ខ្ញុំមិនចង់រំលឹកអំពីរបបខ្មែរក្រហមទេ
(ស្ទឹងត្រែង) ៖ រ័ត្ន គីម ភេទស្រី មានអាយុ ៦២ ឆ្នាំ សព្វថ្ងៃរស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
គីម បានរៀបរាប់អំពីហេតុការណ៍ដែលគាត់ធ្លាប់បានឆ្លងកាត់ពីរបបខ្មែរក្រហមប្រាប់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់វេទនាណាស់។ គាត់បាននិយាយថារបបមួយនោះគួរតែជីកកប់វាបំបាត់ចោលទៅ មិនគួររំលឹកឡើងមកវិញទេ។ ព្រោះគាត់ឆ្អែតឆ្អន់ជាមួយនឹងរបបមួយនោះ ធ្វើឲ្យគាត់វេទនាខ្លោចផ្សា ព្រាត់ប្រាស់ឪពុកម្ដាយ បងប្អូន។ របបនោះគឺជារបបដ៏ឃោរឃៅ បានសម្លាប់រង្គាលជាតិសាសន៍ខ្លួនឯង។
របបអាហារនៅពេលនោះ គឺមិនទទួលបានគ្រប់គ្រាន់នោះទេ បានត្រឹមតែបបរបន្តិចបន្តួច។ គីម បានប្រាប់ថាគាត់ទទួលបានបបរមួយកូនចានចង្កឹះ សម្រាប់ហូបពីរនាក់ប្អូនរបស់គាត់ ក្នុងមួយនាក់បានត្រឹមតែពីរទៅបីស្លាបព្រាប៉ុណ្ណោះ។ គាត់ស៊ូទ្រាំដើម្បីចិញ្ចឹមប្អូនប្រុសរបស់គាត់ឲ្យបានរស់ជីវិត ពេលខ្លះគាត់សុខចិត្តហូបបបរតែបន្តិច មួយចំណែកធំទុកឲ្យប្អូនប្រុសរបស់គាត់។
ការធ្វើការងារគឺអង្គការបានឲ្យគាត់ស្ទូងស្រូវ ហើយការស្ទូងនោះគឺអង្គការមានការកត់ឈ្មោះទុកសម្រាប់សម្គាល់ថា នរណាជាអ្នកស្ទូងនៅកន្លែងនោះ ព្រោះអង្គការបានដាក់ច្បាប់មកថា ក្នុងរយៈពេលបីថ្ងៃបើសន្ទូងនោះងាប់ អង្គការនឹងយកអ្នកស្ទូងទៅសម្លាប់ចោល បើសន្ទូងនោះរស់ អ្នកស្ទូងក៏រួចជីវិត។
គាត់បានលើកឡើងអំពីការស្ទូងស្រូវដែលអង្គការបានប្រើឲ្យប្រជាជន យកសំណាបទៅជ្រលក់ជាមួយនឹងជីលាមកមនុស្ស។ គាត់ថាជីនោះមានសុទ្ធតែដង្កូវ ហើយអង្គការមិនអនុញ្ញាតឲ្យយកសំណាបនោះដាក់ក្នុងទឹកទេព្រោះខ្លាចអស់ជីដែលជាប់នៅសំណាបនោះ។ ក្រៅពីស្ទូងស្រូវ អង្គការបានប្រើឲ្យគាត់ឃ្វាលគោ ក្របី លើកភ្លឺស្រែ លើកប្រឡាយជាដើម។
រ័ត្ន គីម បានបន្ថែមថា ជំនាន់នោះគឺវេទនាណាស់ មានការបែកបាក់គ្រួសារ។ ប្រជាជនខ្លះត្រូវបាត់បង់សមាជិកគ្រួសារ មិនបានទទួលដំណឹងពីគ្រួសារ ត្រូវគេជម្លៀសទៅឆ្ងាយ ទម្រាំតែបានជួបជុំវិញ។ គីម និងប្អូនប្រុសរបស់គាត់ត្រូវបានអង្គការជម្លៀសឲ្យទៅធ្វើស្រែនៅឆ្ងាយពីឪពុកម្ដាយរបស់គាត់។ ជំនាន់នោះគាត់មានអាយុប្រហែលជា ១៣ឆ្នាំ។
ឈានចូលមកដល់សម័យរំដោះ គាត់បានរត់មកនៅភូមិព្រះនង្គ័ល បន្ទាប់មកបានត្រឡប់ទៅកាន់ស្រុកកំណើតរបស់គាត់វិញនៅភូមិអូរត្រែល ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ នៅពេលដែលបានមកជួបជុំគ្រួសារវិញ នៅអំឡុងឆ្នាំ១៩៨៥ គាត់បានចូលបម្រើការជាទាហាន។ គាត់បានឈប់ធ្វើទាហាននៅពេលដែលគាត់រៀបការជាមួយស្វាមីរបស់គាត់ ហើយបានផ្លាស់ទីលំនៅពីភូមិអូរត្រែល ទៅរស់នៅភូមិអូររុន នៅប្រហែលឆ្នាំ ១៩៩៥។
សម្ភាសន៍ដោយ ស្រេង លីដា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣
អត្ថបទដោយ នេន ស្រីមុំ