អង្គការចោទប្ដីខ្ញុំថាជាខ្មាំង

(ក្រចេះ) ៖ ម៉ក់ ឡាញ់ ភេទស្រី មានអាយុ៨៣ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ នៅក្នុងរបបខ្មែរក្រហមគាត់មានអាយុប្រហែលជា៤០ឆ្នាំ។

ឡាញ់ បានរៀបរាប់ប្រាប់អំពីដំណើររឿងរបស់គាត់ទៅកាន់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់ត្រូវបានខ្មែរក្រហមជម្លៀសចេញពីលំនៅដ្ឋាននៅឆ្នាំ១៩៧៣ ទៅរស់នៅក្នុងព្រៃ។ ផ្ទះរបស់គាត់ត្រូវបានខ្មែរក្រហមដុតបំផ្លាញគ្មានសល់។ គាត់រស់នៅក្នុងព្រៃប្រមាណជាពីរឆ្នាំ អង្គការបានជម្លៀសគាត់ទៅនៅស្រុកសំបូរ។ គាត់បែកបាក់គ្រួសាររបស់គាត់ កូនរបស់គាត់ត្រូវបានស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ ប៉ុន្តែគាត់មិនបានបញ្ជាក់អំពីចំនួនកូនរបស់គាត់ដែលស្លាប់ឡើយ។

ស្វាមីរបស់ ឡាញ់ ត្រូវបានខ្មែរក្រហមវាយសម្លាប់ចោល នៅតំបន់កោះសម នៅជិតគ្នានឹងស្រុកសំបូរនោះដែរ ដោយអង្គការបានចោទថាជាខ្មាំង។ គាត់នៅសល់កូនបួននាក់ ហើយអង្គការបានបំបែកឲ្យទៅធ្វើការតាមកង។ អង្គការបានរើសយកកុមារធំៗឲ្យទៅរើសអាចម៍គោ កាប់ទន្ទ្រានខេត្ត និងធ្វើជី។ ការងារដែលគាត់ធ្វើជាប្រចាំនៅក្នុងរបបខ្មែរក្រហមគឺ មើលថែទាំកូនក្មេងតូចៗ។

គាត់បាននិយាយបន្ថែមថា ការដែលគាត់មើលថែក្មេងៗនោះមានភាពលំបាកបន្តិចបន្តួចដែរ ព្រោះត្រូវបានអង្គការ ព្រមទាំងឪពុកម្ដាយក្មេង ស្ដីបន្ទោស ដោយសារតែមើលថែក្មេងមិនបានដិតដល់។ គាត់ត្រូវមើលថែក្មេងតូចៗនោះជារៀងរាល់ថ្ងៃ។ អង្គការមិនបានប្រើឲ្យគាត់ធ្វើការងារផ្សេងឡើយ ព្រោះនៅពេលនោះគាត់មានវ័យជរាដែរហើយ។

របបអាហារដែលគាត់ទទួលបានគឺបីពេលក្នុងមួយថ្ងៃ ពេលខ្លះបានឆ្អែតក្រពះ ពេលខ្លះមានការខ្វះខាត ស្រេចទៅលើការកំណត់របស់អង្គការ។ ពេលព្រឹកអង្គការបានផ្ដល់បបរឲ្យ ពេលថ្ងៃត្រង់ និងពេលល្ងាចទទួលបានបាយសម្រាប់បរិភោគ។ នៅពេលមានជំងឺម្តងៗ អង្គការគ្រាន់តែផ្ដល់ថ្នាំដែលមានសភាពខ្មៅៗ ដុំមូលតូចៗ ហៅថាថ្នាំអាចម៍ទន្សាយ។

ការផ្ដល់ឲ្យថ្នាំនោះគឺទៅតាមស្ថានភាពជំងឺ ប្រសិនជាសភាពជំងឺឈឺធ្ងន់ធ្ងរ ការនឹងផ្តល់ឲ្យចាប់ពីបីគ្រាប់ឡើងទៅ តែប្រសិនជាឈឺល្មមៗឲ្យត្រឹមតែមួយឬពីរគ្រាប់។ ដោយសារតែមានការខ្វះខាតអាហារ កូនរបស់គាត់បាននាំគ្នាលួចទៅជីកដំឡូង ដើម្បីយកមកដាក់លាយជាមួយបាយសម្រាប់ហូបឲ្យឆ្អែតក្រពះ ខ្លះក៏លួចទៅដាក់សន្ទូចដើម្បីបានត្រីយកមកធ្វើម្ហូប។

ឡាញ់ បាននិយាយបន្ថែមទៀតថា អង្គការបានឃើញនៅពេលក្មេងលួចជីកដំឡូង ប៉ុន្តែមិនបានយកទោសអ្វីនោះទេ ព្រោះកុមារទាំងនោះនៅតូចៗ។ គាត់បានប្រាប់បន្ថែមថា នៅពេលយប់ឡើងអង្គការតែងតែបញ្ជូនកងឈ្លប ឲ្យដើរតាមដានក្រែងមានប្រជាជននិយាយអាក្រក់ពីអង្គការ។

ក្នុងករណីកងឈ្លបចាប់បានអ្នកនិយាយពីភាពអវិជ្ជមានរបស់អង្គការ នោះអង្គការនឹងបញ្ជាឲ្យចាប់យកទៅកសាង ឬសម្លាប់ចោល។ ដូច្នេះហើយមិនមានប្រជាជនណាម្នាក់ហ៊ាននិយាយមិនល្អពីអង្គការឡើយ ប្រជាជនទាំងនោះតែងតែនាំកូនចៅនិយាយលើកសរសើរពីការដឹកនាំរបស់ខ្មែរក្រហមថា ល្អប្រសើរ។ ឡាញ់ ពិតជាជួបទុក្ខលំបាកជាខ្លាំង ព្រោះគាត់ជាមនុស្សពិការជើង ហើយស្វាមីត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល ព្រមទាំងមានកូននៅក្នុងបន្ទុកដល់ទៅបួននាក់៕

សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី២០ មករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin