ខ្មែរក្រហមចាប់មនុស្សទាំងហ្វូងទៅសម្លាប់ចោល
(តាកែវ) ៖ សែត សុខន ភេទប្រុស មានអាយុ៦៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិប្រាសាទ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅក្នុងរបបខ្មែរក្រហមមានភាពលំបាកណាស់ អង្គការបានបង្ខំឲ្យគាត់ធ្វើការហួសកម្លាំង សម្រាកមិនគ្រប់គ្រាន់។ ទាហានខ្មែរក្រហមបានវាស់ដីកំណត់ឲ្យគាត់ជីកទំហំមួយម៉ែត្រ ដែលគាត់ត្រូវជីកឲ្យហើយក្នុងរយៈពេលត្រឹមតែមួយព្រឹក។
ប្រសិនបើធ្វើមិនហើយ អង្គការនឹងចោទថាជាមនុស្សដែលខ្ជិលធ្វើការងារ នោះគេនឹងយកទៅធ្វើទារុណកម្ម ឬយកទៅសម្លាប់ចោលជាមិនខាន។ កាលពីជំនាន់នោះ ខ្មែរក្រហមបានសម្លាប់មនុស្សអស់ច្រើនលើសលប់ ដោយអ្នកខ្លះមិនបានដឹងថាខ្លួនមានកំហុសអ្វីសោះក៏មាន។ ភាគច្រើនដែលគេសម្លាប់គឺប្រជាជន ដែលត្រូវជម្លៀសចេញពីភ្នំពេញ ឬគេហៅថា ជាប្រជាជន១៧មេសា ដោយយកទៅវ៉ៃចោលនៅជិតដើមអំពិលទឹកបារាំង។ ទាហានខ្មែរក្រហមសម្លាប់មនុស្សដោយប្រើត្បូងចប និងគល់ឫស្សី វាយក្បាល ឬកញ្ចឹងក។
នៅក្នុងរបបខ្មែរក្រហម សុខន មានតួនាទីជាប្រធានកង រយ។ ថ្វីត្បិតតែគាត់ជាប្រធានកងរយ អង្គការក៏មិនទុកឲ្យគាត់នៅទំនេរដែរ។ គាត់ត្រូវធ្វើការដូចជាប្រជាជនធម្មតាដែរ។ អង្គការបានប្រើឲ្យគាត់ភ្ជួររាស់ ជីកប្រឡាយ ជីកទំនប់ និងរែកដី។ អង្គការបានឲ្យគាត់ទៅរែកដី និងជីកទំនប់ ពកត្របែក ឬ ខ្ពកត្របែក ដែលសព្វថ្ងៃស្ថិតនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ អង្គការបានប្រើឲ្យគាត់ធ្វើការទាំងយប់ ទាំងថ្ងៃ មិនសូវមានពេលសម្រាក។
បន្ទាប់ពីនោះអង្គការបានឲ្យគាត់ទៅជីកប្រឡាយទំនប់លោករយៈពេលប្រហែលជាមួយឆ្នាំបន្ថែមទៀត។ ក្រៅពីជីកប្រឡាយ សុខន បានដឹកនាំប្រជាជនប្រហែល១០នាក់ ទៅជីក រណ្ដៅសម្រាប់ដាំដើមដូងនៅចម្ការសៀង ស្ថិតក្នុងខេត្តកំពត។ នៅទីនោះគាត់ថា អង្គការបានឲ្យជីកម្នាក់មួយរណ្ដៅ ក្នុងមួយថ្ងៃប្រជាជនត្រូវជីកឲ្យបានរួចរាល់ ប្រសិនបើមិនរួចរាល់ទេ អង្គការមិនអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញឡើយ។
សុខន បានប្រាប់បន្ថែមថា រាល់សម្ភារដែលអង្គការបានចែកឲ្យនៅក្នុងរបបនោះគឺត្រូវរក្សាទុកឲ្យបានល្អ មិនត្រូវឲ្យមានការបាត់បង់ឡើយ។ ពេលនោះអង្គការបានផ្ដល់ឲ្យគាត់នូវចបមួយ គាត់បាននិយាយថា៖
«ចបនោះខ្ញុំប្រើទាល់តែសឹកមុខចង់អស់ សូម្បីតែពេលដេកក៏ខ្ញុំដាក់ក្បែរខ្លួនដែរ ព្រោះខ្លាចបាត់! ខ្លាចគេយកទៅសម្លាប់ចោល»។
បងប្អូនរបស់គាត់ពីរនាក់ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោលដោយមិនដឹងមូលហេតុអ្វីឡើយ។ ការរៀនសូត្រនៅក្នុងរបបនោះ គឺរៀនបានត្រឹមតែក្មេងតូចៗ ដែលរៀនត្រឹមតែអក្សរពីរទៅបីតួ និងបង្រៀនឲ្យស្មោះត្រង់តែជាមួយនឹងអង្គការប៉ុណ្ណោះ។
សម្រាប់ប្រជាជនណាដែលមានចំណេះដឹងច្រើនជ្រៅជ្រះ អង្គការនឹងតាមស៊ើបសួរប្រវត្តិយកទៅស្លាប់ចោល ព្រោះនៅក្នុងរបបនោះ ខ្មែរក្រហមស្អប់អ្នកមានចំណេះដឹង ស្អប់ការប្រកាន់បក្សពួក ស្អប់ការបែងចែកវណ្ណៈរស់នៅ។ មេចលនាខ្មែរក្រហមបានបញ្ជាឲ្យលុបបំបាត់ការចាយប្រាក់ លុបបំបាត់សាសនា វាយកម្ទេចវត្តអារាម និងរូបសំណាក់បដិមាករ បំផ្លាញសាលារៀន។ បន្ទាប់ពីរបបខ្មែរក្រហមត្រូវបានបញ្ចប់ គាត់បានត្រឡប់មកកាន់ស្រុកកំណើតរស់នៅជួបជុំជាមួយគ្រួសាររបស់គាត់ជាថ្មីម្ដងទៀត៕
សម្ភាសន៍ដោយ សំ ម៉ូលីកា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣
អត្ថបទដោយ នេន ស្រីមុំ