អ្នកប្រព្រឹត្តិខុសក្រមសីលធម៌ត្រូវយកទៅកសាង
(សៀមរាប) ៖ យ៉ែម ផាត មានអាយុ៦១ឆ្នាំ រស់នៅក្នុងឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ផាត បានចូលរៀននៅក្នុងសាលាបានបីខែ បន្ទាប់មកក៏មានផ្ដួលរលំរដ្ឋាភិបាលរបស់សាធារណរដ្ឋខ្មែរ។ ក្នុងមួយថ្ងៃទៅមួយថ្ងៃ ផាត ដើរកាប់អុសដើម្បីឲ្យឪពុករបស់ខ្លួនកូរស្ករត្នោត។
ពេលដែលខ្មែរក្រហមនិងទាហានរបស់សាធារណរដ្ឋខ្មែរមានជម្លោះ ផាតនិងគ្រួសារបានរត់ចូលទៅនៅក្នុងព្រៃបានប្រាំថ្ងៃ គ្រួសាររបស់គាត់បានឮការកោះហៅឲ្យចេញពីព្រៃវិញ។ បន្ទាប់ពីបានមករស់នៅក្នុងខេត្តសៀមរាបវិញបានអស់រយៈពេលប្រាំថ្ងៃ ខ្មែរក្រហមបានវាយលុកកាន់កាប់ខេត្តសៀមរាបនៅក្នុងឆ្នាំ១៩៧៣។
របបអាហារក្នុងមួយថ្ងៃគឺមានតែបបរសរាវដូចទឹក។ ប្រជាជនម្នាក់អាចទទួលបានបបរដែលមានកាកតែបីស្លាបព្រាប៉ុណ្ណោះ និងអាចហូបបានតែពីរដងក្នុងមួយថ្ងៃ។ ផាត មានតួនាទីក្នុងការកាប់ទន្រ្ទានខេត្ត លើកទំនប់ និងបិទភ្លឺស្រែ។ ទាហានខ្មែរក្រហមចាត់ឲ្យមនុស្ស១២នាក់ក្នុងមួយហិចតាដើម្បីស្ទូង។ ផាត តែងតែឮសម្លេងជួងនៅម៉ោង៤ព្រឹក។ គាត់បាននិយាយថាសម្លេងជួងនោះគឹសម្លេងដែលអង្គការដាស់ឲ្យប្រជាជនរៀបចំខ្លួនចេញទៅធ្វើការបន្ត។
ផាត រស់នៅដាច់ដោយឡែកពីម្ដាយរបស់ខ្លួន។ ផាត មិនមានសិទ្ធិក្នុងការមកលេងម្ដាយនោះឡើយ ប្រសិនបើគ្មានការអនុញ្ញាតពីអង្គការ។ ដូច្នេះរាល់ពេលដែល ផាតនឹកម្ដាយម្ដងៗ គាត់តែងតែសុំការអនុញ្ញាតពីអង្គការ។ អង្គការតែងតែអនុញ្ញាតឲ្យទៅលេងម្ដាយក្នុងរយៈពេលមួយយប់ពីរថ្ងៃ។
ផាត ក៏បានរៀបរាប់អំពីបទពិសោធន៍របស់ខ្លួនអំពីការព្យាបាលជំងឺដោយទាហានខ្មែរក្រហមផងដែរ។ គាត់ត្រូវបានពេទ្យខ្មែរក្រហមចាក់សេរ៉ូមដែលស្តុកទុកនៅក្នុងដូបទឹកក្រូច និង លេបថ្នាំអាចម៍ទន្សាយ។ ផាត ត្រូវគេងសម្រាកនៅឯមន្ទីរពេទ្យរបស់អង្គការអស់រយៈពេលមួយខែ។
ផាត បាត់បង់សមាជិកទាំងអស់បីនាក់ដោយមិនដឹងថាមកពីមូលហេតុអ្វី។ ក្រុមគ្រួសាររបស់គាត់រស់នៅបែកបាក់គ្នា។
ផាត បានឃើញទាហានខ្មែរក្រហមចាប់ប្រជាជនយកទៅកសាងដោយសារតែការប្រព្រឹត្តិខុសក្រមសីលធម៌របស់អង្គការ ដូចជាការស្រឡាញ់ភេទដូចគ្នាជាដើម។ ទាហានខ្មែរក្រហមក៏ចាប់ប្រជាជនទាំងនោះមកធ្វើជាគំរូនៅក្នុងការប្រជុំជាមួយមនុស្សជាច្រើន ហើយអ្នកទោសនោះត្រូវស្រែកថា “បងប្អូនអើយ កុំធ្វើតាមខ្ញុំ” មុនពេលដែលអង្គការចាប់ទៅសម្លាប់។
សម្ភាសន៍ដោយ ផា សុភាក់
អត្ថបទដោយ ហៀង នីតា