របបដែលខ្ញុំបានឆ្លងកាត់មានតែខ្មែរក្រហមទេដែលឃោរឃៅ

(ស្វាយរៀង) ៖ កែន ហាន អាយុ ៨១ឆ្នាំ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង​។

នៅពេលខ្មែរក្រហមកាន់អំណាច ហាន មិនត្រូវបានជម្លៀសទេគាត់ទើបតែសម្រាលកូនរួច ត្រូវបានប្រើឲ្យស្ទូងស្រូវ លើកភ្លឺស្រែ និងរែកជីដាក់ស្រែ។ ហាន ក្នុងនាមជាស្រ្តីមាន​កូនខ្ចីនាពេលនោះត្រូវបានខ្មែរក្រហម ធ្វើបាបដោ​យ​ចោទប្រកាន់ថា មាននិន្នាការទៅរក​វៀត​ណាម។

ហាន និងកូនប្រុសនៅវ័យជាកុមារត្រូវប្រើឲ្យជីកស្រះចិញ្ចឹមត្រី។ ពេលនោះកូនគាត់បានរងរបួសជើងអំឡុងពេល​ធ្វើការងារប៉ុន្តែគ្មានពេទ្យព្យាបាលរបួសទេ។ ហាន បាន​ត្រឹម​ព្យាបាលកូនដោយយកក្រណាត់លាយ ជាមួយប្រេងកាតដើម្បីចងផ្ចឹតមុខរបួស។ បច្ចុ​ប្បន្ន​​បានបន្សល់ទុក​ស្លាក​ស្នាមដល់សព្វថ្ងៃ។

ហាន ឲ្យដឹងថាគាត់បានឆ្លងកាត់របបដឹកនាំចំនួនបីគឺ របបសង្គមរាស្រ្តនិយម របប លន់ នល់ និងរបបខ្មែរក្រហ​ម របបខ្មែរក្រហមគឺជារបបមួយដែលសាហាវ និងឃោរ​ឃៅ ជាងរបបណាៗទាំងអស់ដែលគាត់បានឆ្លងកាត់។

ហាន និយាយថាប្រជាជនស្លូតត្រង់ត្រូវបានចោទប្រកាន់ថាជាខ្មាំង និងសម្លាប់ដោយគ្មានការកាត់ទោស។ ខ្មែរក្រហមប្រើប្រជាជនប្រើឲ្យធ្វើការគ្មានពេលសម្រាក ប៉ុន្តែ​ការ​ហូបមិនគ្រប់គ្រាន់។ ការរស់នៅត្រូវបំបែកចេញពីគ្រួសារ​​។

កែន ហាន បានឃើញការធ្វើទារុណកម្ម និងសម្លាប់លើ​អ្នកភូមិជាច្រើននាក់ដោយចោទប្រកាន់ថាក្បត់​អង្គការ។

ជារឿងៗ ហាន បានឃើញហេតុការណ៍នាំប្រជាជនក្នុងភូមិយកទៅសម្លាប់ដោយចងខ្សែ ប្រជាជនដឹងថាយកទៅសម្លាប់ប៉ុន្តែមិនហ៊ានប្រកែក។

ហាន បាននិយាយថា ៖ «ខ្មែរក្រហមបានយកក្រណាត់បិទភ្នែកប្រជាជន រួចបណ្ដើរយកទៅសម្លាប់ម្ដង១០ ទៅ ៣០​ នាក់។ ខ្មែរក្រហមក្មេងៗស្ពាយកំាភ្លើងបណ្ដើរពីក្រោយ​ដោយប្រាប់ប្រជាជនថាទៅរៀនសូត្រ។”

ហាន បញ្ជាក់ថាកន្លែងសម្លាប់មនុស្ស នៅវត្តកំពង់អំពិល ស្ថិតក្នុងស្រុករំដួល ដែលនៅសម័យនោះវត្តនេះបានប្រែក្លាយទៅជាមន្ទីរឃុំឃំាង និងសួរចម្លើយមនុស្សដែលខ្មែរក្រហម​ចោទថាជាជនក្បត់។

បច្ចុប្បន្ន ហាន មានជំងឺប្រចំាកាយដូចជា លើសឈាម ឈឺចង្កេះ ជំងឺក្រពេះ និងជំងឺតម្រង់នោម។ ហាន បានសំណូមរពរឲ្យមានក្រុមគ្រូពេទ្យចុះមកពិនិត្យជំងឺគាត់ និងអ្នកភូមិចាស់ៗដទៃទៀតក្នុងភូមិ។

ហាន បានសំណូមពរឲ្យក្មេងៗជំនាន់ក្រោយចងចាំរបបខ្មែរក្រហម និងរួមគ្នាមទប់ស្កាត់កុំឲ្យរបបនេះកើតឡើងវិញនៅប្រទេសកម្ពុជា។

ហាន បានគាំទ្រតុលាការខ្មែរក្រហមដែលបានកាត់ទោសមេដឹកនាំខ្មែរក្រហមឲ្យជាប់ពន្ធនាគារអស់១ជីវិត គាត់ ថា ពិតជាសាកសម្យចំពោះអំពើដែលបានប្រព្រឹត្តិអំឡុង​ពេ​ល​​​គេ​កាន់អំណាច៕

សម្ភាសន៍ដោយ ហម សារឿន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin