ហូបសត្វកន្លាត ដោយសារភាពស្រេកឃ្លាន

(តាកែវ) ៖ អោក មុំ ភេទស្រី មានអាយុ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅពេលខ្មែរក្រហមចូលកាន់អំណាច គាត់មានអាយុប្រហែលជា១០ឆ្នាំជាង អង្គការប្រើឲ្យគាត់ដើររើសគួរស្រូវដែលដាច់ធ្លាក់នៅលើដី នៅបន្ទាប់ពីកងនារីចាស់ៗបានច្រូតហើយ។ ក្រោយពីរើសកគួរស្រូវនោះចប់ អង្គការក៏បានប្រើឲ្យគាត់ និងកងកុមារផ្សេងៗទៀតដើររើសអាចម៍គោតាមផ្ទះ និងកាប់ទន្រ្ទានខេត្ត ធ្វើជីជាដើម។

អង្គការមិនបានបំបែកគាត់ចេញពីម្ដាយឪពុករបស់គាត់នោះទេ។ គាត់បានបញ្ជាក់ថា នៅក្នុងខេត្តតាកែវ មិនមានការបំបែកការរស់នៅ ឲ្យនៅដាច់ដោយឡែកពីសមាជិកគ្រួសារនោះទេ បែកគ្នាតែម៉ោងធ្វើការប៉ុណ្ណោះ នៅពេលល្ងាចឡើយគឺបានត្រឡប់ទៅផ្ទះជុំគ្នាវិញ។

អង្គការបានឲ្យម្តាយរបស់គាត់ធ្វើការនៅក្នុងកងច្រូតស្រូវ និងឪពុករបស់គាត់ធ្វើការជាអ្នកដឹកដំឡូង។ គាត់មានបងប្អូនទាំងអស់៤នាក់។ ប្អូនស្រីរបស់គាត់ម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងរបបខ្មែរក្រហម ដោយសារតែមានជំងឺ។ ចំពោះរបបអាហារ មុំ បាននិយាយថានៅក្នុងភូមិរបស់គាត់ អង្គការបានផ្ដល់ឲ្យតាមរដូវកាល ដោយខែខ្លះបានបាយហូប ខែខ្លះទៀតបានត្រឹមបបររាវ។

អង្គការបានផ្ដល់របបអាហារឲ្យប្រជាជនក្នុង១ថ្ងៃ ទទួលបានពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។ ដោយសារតែមិនមានរបបអាហារពេលព្រឹក សម្រាប់បាយថ្ងៃត្រង់នៅថ្ងៃខ្លះត្រឹមតែម៉ោង១០ ទៅម៉ោង១០កន្លះ អង្គការហៅប្រជាជនឲ្យទៅបរិភោគ។

មុំ បានប្រាប់ថា ក្មេងៗណាដែលដើរមិនទាន់អ្នកធំៗ អង្គការបានចាប់វាយ និងស្រែកគំរាមកំហែងបន្តិចបន្តួច ឲ្យធ្វើយ៉ាងណាដើរឲ្យទាន់។ នៅក្នុងរបបខ្មែរក្រហមមនុស្សគ្រប់វ័យទាំងអស់ មិនថាវ័យក្មេង ជំទង់ និងវ័យចំណាស់មិនបានរៀនសូត្រច្រើនជ្រៅជ្រះឡើយ រៀនបានត្រឹមតែអក្សរ៣-៤តួប៉ុណ្ណោះ។ បន្ទាប់ពីខ្មែរក្រហមបានចូលកាន់អំណាចបានប្រហែលជាមួយឆ្នាំ អង្គការបានជម្លៀស មុំ និងគ្រួសារទៅកាន់ខេត្តបាត់ដំបង។

ទៅនៅទីនោះបានមួយរយៈធំ កងទ័ពវៀតណាមបានវាយចូលប្រទេសកម្ពុជា។ កងទ័ពវៀតណាមបានឲ្យប្រជាជនដែលត្រូវបានជម្លៀសទៅខេត្តបាត់ដំបង ត្រឡប់ទៅកាន់ស្រុកកំណើតរៀងៗខ្លួនវិញ។ ពេលធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើតវិញគ្រប់ប្រជាជនទាំងអស់ត្រូវដើរដោយថ្មើរជើង។

មុំ បាននិយាយថា ឪពុកម្ដាយរបស់គាត់ជាមនុស្សស្លូតត្រង់ ខិតខំធ្វើការងារ ព្រោះខ្លាចអង្គការយកទៅសម្លាប់ចោលដោយសារតែប្រជាជនដែលនៅផ្ទះជិតគាត់ ត្រូវអង្គការយកទៅសម្លាប់ចោលអស់ជាច្រើននាក់។ ពូរបស់គាត់ម្នាក់ ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ ព្រោះពូរបស់គាត់ធ្វើការយឺតយ៉ាវ មិនលឿនទៅតាមអ្វីដែលអង្គការចង់បាន។

រឿងរ៉ាវដែលគាត់នៅចង់ចាំមិនភ្លេចនោះគឺ នៅក្នុងរបបនោះដោយសារតែសេចក្ដីស្រេកឃ្លាន មិនមានអាហារហូបគ្រប់គ្រាន់ គាត់បានសម្រេចចិត្តចាប់សត្វកន្លាត និងសត្វកណ្ដូប យកទៅដុតហូបដើម្បីចម្អែតក្រពះ៕

សម្ភាសន៍ដោយ ផន ហេងលី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin