ខ្ញុំខ្លាចការប្រជុំទិតៀន

(ក្រចេះ)៖ ឯម ម៉ាលី ភេទស្រី មានអាយុ៦០ឆ្នាំ រស់នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ សព្វថ្ងៃគាត់មានជំងឺប្រចាំកាយគឺ លើសឈាម និងខ្លាញ់ក្នុងឈាម។

រឿងរ៉ាវដែលគាត់ចងចាំមិនភ្លេចនៅក្នុងរបបខ្មែរក្រហមគឺ អង្គការបានប្រមូលប្រជាជនទៅនៅក្នុងក្រុមប្រវាស់ដៃ និងការរស់នៅរួមគ្នា។ គាត់បាននិយាយថា នៅពេលគាត់នៅក្នុងក្រុមប្រវាស់ដៃ គាត់មិនសូវមានភាពលំបាកប៉ុន្មានទេ ព្រោះពេលនោះគាត់រស់នៅជុំជាមួយនឹងឪពុកម្ដាយរបស់គាត់។

នៅឆ្នាំ១៩៧៧ អង្គការបានប្រមូលប្រជាជនឲ្យរស់នៅជុំគ្នាក្នុងសហករណ៍ គាត់បាននិយាយថាអង្គការបានចាប់ផ្ដើមពង្រឹងឲ្យប្រជាជនធ្វើការ។ ពេលព្រឹកត្រូវក្រោកពីម៉ោងបួនជិតភ្លឺ ដើម្បីចេញទៅធ្វើការ រហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបបានសម្រាកហូបអាហារ។ ដំបូងៗឡើយ អង្គការបានផ្ដល់អាហារគ្រប់គ្រាន់ដល់ប្រជាជន ប៉ុន្តែមិនបានប៉ុន្មានផង អង្គការក៏បានផ្លាស់ប្ដូររបបអាហារ បន្ថយអាហារតិចទៅៗ ហើយរស់ជាតិក៏មិនសូវឆ្ងាញ់ដូចមុន។ មានតែបបរសបន្តិច ដែលលាយជាមួយនឹងសម្លព្រលឹតដែលស្លទាំងសំបក។

នៅពេលគាត់អាយុ១៥ឆ្នាំ អង្គការបានឲ្យគាត់ចូលក្នុងកងកុមារវ័យជំទង់ ដែលត្រូវធ្វើការងារកាន់តែច្រើន និងកាន់តែធ្ងន់។ គាត់ត្រូវក្រោកពីម៉ោងពីរទាបភ្លឺ ដើម្បីទៅស្ទូងនៅឯតំបន់ឆ្ងាយៗពីសហករណ៍ដែលគាត់រស់នៅ។ ដោយសារតែមានភាពហត់នឿយនឹងការងារ ព្រមទាំងគាត់ត្រូវក្រោកពីដំណេកលឿន គាត់បាននិយាយថាពេលខ្លះគាត់ដេកលក់នៅតាមផ្លូវ។

កងយុវនារីដែលដើរតាមក្រោយបានឃើញគាត់ឈប់សម្រាកបែបនេះ ក៏បានដាស់ឲ្យគាត់បន្តដំណើរទៅមុខទៀត។ នៅពេលដែលទៅដល់ស្រែ គាត់បានចុះស្ទូងស្រូវនៅពេលទាបភ្លឺនោះរហូតដល់ម៉ោង១១ថ្ងៃត្រង់ ទើបបានសម្រាកហូបអាហារថ្ងៃត្រង់។

ម៉ាលី ជាប្រជាជនមូលដ្ឋាន ពេលខ្លះអង្គការបានជម្លៀសឲ្យគាត់ទៅធ្វើការនៅក្នុងស្រុកផ្សេង ក្រៅអំពីភូមិ-ស្រុករបស់គាត់ដែលគាត់បានរស់។ នៅដើមឆ្នាំ១៩៧៨ អង្គការបានបញ្ជូនឲ្យគាត់ទៅធ្វើការនៅត្រើយម្ខាងនៃទន្លេមេគង្គ។ នៅទីនោះ អង្គការឲ្យគាត់លើកទំនប់ និងដក-ស្ទូង។

