អង្គការបានចោទថា អង្គភាពខ្ញុំលាក់ខ្មាំង

(តាកែវ) ៖ នង ងាន់ ភេទប្រុស មានអាយុ៨២ឆ្នាំ សព្វថ្ងៃមានទីលំនៅ ភូមិព្រីង ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅពេលខ្មែរក្រហមចូលមកកាន់កាប់ប្រទេសកម្ពុជា អង្គការបានបែងចែកប្រជាជនទាំងអស់ជាសហករណ៍។ ងាន់ បាននិយាយថា អង្គការបានបំបែកកុមារតូចៗ ទៅដាក់មួយអង្គភាពផ្សេងពីកុមារធំៗ។ អង្គការបានបែងចែកកុមារធំៗជាបួនអង្គភាព។

នៅក្នុងរបបខ្មែរក្រហម ងាន់ មានតួនាទីជាប្រធានអង្គភាពកុមារ។ នៅពេលដែលរដូវជិតប្រមូលផលស្រូវ អង្គការបានចាប់បញ្ជូនអង្គភាពកុមារឲ្យទៅការពារស្រូវ ព្រោះខ្លាចមានសត្វកណ្ដុរ និងសត្វផ្សេងទៀត កាត់បំផ្លាញស្រូវ។

នៅពេលដែលកងទ័ពវៀតណាមចូលមកកាន់ប្រទេសកម្ពុជា ងាន់ មានអារម្មណ៍ចម្លែកនៅក្នុងចិត្ត ដោយសារតែឮសំឡេងប្លែកៗ។ គាត់បានទៅផ្ទះប្រធានភូមិដើម្បីប្រាប់ និងសាកសួរអំពីហេតុការណ៍។ នៅពេលដែលគាត់ទៅដល់ផ្ទះប្រធានភូមិ ប្រធានភូមិបានប្រាប់គាត់ឲ្យទៅរំសាយកងកុមារ ត្រឡប់ទៅរកឪពុកម្ដាយវិញ ព្រោះកងទ័ពវៀតណាមបានវាយចូលដើម្បីរំដោះប្រជាជន។

គាត់បានរៀបរាប់ទាំងទឹកភ្នែកថា មានកុមារម្នាក់ដែលខ្មែរក្រហមបានចាប់យកឪពុកម្ដាយរបស់គាត់ទៅសម្លាប់ចោល។ គាត់មិនបានប្រាប់កុមារនោះអំពីសាច់រឿងដែលអង្គការយកឪពុកម្ដាយទៅសម្លាប់ចោលទេ។ គាត់បានប្រាប់ទៅកាន់កុមារនោះ ឲ្យទៅរស់នៅជាមួយសាច់ញាតិ ឬបងប្អូនជិតឆ្ងាយប្រសិនបើមាន។

មូលហេតុដែលអង្គការបានចាប់យកឪពុកម្ដាយរបស់កុមារនោះទៅសម្លាប់ដោយសារតែនៅតំបន់៥២មានប្រជាជនពុលនំបញ្ចុក ហើយអង្គការបានគិតថាអ្នកដែលនៅតំបន់៥២នោះបំពុល។ អង្គការបានចាប់ឪពុកម្ដាយរបស់កុមារទៅឃុំខ្លួននៅមន្ទីរឃុំ និងសម្លាប់ចោល។ កន្លងមិនបានប៉ុន្មាន និរសារបស់ខ្មែរក្រហមបានយកសំបុត្រទៅកាន់ ងាន់ ដើម្បីឲ្យគាត់បញ្ជូនកុមារឲ្យទៅមន្ទីរឃុំ។ ខ្លឹមសារនៅក្នុងសំបុត្រនោះគឺ៖

«សូមឲ្យសមមិត្តបញ្ជូនកុមារឈ្មោះ ធី មកមន្ទីរឃុំជាបន្ទាន់ វេលាម៉ោង ៧:០០ ព្រឹក»។

កុមារដែលឈ្មោះធី គឺអង្គការសំដៅទៅលើកុមារដែល អង្គការបានចាប់ឪពុកម្ដាយយកទៅសម្លាប់នោះឯង។ នៅពេលដែល ងាន់ បានអានសំបុត្រនោះរួច គាត់ក៏បានគិតថា នៅក្នុងអង្គភាពរបស់គាត់មានកុមារឈ្មោះ ធី មានរហូតទៅដល់៤នាក់។ ដោយនៅក្នុងសំបុត្រនោះមិនបានបញ្ជាក់នាមត្រកូល ហេតុនោះហើយគាត់មិនបានដឹងថាត្រូវបញ្ជូននរណាម្នាក់ទៅឡើយ។

រយៈពេលមួយយប់មួយថ្ងៃ ដោយសារតែមិនឃើញមានបញ្ជូននរណាទៅ និរសារបស់ខ្មែរក្រហមក៏បានយកសំបុត្រមកម្ដងទៀត។ សំបុត្រលើកទីពីរនោះគឺ អង្គការបានកោះហៅគាត់ឲ្យទៅប្រជុំនៅឯមន្ទីរឃុំ។ បន្ទាប់ពីទទួលបានសំបុត្រ គាត់បានជិះកង់ទៅកាន់មន្ទីរឃុំ។ នៅពេលគាត់ជិះកង់ទៅដល់ភូមិស្វាយពារ ប្រជាជនដែលជាប្រធានអង្គភាពដូចគ្នាបានប្រាប់ថាគាត់អាចនឹងមានបញ្ហាជាមួយប្រធានឃុំ។

នៅពេលទៅដល់មន្ទីរឃុំ ម៉ោង៧:០០ ការប្រជុំបានចាប់ផ្ដើម ប្រធានឃុំក៏បាននិយាយជាសាធារណៈថា «មានអង្គភាពខ្លះបានលាក់កុមារ» ។ ក្រោយពីប្រធានឃុំបាននិយាយចប់ ងាន់ បានឡើងនិយាយប្រាប់ទៅកាន់ប្រធានឃុំវិញថា៖

«អង្គភាពខ្ញុំនេះអត់មានលាក់ខ្មាំងលាក់អីទេ ព្រោះខ្ញុំមើលទៅលិខិតដែលឲ្យខ្ញុំនេះ អត់មានដាក់នាមត្រកូលថាអ្នកណាឈ្មោះ ធី! ហើយក្នុងអង្គភាពខ្ញុំនេះឈ្មោះ ធី មានទាល់តែ៣-៤នាក់នោះ! ហើយខ្ញុំមិនដឹងឲ្យកុមារមួយណាទៅ»

ពេលដែលគាត់បានជម្រាបរឿងរ៉ាវទាំងអស់រួចរាល់ហើយ ការប្រជុំត្រូវបានបញ្ចប់ ហើយប្រធានឃុំមិនបានយកទោសពៃរ៍អ្វីទេ គាត់បានត្រឡប់ទៅកាន់ទីលំនៅរបស់គាត់វិញ។ មិនបានប៉ុន្មានរបបខ្មែរក្រហមត្រូវបានកងទ័ពវៀតណាមវាយបែក។ ងាន់ និងប្រជាជនផ្សេងទៀតបានវិលត្រឡប់ទៅរកទីកន្លែងកំណើតរបស់គាត់វិញ៕

សម្ភាសន៍ដោយ ផន ហេងលី​  នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin