បងស្លាប់ដោយសារតែគាត់ជាទាហានសក្ដិបី

(សៀមរាប) ៖ ថន ណៃ មានអាយុ ៧១ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។​ សព្វថ្ងៃ ណៃ​ មានរបរជាកសិករធ្វើស្រែចម្ការ។​ គាត់មិនបានទទួលការសិក្សានោះទេដោយសារតែជីវភាព។​ នៅក្នុងឆ្នាំ១៩៧៣ មានការ​ទម្លាក់គ្រាប់បែកជាច្រើន ប៉ុន្ដែមិនមានការប៉ះពាល់អ្វីទៅកាន់ប្រជាជនឬទ្រព្យសម្បត្តិនោះទេ។​

ចន្លោះឆ្នាំ១៩៧០​និង១៩៧៥ ណៃ ត្រូវបានចាត់ទុកថា ជាប្រជាជនចាស់ ហើយក៏បានរស់នៅក្នុងភូមិដដែលដោយមិនបានជម្លៀសទៅទីណានោះទេ។​ ក្នុងមួយថ្ងៃ គាត់​ត្រូវធ្វើការធ្ងន់ៗជាច្រើនដូចជាការកាប់ទន្រ្ទានខេត្តនិង​​ ការរែកដីជាដើម។​

ណៃ ក៏បានរៀបអាពាហ៍ពិពាហ៍នៅក្នុងរបបខ្មែរក្រហម។​ អង្គការបានចាប់គាត់បង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ជា​មួយ​៤០គូទៀតក្នុងថ្ងៃតែមួយ។

ណៃ បាននិយាយថាពេលខ្វះអាហារម្ដងៗ គាត់បានទៅកាប់ដើមច្រាច់និងត្រកួនដើម្បីលាយជាមួយបបរ។​ ពេលខ្លះទៀតក៏បានលាយជាមួយនឹងកន្ទក់។​ អង្គការចែកបបរទៅម្នាក់ក្នុងមួយថ្ងៃម្ដង។​ ប្រជាជនណាដែលមិនបានធ្វើ​ការ​មិនមានរបបក្នុងការចែកអាហារនោះទេ។

វិស័យសុខាភិបាលនៅក្នុងរបបខ្មែរក្រហមគឺមិនត្រូវនឹងស្ដង់ដាពេទ្យនោះទេ។​ ការព្យាបាលគឺពឹងផ្អែកខ្លាំងទៅលើថ្នាំដែលធ្វើចេញពីរុក្ខជាតិដោយធ្វើចេញជារាងមូលដូចថ្នាំលេប ដែលមនុស្សភាគច្រើនស្គាល់ថាថ្នាំអាចម៍​ទន្សាយ​។​ ណៃ មិនដែលឈឺស្កាត់នោះទេនៅក្នុងរបបខ្មែរក្រហម ដូច្នេះគាត់មិនដែលបានលេបថ្នាំអាចម៍​ទន្សាយនោះទេ។​

ណៃ បានបាត់បង់សមាជិកគ្រួសាររបស់ខ្លួននៅក្នុងរបប​ខ្មែរក្រហម។ ​ អង្គការបានសម្លាប់បងប្រុសរបស់ ណៃ​ ដោយយកទៅសម្លាប់នៅក្នុងវត្ត ដោយសារតែបងប្រុសរបស់គាត់ជាប្រជាជនថ្មីដែលជម្លៀសមកពីទីក្រុងសៀម
រាបនិងជាទាហានសក្ដិបីនៅក្នុងរបបសាធារណរដ្ឋខ្មែរ។

មុនពេលដែលជម្លៀសមកដល់ស្រុកប្រាសាទបាគង អង្គការបានប្រាប់បងប្រុសរបស់ខ្លួនថាមកធ្វើស្រែ បន្ទាប់មកក៏បានឡើងឡានដើម្បីធ្វើការជម្លៀស។​ ប៉ុន្តែនេះគ្រាន់តែជាពាក្យសម្ដីកុហករបស់ខ្មែរក្រហម ព្រោះទាហានទាំងនោះបានសម្លាប់បងប្រុសគាត់​នៅក្នុងវត្ត។​​ ចំណែកឯប្អូនប្រុសវិញ ត្រូវបានអង្គការជម្លៀសទៅតំបន់ភ្នំគូលែនដើម្បីចិញ្ចឹមមាន់។​ ប៉ុន្តែ ជាអកុសល ប្អូនប្រុសរបស់ ណៃ បានកើតជំងឺគ្រុនចាញ់ ហើយក៏បានចែកឋានទៅ។

សព្វថ្ងៃ ណៃ មានជំងឺវិលមុខនិងលើសឈាម។​ គាត់បានទៅទទួលការព្យាបាល ដោយទទួលថ្នាំលេបនៅមណ្ឌល​សុខភាព។​ រាល់ពេលទៅពេទ្យ វេជ្ជបណ្ឌិតតែងតែវាស់ឈាមនិងជួសឈាមដើម្បីពិនិត្យ។​ ក្រៅពីជំងឺទាំងនេះ ណៃ​ គ្មានជំងឺអ្វីផ្សេងទៀតឡើយ។

សម្ភាសន៍ដោយ ផា សុភាក់

អត្ថបទដោយ ហៀង​ នីតា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin