បងស្រីខ្ញុំម្នាក់បានស្លាប់ ម្នាក់ទៀតមិនដឹងដំណឹង

(តាកែវ) ៖ នៅ សុខុម ភេទស្រី មានអាយុ ៦៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងម្កាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ ឪពុកឈ្មោះ អ៊ុន(ស្លាប់) ម្ដាយឈ្មោះ តី។ សព្វថ្ងៃរស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ គាត់មានកូន៦នាក់ នៅក្នុងបន្ទុក និង មានស្វាមីឈ្មោះ ណុប មាច។

មុនឈានចូលដល់របបខ្មែរក្រហម មានការទម្លាក់គ្រាប់បែកនៅឆ្នាំ១៩៧២។ ដោយសារការធ្វើរដ្ឋប្រហារទម្លាក់សម្ដេច សីហនុ បានធ្វើឲ្យប្រជាជនមានការភ័យខ្លាចជាខ្លាំង បាននាំគ្នារត់យករួចខ្លួនតាមសមត្ថភាពរៀងៗខ្លួន។ នៅពេលដែលពុំមានស្នូរកាំភ្លើង និងគ្រាប់បែកទើបគាត់ត្រឡប់មករកផ្ទះសម្បែងវិញ។ នៅក្នុងរបបខ្មែរក្រហម សុខុម ធ្វើការនៅក្នុងកងនារី ដោយជីកប្រឡាយ។ ក្រៅពីការជីកប្រឡាយ ពេលរដូវច្រូតកាត់ គាត់ត្រូវច្រូតស្រូវ និងស្ទូងស្រូវនៅរដូវស្ទូង។

នៅក្នុងរបបនោះម្ដាយរបស់ សុខុម ត្រូវបានអង្គការប្រើឲ្យមើលកូនក្មេងតូចៗ និងដាំបន្លែបន្តិចបន្តួច ព្រោះគាត់មានវ័យចំណាស់ មិនអាចធ្វើការដូចប្រជាជនដែលមានកម្លាំង។ ប្រជាជនចាស់ៗ ក៏ត្រូវបានខ្មែរក្រហមប្រើឲ្យត្បាញសម្លៀកបំពាក់ និង ក្រមា។

នៅក្នុងរបបខ្មែរក្រហម និងពេលសង្រ្គាម កុមារមិនសូវបានសិក្សារៀនសូត្របានច្រើននោះទេ។ ពេលខ្លះកំពុងតែរៀន ក៏មានការទម្លាប់គ្រាប់បែកក៏នាំគ្នារត់ចូលក្នុងត្រង់សេ ដើម្បីគេចខ្លួនពីគ្រាប់បែក។ នៅក្នុងរបបខ្មែរក្រហមមិនមានការគោរពបូជាសាសនាឡើយ ព្រោះខ្មែរក្រហមបានលុបបំបាត់សាសនាចោល។ លោកសង្ឃត្រូវបានគេចាប់ផ្សឹកដើម្បីឲ្យទៅធ្វើការងារដូចប្រជាជនធម្មតា។ រីឯការចាយប្រាក់ក៏ត្រូវបានបិទចរាចរណ៍។ នៅពេលនោះអង្គការបានចែកសម្លៀកបំពាក់ពណ៌ខ្មៅដល់ប្រជាជនក្នុងមួយនាក់បាន ពីរសម្រាប់ នៅក្នុងមួយឆ្នាំ។

គាត់បានទៅជីកប្រឡាយនៅទំនប់ពកត្របែក ប្រឡាយទំនប់លោក។ ចំពោះការជីកប្រឡាយគឺអង្គការបានវាស់ជាម៉ែត្រ កំណត់ឲ្យប្រជាជនធ្វើឲ្យបានតាមផែនការ ប្រសិនបើអ្នកណាម្នាក់ធ្វើមិនបានទេគាត់នឹងមិនទទួលបានអាហារបរិភោគឡើយ។ កាលពីជំនាន់នោះនៅក្នុងមួយខែ អង្គការបានធ្វើពិធីជប់លាងឲ្យម្ដង ប្រជាជនបានជួបជុំគ្នា ទទួលទានអាហារបានឆ្ងាញ់មាត់មួយពេល និងមានសកម្មភាពផ្សេងៗទៀត។

គាត់បានបាត់បងស្រីរបស់គាត់ចំនួនពីរនាក់នៅក្នុងរបបខ្មែរក្រហម។ បងស្រីរបស់គាត់ម្នាក់បានស្លាប់ដោយសារតែសម្រាលកូន ដោយមិនមានពេទ្យមើលថែបានដិតដល់។ បងស្រីរបស់គាត់ម្នាក់ទៀតបានបាត់ខ្លួននៅពេលទៅធ្វើជាទាហាន មិនដឹងថាស្លាប់ ឬនៅរស់នោះទេ ព្រោះមិនទទួលបានដំណឹងរហូតដល់ពេលនេះ។

ក្រោយពីបែករបបខ្មែរក្រហមគាត់បានរត់ទៅដល់ស្រុកថៃ ពេលចេញពីស្រុកថៃគាត់ក៏ទៅជាច្រើនកន្លែងផ្សេងទៀត។ ពេលនោះគាត់រត់ទៅតែម្នាក់ឯងប៉ុណ្ណោះ មិនមានសមាជិកគ្រួសាររបស់គាត់ណាម្នាក់ទៅជាមួយឡើយ។ ចុងក្រោយគាត់ក៏បានត្រឡប់ទៅកាន់ផ្ទះរបស់គាត់ បានជួបជុំជាមួយនឹងក្រុមគ្រួសាររបស់គាត់។

សម្ភាសន៍ដោយ សំ ម៉ូលីកា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin