ហូបបាយជ័រស្លាជារៀងរាល់ថ្ងៃ
(ក្រចេះ)៖ មាស អឿន ភេទប្រុស មានអាយុ៧៨ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ គាត់ មានបងប្អូនប្រាំបីនាក់ ស្លាប់អស់ប្រាំនាក់។
នៅក្នុងរបបខ្មែរក្រហម អឿន មានអាយុប្រហែលជា២៨ឆ្នាំ។ នៅក្នុងរបបនោះ គាត់ជាកសិករថ្នាក់លើ ជាប្រជាជនបម្រុង ព្រោះពេលនោះគ្រួសាររបស់គាត់មានទ្រព្យសម្បត្តិគួរសម។ គាត់បានប្រាប់បន្ថែមថា នៅពេលដែលអង្គការប្រាប់គាត់ថាជាប្រជាជនបម្រុង ធ្វើឲ្យគាត់មានភាពភ័យខ្លាចជាខ្លាំង ព្រោះគាត់ខ្លាចអង្គការយកគាត់ទៅសម្លាប់ចោល។
ការងារដែលគាត់ធ្វើជាប្រចាំនោះគឺ លើកទំនប់ ធាក់រហាត់ទឹក ធ្វើស្រែ និងការងារ បន្ទាប់បន្សំផ្សេងៗទៀត។ អង្គការបានបែងចែកប្រជាជនជាច្រើនផ្នែកដើម្បីឲ្យធ្វើការ។ អង្គការបានឲ្យកងយុវជនជីកប្រឡាយ ចំណែកឯកងកសិករមានទាំងប្រុស មានទាំងស្រី ឲ្យជីកទំនប់ ចំណែកយាយៗដែលមានអាយុច្រើនមិនអាចធ្វើការងារធ្ងន់ៗបាន ត្រូវមើលថែកុមារតូចៗ។
ចំពោះទិន្នផលស្រូវដែលប្រមូលផលបានទាំងប៉ុន្មាន អង្គការមិនដែលឲ្យប្រជាជនបានដឹងឡើយ។ អឿន បាននិយាយថា៖
«ស្រូវ! គិតទៅជង្រុក បួនម៉ែត្រគុណនឹងប្រាំមួយម៉ែត្រ ជង្រុកណែនទើសៗដំបូល អត់ឲ្យស៊ីទេ! មិនដឹងគេទុកធ្វើអីគេ»។
អង្គការជម្លៀសគាត់ និងគ្រួសារចេញពីផ្ទះផ្ទាល់ខ្លួន ឲ្យទៅរស់នៅតំបន់ផ្សេង ហើយអង្គការបានបំផ្លាញផ្ទះរបស់គាត់ចោលគ្មានសល់។ គាត់បានទៅរស់នៅផ្ទះខ្ទមតូចៗល្មម ដែលខ្មែរក្រហមបានរៀបចំទុកឲ្យប្រជាជន ដោយមិនមានសម្ភារៈប្រើប្រាស់គ្រប់គ្រាន់ឡើយ សូម្បីតែចានឆ្នាំងសម្រាប់ធ្វើម្ហូប។
ចំពោះរបបអាហារនៅក្នុងមួយថ្ងៃទទួលបានតែពីរពេលគឺ ពេលថ្ងៃត្រង់ និងពេលល្ងាច។ អាហារដែលបាននៅពេលនោះគឺបាយជ្រាយៗ ដែលប្រជាជនរស់នៅក្នុងខេត្តក្រចេះហៅថា បាយជ័រស្លា។ របបអាហារទាំងអស់នោះគឺបានត្រឹមតែម្នាក់ៗទេ មិនអាចស្នើសុំខ្ចប់ផ្ញើកូនតូចៗនៅផ្ទះបានឡើយ។ ប្រសិនជាមានប្រជាជនណាម្នាក់មានជំងឺ អង្គការគ្រាន់តែឲ្យពេទ្យផ្ដល់នូវថ្នាំអាចម៍ទន្សាយមួយ ឬពីរគ្រាប់ប៉ុណ្ណោះ។
គាត់បានបន្ថែមថា ឲ្យតែអង្គការបានហៅប្រជាជនណាម្នាក់ទៅរៀនសូត្រ គ្រប់ប្រជាជនទាំងអស់តែងតែមានភាពភ័យខ្លាច ព្រោះនៅពេលដែលអង្គការចាប់យកទៅហើយគឺមិនដែលបានត្រឡប់មកវិញឡើយ។
នៅក្នុងរបបខ្មែរក្រហម ការជ្រើសរើសគ្រួសារគឺអង្គការជាអ្នករៀបចំ ដោយរៀបចំម្ដងដប់ទៅដប់ប្រាំគូរ ដោយមិនមានការប្រឆាំងតវាឡើយ ប្រសិនជាមាននរណាហ៊ានតវា នោះអង្គការនឹងចាប់យកទៅកសាង។ ពេលរៀបចំពិធីរួចរាល់ អង្គការបានឲ្យបំបែកការជួបជុំ ហើយឲ្យប្ដីប្រពន្ធគ្រប់រូបដែលបានរៀបការរួចនោះ ត្រឡប់ទៅផ្ទះវិញ។
នៅពេលបច្ចុប្បន្ន អឿន មានជំងឺ ក្រពះពោះវៀន លើសជាតិអាស៊ីត និងលើសជាតិស្ករ។ មាស អឿន មានពាក្យផ្ដែផ្ដាំមកកាន់ក្មេងៗជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីថា៖
«ឫស្សីកាន់តែចាស់ ស្លឹកកាន់តែជ្រុះ។ ហើយសង្ឃឹមតែទំពាំង ត្រូវតែសិក្សា កុំឲ្យល្ងង់ដូចខ្ញុំ។ កុំឲ្យបាត់បង់ធនធានមនុស្ស កុំឲ្យមានជម្លោះ» ៕
សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