ដោយសារតែគាត់មានវ័យក្មេង ការងារដែលគាត់ធ្វើនៅពេលនោះគឺលើសអំពីសមត្ថភាពរបស់គាត់ដែលអាចធ្វើបាន ប៉ុន្តែគាត់ស៊ូទ្រាំធ្វើទាំងដែលពេលខ្លះគាត់សឹងតែមិនមានកម្លាំងនៅក្នុងខ្លួន។ ពេលខ្លះទៀតគាត់ស្ទើរតែដួលសន្លប់នៅនឹងកន្លែងធ្វើការ ប៉ុន្តែគាត់ខិតខំធ្វើការមិនហ៊ានខ្ជិលច្រអូស ឬតវ៉ាជាមួយនឹងបញ្ជារបស់អង្គការឡើយ ព្រោះខ្លាចអង្គការបង្អត់អាហារ និងការប្រជុំទិតៀនកសាងគ្នាទៅវិញទៅមកពីសំណាក់ប្រជាជនដែលរស់នៅសហករណ៍ជាមួយគ្នា។

ក្នុងរយៈពេលមួយឆ្នាំ អង្គការបានផ្ដល់សម្លៀកបំពាក់ឲ្យមួយសម្រាប់។ អង្គការបានតម្រូវឲ្យប្រជាជនត្រូវជ្រលក់សម្លៀកបំពាក់ទៅជាពណ៌ខ្មៅទាំងអស់ ប្រសិនជាមាននរណាម្នាក់មិនជ្រលក់ពណ៌ខ្មៅទេ អង្គការនឹងគិតថាប្រជាជនម្នាក់នោះមានគំនិតក្បត់ជាមួយអង្គការ។

នៅពេលដែលកងទ័ពវៀតណាមវាយចូលទឹកដីកម្ពុជា ខ្មែរក្រហមបាននិយាយបំផុសបំផុលប្រាប់ប្រជាជនថា វៀតណាមចូលមកនោះគឺដើម្បីសម្លាប់ប្រជាជនទាំងអស់។ ប្រជាជនទាំងអស់មានការភ័យខ្លាចជាខ្លាំង បាននាំគ្នារត់ចេញពីតំបន់នោះបន្តិចម្ដងៗ។

ម៉ាលី បានរត់ចេញពីសហករណ៍នោះជាមួយនឹងមិត្តភក្ដិចំនួនប្រាំមួយនាក់ ដែលនៅសហករណ៍ជាមួយគ្នា។ ពេលដែលរត់ចេញពីសហករណ៍មានមិត្តភក្ដិរបស់គាត់ពីរនាក់ បានជួបជាមួយនឹងសមាជិកគ្រួសារ ហើយបានបែកចេញ។ បន្ទាប់មកគាត់ក៏បានជួបជាមួយនឹងបង និងអ៊ំរបស់គាត់ ហើយបានរស់នៅជាមួយគ្នានៅទីនោះ។

ម៉ាលី បានផ្ដែផ្ដាំទៅកាន់ក្មេងៗជំនាន់ក្រោយឲ្យខិតខំសិក្សារៀនសូត្រអំពីប្រវត្តិសាស្រ្តរបស់របបខ្មែរក្រហម ព្រោះគាត់មិនចង់ឲ្យកើតមាននូវរបបនោះជាថ្មីម្ដងទៀត ហើយគាត់មិនចង់ឲ្យក្មេងៗជំនាន់ក្រោយជួបរបបដ៏លំបាកនោះឡើយ៕

សម្ភាសន៍ដោយ រឿន ស្រីពៅ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin