គេប្រើឲ្យរែកដីដោយមិនហ៊ានត្អូញត្អែរសូម្បីតែពាក្យមួយម៉ាត់

(សៀមរាប) ៖ ជិញ ហៀ មានអាយុ៦៣ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ហៀ ជាមនុស្សម្នាក់នៅក្នុងចំណោមមនុស្សដទៃទៀត ដែលបានឆ្លងកាត់សម័យរបបសាធារណរដ្ឋខ្មែរ។ ដោយសារតែទំនាស់រវាងទាហានសាធារណរដ្ឋខ្មែរ និងទាហានខ្មែរក្រហមប្រជាជន​ជាច្រើនត្រូវបានរងរបួសពីគ្រាប់កាំភ្លើង និងគ្រាប់ប្លោង។ នៅពេលមានការប៉ះទង្គិចម្ដងៗ ហៀ ត្រូវបានបញ្ជាឲ្យ​សែង​​​អ្នករបួសដើម្បីយកមកព្យាបាល។​

បន្ទាប់ពីខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជាបានទាំងស្រុង ហៀ ត្រូវបានចាត់​ទុកជាប្រជាជនចាស់ ហើយគាត់ក៏មិនបានជម្លៀសទៅទីណាដែរ។​ នៅក្នុងរបប​នោះ ហៀ ត្រូវបានបង្ខំឲ្យរែកដីខ្លាំងពីព្រោះខ្លាចទាហានខ្មែរក្រហម​ចាប់យកទៅសម្លាប់។​​ ចំណែកឯរបបអាហារគឺខ្វះខាតច្រើនដោយប្រជាជនទាំងអស់ត្រូវហូបបបរទទេលាយជាមួយព្រលឹត។ នៅពេលហូបម្ដងៗ ហៀ ត្រូវទៅហូបជាមួយ​ប្រជាជនផ្សេងទៀតនៅក្នុងជំរំ ដែលមានមនុស្ស​ចំនួន១០០​នាក់ឡើង។​​ ទោះបីជាខ្វះអាហារហូប​ ហៀ មិនដែលទៅលួចអាហារទេ គឺ​ដើម្បីចៀសវាងកុំឲ្យមានរឿងដែលគ្រោះថ្នាក់ដល់អាយុជីវិត។​​ ហៀ​​ បាននិយាយថា គាត់​មិនដែលឃើញមានប្រជាជនណាឈឺនោះទេ ហើយក៏មិនដែលដឹងថាពេ​ទ្យនៅទីណាដែរ។​

ហៀ ត្រូវបានរស់នៅដាច់ដោយឡែកពីឪពុកម្ដាយ​របស់ខ្លួន។​ ហៀ រស់នៅក្នុងកងចល័ត ចំណែកឪពុកម្ដាយរបស់ខ្លួនវិញរស់នៅក្នុងផ្ទះខ្ទម។ គ្រួសាររបស់ ហៀ បាន​រួចជីវិតពីសម័យខ្មែរក្រហមទាំងអស់។ មិនលើសពីនេះ​ទៅទៀត ហៀ ក៏ធ្លាប់ឃើញនូវការសម្លាប់ដ៏ឃោរឃៅរបស់​ខ្មែរក្រហមដែរ។ គាត់បានឃើញទាហាន​ខ្មែរក្រហមបានចាប់អ្នកទោសយកទៅវាយចោល​ ដោយ​ចងជាស្លាបសេក។​​ គាត់ក៏បានបញ្ជាក់ថា គាត់បានឃើញពេលដែល ទាហានខ្មែរក្រហមយកអ្នកទោសទៅសម្លាប់ ប៉ុន្តែមិនដឹងថាសម្លាប់នៅទីណានោះទេ។​

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ហៀ នៅធ្វើស្រែ ចម្ការតរហូតមកដល់សព្វថ្ងៃ។ គាត់មានជំងឺទាក់ទងជាមួយនឹងក្រពះពោះវៀន ហើយនឹងជំងឺលើសឈាម។ហៀ ទទួលការព្យបាលជំងឺនៅពេទ្យឯកជននិងពេទ្យបង្អែកផងដែរ។​ ហៀ ទៅពេទ្យមួយខែពីរដងដើម្បីទៅទិញថ្នាំសម្រាប់លេប។​ ក្រៅពីជំងឺទាំងនេះ គាត់មិនមានជំងឺដែលប៉ះពាល់សុខភាពខ្លាំងនោះទេ។

សម្ភាសន៍ដោយ ហាំ សៀងហេង

អត្ថបទដោយ ហៀង នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin