គ្មានកំហុសក៏ត្រូវស្លាប់

(តាកែវ) ៖ ស៊ឹម ចេង អាយុ៦៤ឆ្នាំ ទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

គាត់បានរៀបរាប់ពីរបបខ្មែរក្រហមថា កាលនោះគាត់មានអាយុប្រហែល១៦ឆ្នាំ ត្រូវបានអង្គការនាំទៅធ្វើការជាច្រើនកន្លែងផ្សេងៗគ្នា។ ការងារដែលគាត់ធ្វើមានដូចជា ជីកព្រែក ដកស្ទូង កាប់ដើមរំចាក និងសព្វបែបយ៉ាងជាច្រើនទៀត។

ដំបូងឡើយអង្គការបានឲ្យគាត់ទៅបោចស្មៅនៅទួលលង្ការ បន្ទាប់ពីនោះបានបញ្ជូនគាត់ចូលជាមួយកងចល័តភូមិភាគ ដែលនៅទីនោះគេហៅថាកងវីរៈលេខ៣។ នៅក្នុងកងចល័តភូមិភាគនោះ ចេង បានប្រាប់ថាមានមិត្តនារីជាច្រើននៅជុំគ្នា ហើយនៅទីនោះមិនមានអ្វីហូបច្រើននោះទេ ហូបបានបន្តិចៗ មានតែបបររាវលាយជាមួយត្រកួនប៉ុណ្ណោះ។

ចំពោះម៉ោងធ្វើការវិញគឺត្រូវចាប់ផ្ដើមពីម៉ោងប្រាំពីរព្រឹក រហូតដល់ម៉ោង១១ថ្ងៃទើបបានហូបបបរ ហើយសម្រាកបន្តិចត្រូវទៅធ្វើការវិញរហូតដល់ល្ងាចទើបបានឈប់សម្រាក។ ជារៀងរាល់ថ្ងៃម៉ោងបីកន្លះទៀបភ្លឺ អង្គការតែងតែដាសឲ្យគាត់ឡើងហាត់ប្រាណ។ នៅពេលដែលមានជម្ងឺឈឺស្កាត់ ចេង បានប្រាប់ថា ករណីឈឺធ្ងន់អង្គការអនុញ្ញាតឲ្យឈប់សម្រាកបានតែបីទៅបួនថ្ងៃទេ ត្រូវទៅធ្វើការវិញ ប្រសិនជាឈប់យូរថ្ងៃនោះនឹងមិនមានអាហារបរិភោគនោះទេ។

ស៊ឹម ចេង បានបន្ថែមថាពេលនោះឪពុកម្ដាយរបស់គាត់មានអាយុប្រហែលជា៤០ឆ្នាំជាង។ ម្ដាយរបស់គាត់នៅធ្វើការស្ទូងនៅភូមិស្វាយពារ ចំណែកឯឪពុករបស់គាត់ដំបូងឡើយនៅភ្ជួរស្រែ បន្ទាប់មកអង្គការឲ្យឪពុករបស់គាត់មកកាត់​ខោអាវ។ ក្រោយមកដោយអង្គការបានដឹងអំពីប្រវត្តិគ្រួសាររបស់គាត់ជាគ្រួសារដែលមានជីវភាពធូរធាពីមុនមក អង្គការក៏បានចាប់យកឪពុករបស់គាត់យកទៅសម្លាប់ចោល ទាំងដែលគាត់មិនមានកំហុសអ្វីសោះ។

អង្គការជម្លៀសឲ្យគាត់ទៅធ្វើការនៅឆ្ងាយពីផ្ទះ គឺគាត់មិនសូវបានមកផ្ទះជួបគ្រួសារឡើយ ព្រោះគ្រួសាររបស់គាត់ត្រូវទៅធ្វើការដែរ។ ទាល់តែបែករបបខ្មែរក្រហមទើបបានត្រឡប់មកផ្ទះជួបជុំគ្រួសារវិញ៕

សម្ភាសន៍ដោយ ផន ហេងលី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin