មិនចង់ឲ្យរបបខ្មែរក្រហមកើតឡើងវិញ
(ស្ទឹងត្រែង) ៖ គង់ កែម ភេទស្រី មានអាយុ ៥០ឆ្នាំ សព្វថ្ងៃជាកសិករ រស់នៅភូមិអូររុន ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ ខេត្តស្ទឹងត្រែង។
កែម នៅតែនឹកឃើញអំពីការលំបាក ដែលគាត់ធ្លាប់បានឆ្លងកាត់នៅក្នុងរបបខ្មែរក្រហម។ គាត់មិនចង់ឲ្យមានការកាប់សម្លាប់ដែលកើតមាននៅក្នុងសម័យនោះវិលត្រឡប់មកវិញទេ។ គាត់ចង់ឲ្យតែមានភាពសុខសាន្តដូចបច្ចុប្បន្ននេះរហូតទៅ។ គាត់មិនចង់ជួបការលំបាកទៀត ហើយក៏មិនចង់ឲ្យកូនចៅជំនាន់ក្រោយនេះជួបរបបនោះដែរ។
មកដល់សព្វថ្ងៃនេះ កែម នៅតែយល់សប្តិអាក្រក់ឃើញអំពីហេតុការណ៍ដែលកើតមាននៅក្នុងរបបនោះ។ គាត់នៅតែមានអារម្មណ៍ថាឈឺចាប់ នៅពេលគាត់នឹកដល់រឿងនោះ។ កាលពីជំនាន់នោះគាត់ស្ថិតនៅក្នុងកងកុមារ មានអាយុប្រហែលជិតដប់ឆ្នាំ។ ថ្វីត្បិតតែគាត់នៅក្មេងតែគាត់បានយល់ដឹងអំពីការធ្វើបាបប្រជាជន ការសម្លាប់មនុស្ស និងការបង្អត់អាហារជាដើម។
ឪពុក និងបងប្អូនរបស់គាត់ត្រូវបានអង្គការជម្លៀសឲ្យទៅធ្វើការឆ្ងាយ។ ចំណែក កែម បានរស់នៅជាមួយម្ដាយ តែមិនបាននៅជាមួយគ្នាបានរហូតនោះទេ។ ពេលព្រឹកឡើងម្ដាយរបស់គាត់ទៅធ្វើការ រីឯ កែម ក៏ត្រូវចេញទៅធ្វើការដែរ។ នៅពេលនោះ កែម ជាកងកុមារ អង្គការបានប្រើឲ្យគាត់ធ្វើជីកំប៉ុស ដូច្នេះគាត់ត្រូវទៅកាប់ទន្រ្ទានខែត្រ រើសអាចម៌គោ អាចម៌ក្របី ដើម្បីលាយធ្វើជាជី។ ក្រៅពីធ្វើជី អង្គការក៏បានប្រើឲ្យគាត់ទៅដកស្ទូងដែរ។ កុមារទទួលបានអាហារមិនគ្រប់គ្រាន់ ដោយទទួលបានមួយថ្ងៃតែបបររាវ២ពេលប៉ុណ្ណោះ។
នៅក្នុងរបបនោះ កែម បានប្រាប់ថា មានការព្រាត់ប្រាសគ្រួសារ ព្រោះត្រូវជម្លៀសទៅធ្វើការនៅខេត្តឆ្ងាយ។ ខ្លះទៀតសមាជិកគ្រួសារត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារតែមានជំងឺមិនមានការព្យាបាលបានត្រឹមត្រូវ ដោយសារការធ្វើការហួសកម្លាំង និងខ្លះទៀតត្រូវបានអង្គការចាប់យកទៅសម្លាប់ដោយចោទថាជាជនក្បត់ក៏មាន។ កែមបានទៀតនិយាយថា៖
«ពេលនោះមិនបានរស់នៅជុំគ្នាទេ ម៉ែឪព្រាត់ប្រាសគ្នា ត្រូវគេចង់ធ្វើបាបគេធ្វើទៅ ត្រូវគេវាយដំវាយទៅ អត់បាននៅជុំគ្នាដូចឡូវ(ឥឡូវ)ទេ! មានតែការបែកបាក់គ្រួសារ ទៅនេះទៅនោះ ទៅលើកទំនប់ក៏ទៅលើកទៅ ទៅស្ទូងទៅដកអីទៅ បែកគ្នាអស់។»
គង់ កែម បានយល់ថាការកាត់ទោសមេដឹកនាំខ្មែរក្រហមគឺ បានផ្ដល់សិទ្ធិ និងសេរីភាព ព្រមទាំងផ្ដល់ភាពយុត្តិធម៌សម្រាប់ប្រជាជនខ្មែរទាំងមូល។ ដើម្បីឲ្យក្មេងជំនាន់ក្រោយជៀសផុតពីការកើតមានឡើងរបបនោះមកវិញ យើងត្រូវឲ្យបញ្ជូនគាត់ទៅសិក្សារៀនសូត្រនៅសាលារៀន។
សម្ភាសន៍ដោយ ស្រេង លីដា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣
អត្ថបទដោយ នេន ស្រីមុំ