ស្លាប់បងប្អូនអស់១១នាក់ក្នុងរបបខ្មែរក្រហម
(ស្វាយរៀង)៖ ពោន សាម៉ន មានអាយុ៧៧ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ឪពុកម្តាយរបស់គាត់ស្លាប់នៅក្នុងរបប លន់ នល់។ សាម៉ន និងបងប្អូនត្រូវរស់នៅជាមួយសាច់ញាតិតាំងពីក្មេង។ គាត់មានបងប្អូនចំនួន១២នាក់ និងបានស្លាប់ទាំងអស់ក្នុងរបបខ្មែរក្រហម ដោយសារគ្មានឪពុក ម្តាយ មើលថែ។ ខ្មែរក្រហមបងំ្ខឲ្យធ្វើការឆ្ងាយៗក្នុងកងចល័ត គ្មានអាហារហូប និងត្រូវធ្វើការនៅខ្សែត្រៀមជួរមុខក៏បាត់ដំណឹងរហូតដល់សព្វថ្ងៃ។
ក្នុងរបប លន់ នល់ សាម៉ន ជាសាក្សីដែលបានឃើញការទម្រាក់គ្រាប់បែកក្នុងភូមិស្រុក ដែលបានសម្លាប់អាយុជីវិតមនុស្ស សត្វពាហនៈ និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជន និងសាធារណៈយ៉ាងច្រើន។ ពេលនោះគាត់រស់នៅជាមួយប្តីនិងកូនតូចៗពីរនាក់ នៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
នៅក្នុងរបបខ្មែរក្រហម សាម៉ន និងគ្រួសារត្រូវបានជម្លៀសពីស្រុកកំណើតឲ្យទៅរស់នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពេលជម្លៀសគាត់ត្រូវធ្វើដំណើរដោយថ្មើរជើង និងឆ្លងទឹក ក្រោមកំដៅថ្ងៃក្តៅខ្លំាង ដោយត្រូវរែកកូនតូចៗ និងរែកសម្ភារៈប្រើប្រាស់ចំាបាច់មួយចំនួន។ ពេលទៅដល់ទីនោះគេបានបំបែកកូន បងប្អូនទៅតាមកងចល័ត និងកងកុមារ។ បងៗរបស់គាត់ត្រូវបានគេចាត់ឲ្យទៅធ្វើការក្នុងខែ្សត្រៀមជួរមុខបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ ចំណែកប្អូនៗបានស្លាប់ដោយសារជំងឺ និងអត់អាហារ ។ កូនពីរនាក់គាត់នៅតូចត្រូវបានមើលថែនៅក្នុងកងកុមារ ដោយប្រជាជនមានវ័យចាស់។ កូនៗទាំងពីរនាក់មិនបានរៀនសូត្រទេក្នុងរបបខ្មែរក្រហម។ ចំណែកប្តីត្រូវទៅធ្វើស្រែ និងទៅផ្តួលដើមតោ្នតយកមកធ្វើអុសនិងទុកធ្វើជញ្ជាំងផ្ទះ។ សាម៉ន បន្តថា ពេលគាត់យកបាយឲ្យប្តីគាត់បានឃើញអ្នកធ្វើការជាមួយប្តីខ្លះបានស្លាប់ និងរងរបួសដោយសារដើមត្នោតរលំត្រូវ។
ឆ្នាំ១៩៧៨ គាត់មានទម្ងន់កូនទីបី ទើបអង្គការប្រើឲ្យគាត់នៅធ្វើការក្នុងសហករណ៍រោងបាយ។ គាត់បន្តថាពេលធ្វើការនៅទីនេះគ្រាន់បានសម្រាកខ្លះ រីឯការហូបចុកវិញក៏បានគ្រប់គ្រាន់ជាងពេលធ្វើការនៅកងចល័តដែរ។ ខណៈពេលកំពុងធ្វើការ សាម៉ន មិនដឹងខ្លួនមានកំហុសអ្វីត្រូវបានអង្គការប្រាប់ថា ឲ្យខ្លួនទៅរៀនសូត្រនៅចំបក់ គ្រាន់តែលឺគាត់ភិតភ័យជាខ្លាំង និងបានផ្តាំកូន និងប្តីថាប្រហែលជាទៅមិនអាចត្រឡប់មកវិញនោះទេ។ នៅតាមផ្លូវ សាម៉ន បានឃើញយុវជន យុវនារី ជីក និងរែកដី ឡើងកាំជណ្តើរខ្ពស់ៗធ្វើទំនប់មានអ្នកខ្លះរងរបួសដោយសារមានគ្រោះថ្នាក់ធ្លាក់ពេលធ្វើការ។ គាត់ឃើញទិដ្ឋភាពនេះគួរឲ្យអាណិតអាសូរជាខ្លាំង ព្រោះគាត់បាននឹកឃើញដល់បងប្អូន ដែលបានទៅធ្វើការឆ្ងាយៗដូចយុវជនយុវនារីនោះដែរ ប៉ុន្តែគាត់មិនហ៊ានស្រក់ទឹកភ្នែកឲ្យគេឃើញ។ ជាសំណាងល្អនៅពេលល្ងាចប្រធានកងនារីបានឲ្យគាត់ត្រឡប់មកសហករណ៍រោងបាយវិញ គាត់បានសំពះនិងអរគុណទាហាន ដែលគាត់អាចមកជួបប្តី និងកូនវិញបាន។
ពេលខ្មែរក្រហមដួលរលំ សាម៉ន បានវិញត្រឡប់មករស់នៅស្រុកកំណើតវិញប្រកបរបបធ្វើស្រែរហូតដល់សព្វថ្ងៃ។ ប្តីរបស់គាត់បានស្លាប់ ចំណែកគាត់ត្រូវរស់នៅជាមួយកូន និងមើលថែទាំចៅៗនៅផ្ទះ។
បច្ចុប្បន្ន គាត់មានជំងឺប្រចាំកាយដូចជាជំងឺក្រពះ ជំងឺពោះវៀន និងជំងឺលើសឈាម។
អត្ថបទដោយៈ អេង សុខម៉េង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤
សម្ភាសន៍ដោយៈ សុខ ចន្ទ្រា នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១