូវសុគតដោយសារតែមិនមានអាហារសម្រាប់ឆាន់គ្រប់គ្រាន់។
យ៉ា បានបន្ថែមថា គាត់មានបងប្អូនប្រុសរបស់គាត់ពីរនាក់ត្រូវបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ដោយសារតែពេលនោះគាត់បម្រើការងារជាកងទ័ព។ នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានប្រើឲ្យទៅធ្វើការនៅកន្លែងធ្វើជី អង្គការបានឲ្យគាត់យកអាចម៍គោចាក់ទៅក្នុងរណ្ដៅហើយយកដីចាក់លុបដើម្បីលាយធ្វើជី។
គាត់បានធ្វើការងារទាំងដែលខ្លួនកំពុងតែមានផ្ទៃពោះ ធ្វើរហូតដល់សម្រាលទើបអង្គការឲ្យសម្រាក។ ឈប់សម្រាកមិនបានប៉ុន្មានថ្ងៃផងក៏ត្រូវទៅធ្វើការវិញ។ ក្រៅពីការលាយជី អង្គការក៏បានឲ្យគាត់ទៅជីកព្រែកចាប់ពីភូមិសមរខ្មែររហូតដល់ស្រុកក្រសាំង។
សម្រាប់ម៉ោងធ្វើការគឺចាប់ពីម៉ោងប្រាំពីរព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់សម្រាប់បរិភោគអាហារ រួចក៏ត្រូវចូលធ្វើការវិញនៅម៉ោងមួយរសៀលបន្តរហូតដល់ម៉ោងប្រាំល្ងាច។ អំឡុងពេលធ្វើការ គាត់មិនដែលហ៊ានលួចឈប់សម្រាក ឬលួចខ្ជិលនោះទេ ព្រោះប្រសិនជាលួចខ្ជិលមិនធ្វើការ អង្គការដឹងនឹងចាប់យកទៅធ្វើទារុណកម្ម និងកសាងជាដើម។
នៅពេលដែលមានជំងឺឈឺស្កាត់មិនមានការព្យាបាលបានត្រឹមត្រូវនោះទេ មានត្រឹមតែថ្នាំអាចម៍ទន្សាយដែលជាថ្នាំពេញនិយមជាងគេនៅក្នុងរបបនោះ ជំងឺខ្លះលេបត្រូវ ជំងឺខ្លះក៏អត់។
បើនិយាយពីរបបអាហារវិញគាត់បានរៀបរាប់ថា នៅក្នុងសហករណ៍ដែលគាត់រស់នៅមានត្រឹមតែបបរប៉ុណ្ណោះ។ គាត់បានប្រាប់ថាពេលខ្លះអង្គការបបរលាយជាមួយផ្លែខ្វិតឲ្យគាត់ហូបក៏មានដែរ។ ដោយសារតែកង្វះអាហារសម្រាប់បរិភោគដូច្នេះ គាត់បានលួចបេះស្លឹកបាស ឬស្លឹកងប់ស្រស់ដាក់ក្នុងបបរដើម្បីបានច្រើនសម្រាប់ហូប៕
សម្ភាសន៍ដោយ ថឹក ចាន់ណា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទដោយ នេន ស្រីមុំ