ខ្ញុំប្រកែកនឹងអង្គការថាមិនព្រមរៀបការ
(តាកែវ) ៖ នាក់ វណ្ណថន ភេទស្រី មានអាយុ៦៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រាសាទ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
នៅក្នុងរបបខ្មែរក្រហម វណ្ណថន បានប្រាប់ថា គាត់ត្រូវបានជម្លៀសទៅកាន់ភូមិកំពង់យោល ស្រុកបុរីជលសារ។ ខ្មែរក្រហមជម្លៀសឲ្យគាត់ទៅទីនោះគឺដើម្បីធ្វើស្រែ។ ការជម្លៀសនោះគឺទៅទាំងគ្រួសារ ព្រមទាំងមានអ្នកដែលរស់នៅភូមិជាមួយគ្នា។ អង្គការបានឲ្យប្រជាជនដែលជម្លៀសទៅទាំងអស់ រស់នៅជាសហករណ៍ ហូបបាយរួម ធ្វើការរួម និងស្នាក់នៅរួម។ អង្គការបានឲ្យជម្លៀសចេញពីភូមិនៅតែពេលយប់ប៉ុណ្ណោះ ព្រោះពេលថ្ងៃខ្លាចមានការទម្លាក់គ្រាប់បែក។ វណ្ណថន បាននិយាយថា៖
«នៅសម័យនោះវេទនាណាស់អូនអ៊ើយ! ល្មមរស់ដល់សម័យឥឡូវនេះ»។
វណ្ណថន ធ្វើការនៅក្នុងកងចល័ត ការងារដែលគាត់ត្រូវធ្វើមាន គាស់គល់ឈើ លើកប្រព័ន្ធប្រឡាយ លើកភ្លឺស្រែ ច្រូតស្រូវ និង មានការងារផ្សេងៗទៀតស្រេចទៅលើតែអង្គការបញ្ជាឲ្យធ្វើ។ ខែស្រូវទុំ អង្គការបើកឲ្យប្រជាជនទៅច្រូតស្រូវនៅ អង្គរំពាក់ បច្ចុប្បន្នហៅ ភូមិត្រពាំងរំពាក់។ នៅឯអង្គរំពាក់នោះក៏មានការទម្លាក់គ្រាប់បែកដែរ។ ប្រជាជនដែលត្រូវទៅធ្វើការនៅទីនោះមានភាពភ័យខ្លាចចំពោះការទម្លាក់គ្រាប់បែកជាខ្លាំង។
ផុតពីរដូវច្រូតស្រូវ អង្គការឲ្យគាត់ទៅជីកប្រឡាយ និងរែកដីវិញ។ ការជីកប្រឡាយ និងការរែកដីនោះគឺក្នុង មួយនាក់ កំណត់ឲ្យប្រាំម៉ែត្រ ត្រូវធ្វើឲ្យហើយក្នុងរយៈពេលត្រឹមតែមួយព្រឹក ប្រសិនបើធ្វើមិនហើយនឹងមិនត្រូវបានឲ្យឈប់នោះទេ។ នៅរដូវវស្សាដែលជារដូវដកស្ទូង នៅក្នុងទំហំដីមួយហិចតា អង្គការបានកំណត់ឲ្យស្ទូងត្រឹមតែ១០នាក់ប៉ុណ្ណោះ។ ប្រជាជនទាំង១០នាក់នោះត្រូវស្ទូងឲ្យពេញដី ប្រសិនបើមិនពេញដីទេ អង្គការមិនឲ្យឡើងបរិភោគអាហារឡើយ។
នៅក្នុងរបបខ្មែរក្រហម វណ្ណថន មានអាយុប្រហែលជា១៩ឆ្នាំ។ ពេលនោះគាត់ត្រូវបានអង្គការបង្ខំឲ្យរៀបការជាមួយមនុស្ស ដែលគាត់មិនបានស្គាល់អំពីអត្តសញ្ញាណ។ គាត់បានប្រកែកមិនព្រមរៀបការជាមួយនឹងបុរសម្នាក់នោះឡើយ។ អង្គការក៏មិនបានយកទោសពៃរ៍អ្វីដែរ ព្រោះបានមើលអំពីស្ថានភាពរបស់គាត់ ដែលមិនមានសុខភាពល្អ រូបកាយស្គមកំព្រឹង មើលទៅមិនសូវមានសាច់ ឈាម។
ចំពោះរបបអាហារនៅក្នុងរបបខ្មែរក្រហម នៅខែច្រូតកាត់រួចរាល់ អង្គការបានដាំបាយសម្រាប់លើកទឹកចិត្តដល់ប្រជាជនឲ្យមានកម្លាំងធ្វើការបន្តទៀត។ នៅបន្ទាប់ពី រដូវច្រូតកាត់ ប្រជាជនបានហូបត្រឹមតែបបររាវមួយចានប៉ុណ្ណោះ។ គាត់បានបន្ថែមថា ពេលខ្លះនៅតំបន់ដែលគាត់រស់នៅមិនមានអាហារហូបគ្រប់គ្រាន់នោះទេ ជួនកាលត្រូវដាច់របបអាហារពីប្រាំទៅប្រាំមួយដងក្នុងមួយខែ។
នៅក្នុងមួយខែមានការប្រជុំបីដង មានថ្ងៃទី១០ ២០ និងថ្ងៃទី៣០។ ការប្រជុំនោះនិយាយតែពីរឿងធ្វើការងារ។ អង្គការបានប្រាប់ឲ្យប្រជាជនខិតខំធ្វើការងារ កុំលួចខ្ជិល និង មិនឲ្យមានគំនិតក្បត់នឹងអង្គការជាដើម។ គ្រួសារត្រូររស់នៅឆ្ងាយពីគ្នា មិនសូវបានជួបមុខគ្នានោះទេ។ ប្រសិនបើចង់ជួបនឹងឪពុកម្ដាយត្រូវលួចអង្គការទៅទៅជួប។ វណ្ណថន បានលួចអង្គការទៅលេងផ្ទះ នៅពេលដែលគាត់ចេញពីធ្វើការនៅពេលល្ងាច។ គាត់ត្រូវតែត្រឡប់ទៅកន្លែងធ្វើការវិញនៅពេលជិតភ្លឺ ដើម្បីកុំឲ្យប្រធានកងចាប់បាន៕
សម្ភាសន៍ដោយ សំ ម៉ូលីកា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣
អត្ថបទដោយ នេន ស្រីមុំ