ប្អូនពីរនាក់ស្លាប់សោយសារធ្វើទាហាននៅក្នុងរបបខ្មែរក្រហម

(ស្វាយរៀង) ៖ សួស សារឿន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានអាយុ៦៥ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិត្រពាំងស្គន់ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម សារឿន មានអាយុប្រមាណ២០ឆ្នាំ។ គាត់ស្ថិតក្នុងកងចល័ត និងមិនទាន់​មានស្វាមី ត្រូវធ្វើការឆ្ងាយៗពីភូមិ​។ សារឿន ត្រូវចល័តទៅមកៗទូទាំងស្រុករមាសហែក​តាមបញ្ជាអង្គការ។ នៅឃុំត្រពាំងស្តៅគាត់ និងប្រជាជនប្រមាណ៣០គ្រួសារផ្សេងទៀត ត្រូវធ្វើស្រែ ជីក និងរែកដីធ្វើទំនប់​ខ្ពស់ៗសម្រាប់ស្តុកទឹក។ ចំណែកកុមារត្រូវដើររកត្រី និងរកក្តាមសម្រាប់សហករណ៍​រោងបាយ។ អង្គការបានបែងចែកប្រជាជន និងគ្រួសាររបស់ សារឿន ឲ្យរស់តាមកង តាម​ក្រុមផ្សេងៗក្នុងសហករណ៍។ ប្រជាជនត្រូវធ្វើការជាក្រុមដូចជាក្រុមដាំបាយ ក្រុមកងចល័ត និងក្រុមកុមារជាដើម។ នៅរដូវ​វស្សា សារឿន ត្រូវទៅលើកភ្លឺស្រែ ទប់ទឹកតាមទំនប់ ដក ស្ទូង​ និងបុកស្រូវ ព្រមទាំងជញ្ជូនស្រូវអង្ករយកទៅ​ទុកក្នុងឃ្លាំង​​។

នៅឆ្នាំ១៩៧៧ អង្គការបានឲ្យ សារឿន ទៅធ្វើការនៅកងទាហានដោយត្រូវលី និងសែងគា្រប់កាំភ្លើងទុកឲ្យ​ខ្មែរក្រហមធ្វើសង្គ្រាមជាមួយវៀតណាម។ គាត់ត្រូវសែងគ្រាប់ពីឃុំក្រសាំង យកទៅឃុំត្រស់ ស្ថិតក្នុងស្រុករមាសហែក។ នៅពេលនោះ​ សារឿន​ ឃើញមានអ្នករងរបួស និងស្លាប់ជាច្រើនត្រូវសែងទៅមន្ទីរពេទ្យ និងយកទៅកប់នៅបរិ​     វេណ​វត្តត្រពាំងបន្ទាយ។ ដោយសារមានអ្នកស្លាប់ច្រើនអង្គការក៏បានប្តូរការងារគាត់ពីអ្នកសែងគ្រាប់កាំភ្លើងឲ្យធ្វើជាអ្នកជីក​រណ្តៅ និងសែងសាកសពយកទៅកប់។ គាត់ភិ​ត​ភ័យជាខ្លាំងប៉ុន្តែមិនហ៊ានប្រកែក ព្រោះខ្លាចទាហានខ្មែរ​ក្រហម​សម្លាប់​ចោល។

នៅពេលសង្គ្រាមជាមួយវៀតណាមបានធូរស្បើយ អង្គការ​បានផ្លាស់ប្តូរគាត់ឲ្យទៅធ្វើស្រែដូចមុនវិញ។ របបអាហារ​មួយថ្ងៃគាត់ទទួលបានបាយពីរពេលប៉ុន្តែមិនគ្រប់គ្រាន់ទេ។ សាវឿន បានឃើញជម្រុកស្រូវច្រើននៅតាមសាលារៀន និងវត្តអារាម ប៉ុន្តែអង្គការមិន​ឲ្យប្រជាជនហូបឆ្អែត។ សាវឿន ក៏​បានឃើញខ្មែរក្រហម​ចាប់ផ្សឹកព្រះសង្ឃ បំផ្លាញវត្តអារាម និងបង្ខំព្រះសង្ឃឲ្យទៅធ្វើការដូចប្រជាជន​ទូទៅ។ ម្យ៉ាងវិញទៀតអង្គការក៏បានឲ្យព្រះសង្ឃដែលដល់វ័យមានគូស្រករបង្ខំឲ្យរៀបការទៀតផង។

ក្នុងរបបខ្មែរក្រហមប្អូនពីរនាក់របស់ សារឿន បានស្លាប់ដោយសារអង្គការបង្ខំឲ្យធ្វើទាហាន និងធ្វើសង្រ្គាមជាមួយកងទ័ពវៀតណាម។

សារឿន ក៏បានឃើញយុវជនយុវនារីរៀបការម្តងៗមានពី៥០ ទៅ៦០គូ។ ពិធីរៀបការគ្មានសាច់ញាតិទាំងសងខាងចូលរួមទេ ហើយក្រោយរៀបការប្តីប្រពន្ធត្រូវទៅធ្វើការតាមកងចល័តរៀងៗខ្លួន។ គាត់ក៏បានឃើញយុវនារីម្នាក់ត្រូវ​បានខ្មែរក្រហមដាក់ច្រវ៉ាក់ជើងដោយសារនារីនោះមិនព្រមរស់នៅជាមួយបុរសដែលបានរៀបការជា​មួយ​។

បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សាវឿន បានវិល​ត្រឡ​​​ប់ពីសហករណ៍មករស់នៅផ្ទះកំណើតរហូតដល់សព្វថ្ងៃ​។

បច្ចុប្បន្ន សាវឿន មានជំងឺឫសដូងបាត។ គាត់ឧស្សាហ៍​​ខ្សោយ និងវិលមុខ។ គាត់បានផ្តំាផ្ញើឲ្យក្មេងជំនាន់ក្រោយត្រូវចេះសិក្សាពីប្រវត្តិសាស្រ្ត និងត្រូវចូលរួមទប់ស្កាត់របបឃោរឃៅខ្មែរក្រហមកុំឲ្យកើតឡើងម្តងទៀត។

សម្ភាសន៍ដោយ  សៅ ចាន់ណា ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ  អេង សុខម៉េង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin