ខ្ញុំបាត់បង់កូនប្រាំមួយនាក់

(ក្រចេះ)៖ ម៉ៅ វីន ភេទប្រុស មានអាយុ៧០ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្ននៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

គាត់មានបងប្អូនប្រាំនាក់ ប្រុសបួននាក់ និងស្រីម្នាក់។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ វីន ជាប្រជាជនមូលដ្ឋាន មិនត្រូវបានជម្លៀសចេញទៅខេត្តផ្សេងឡើយ។ នៅក្នុងរបបនោះ វីន មានអាយុប្រហែលជា៣០ឆ្នាំ។ គាត់បានរៀបការជាមួយភរិយារបស់គាត់នៅមុនរបបខ្មែរក្រហមចូលកាន់អំណាច។

គាត់មានកូនទាំងអស់ប្រាំពីរនាក់ ស្លាប់អស់ប្រាំមួយនាក់ ដោយសារជំងឺស៊ីស្តូសូម៉ាមេគង្គី។ (យោងតាម «ផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺស៊ីស្តូសូមីញ៉ាស៊ីសមេគង្គី ក្នុងព្រះរាជាណាចក្រកម្ពុជា ២០២០-២០២៤» បានឲ្យដឹងថា ជំងឺ ស៊ីស្តូសូម៉ាមេគង្គីនេះ ចាប់ផ្ដើមកើតមាននៅលើទឹកកម្ពុជា តាមបណ្ដោយដងទន្លេមេគង្គ ដែលរកឃើញមានអ្នកជំងឺដំបូងនៅក្នុងខេត្តក្រចេះនាឆ្នាំ១៩៦៨)។

ក្នុងរបបនោះ គាត់ជាអ្នកធ្វើការនៅក្នុងកងសម្រុក ឬហៅម្យ៉ាងទៀតកងចល័ត។ គាត់ត្រូវក្រោកតាំងពីម៉ោងបួនជិតភ្លឺដើម្បីទៅធ្វើការ។ អង្គការបានដាក់ការងារឲ្យគាត់ទៅកាប់ដី រែកដី លើកទំនប់ និងស្ទូងស្រូវ គាត់ត្រូវធ្វើការច្រើនមុខ ហើយនិងច្រើនកន្លែង។

ប្រជាជនទាំងអស់ទទួលបានអាហារតែពីរពេលក្នុងមួយថ្ងៃ។ ម៉ោងដប់មួយថ្ងៃត្រង់ អង្គការបានវាយជួងដើម្បីផ្ដល់ជាសញ្ញាទៅដល់ប្រជាជនដែលធ្វើការនៅតាមកង ឬសហករណ៍ ឲ្យហូបបាយថ្ងៃត្រង់ និងពេលល្ងាចម៉ោងប្រាំ ក៏ធ្វើបែបនោះដែរ។ នៅក្នុងរយៈពេលមួយឆ្នាំពេញ អង្គការបានផ្ដល់សម្លៀកបំពាក់ឲ្យប្រជាជនត្រឹមតែមួយសម្រាប់ប៉ុណ្ណោះ។

អង្គការតម្រូវឲ្យប្រជាជនស្លៀកពណ៌ខ្មៅទាំងអស់គ្នា ប្រសិនជាមានប្រជាជនណាទទួលបានពណ៌ផ្សេងៗក្រៅពីពណ៌ខ្មៅ គឺត្រូវយកសម្លៀកបំពាក់នោះទៅជ្រលក់ឲ្យទៅជាពណ៌ខ្មៅ។

ការរៀបការនៅក្នុងរបបនោះ អង្គការជាអ្នកចាត់តាំងរៀបចំគូស្រករ។ អង្គការតែងតែរៀបចំក្នុងរយៈពេលមួយឆ្នាំម្ដង ដោយពេលរៀបចំពិធីនោះម្ដងៗ មានចាប់ពីពីរគូឡើងទៅ ពេលខ្លះប្រាំគូ ពេលខ្លះច្រើនជាងនោះ។ អង្គការបានរៀបចំឲ្យស្រីៗនៅមួយជួរ ប្រុសៗនៅមួយជួរ។ ការរៀបការមានតែជាការរៀបចំសែនព្រេនបន្តិចបន្តួច។

នៅពេលដែលចប់កម្មវិធីនោះរួចរាល់ អង្គការបានបំបែកឲ្យប្ដី-ប្រពន្ធដែលបានរៀបការរួចរាល់នោះ ទៅរស់នៅផ្ទះដែលអង្គការបានរៀបចំ។ បន្ទាប់ពីរៀបការបានមួយយប់ អង្គការបានបំបែកឲ្យទៅធ្វើការតាមសហករណ៍រៀងៗខ្លួន។ ក្នុង​រយៈពេលកន្លះខែ ឬមួយខែ អង្គការបានឲ្យទៅជួបមុខ ប្ដី-ប្រពន្ធ ឪពុកម្ដាយ ម្ដង។

នៅក្នុងសហករណ៍មានប្រជាជនឈឺថ្កាត់ មានការព្យាបាលពីសំណាក់គ្រូពេទ្យខ្លះដែរ។ ប្រសិនជាជំងឺនោះស្រាល គ្រាន់តែឲ្យថ្នាំមួយ ឬពីរគ្រាប់ សម្រាប់លេបប៉ុណ្ណោះ ប៉ុន្តែប្រសិនជាជំងឺនោះមានស្ថានភាពធ្ងន់ អង្គការនឹងបញ្ជូនអ្នកជំងឺម្នាក់​នោះទៅកាន់មន្ទីរពេទ្យធំនៅឯ ស្រុកសំបូរ។

មានប្រជាជនមួយចំនួនត្រូវបានអង្គការចាប់យកទៅធ្វើបាប ដោយអង្គការចោទថាជាខ្មាំង ព្រោះមានប្រជាជនខ្លះបានចោទប្រកាន់គ្នាទៅវិញទៅមក ដោយសារតែការស្អប់៕

សម្ភាសន៍ដោយ វឺង ណាំរ៉ុង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin