ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន
(សៀមរាប) ៖ លុំ ឡូន មានអាយុ៦២ឆ្នាំ រស់នៅឯភូមិប្រាសាទ ឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។ ឡូន មានបងប្អូន៣នាក់ ប៉ុន្តែម្នាក់បានស្លាប់ដោយសារតែជំងឺ។ គាត់មានកូនទាំងអស់៥នាក់ ប៉ុន្តែជាអកុសល កូនរបស់គាត់៣នាក់ទៀតត្រូវបានស្លាប់ដោយសារមេរោគរាគរូស។
នៅក្នុងឆ្នាំ១៩៧០ ឡូនមានអាយុ៨ឆ្នាំ រស់នៅជាមួយម្ដាយតែមួយគត់ពីព្រោះគាត់កំព្រាឪពុក។ ឡូន ត្រូវបានចាត់ទុកជាប្រជាជនចាស់នៅពេលដែលរបបខ្មែរក្រហមបានចាប់ផ្ដើម ដោយសារតែគាត់រស់នៅក្នុងស្រុកវ៉ារិនតាំងពីកំណើត។
គាត់ចូលជាកងទ័ពចល័តនៅពេលគាត់មានអាយុត្រឹមតែ៩ឆ្នាំ។ នៅពេលថ្ងៃកុមារានិងកុមារីធ្វើការជុំគ្នា និងញុំាំអាហាររួមគ្នា។ នៅពេលធ្វើការចប់ កងចល័តទាំងអស់ត្រូវមកជំរុំរបស់ខ្លួនវិញ។ កងចល័តភាគច្រើនជាកូនក្មេង ដូច្នេះទាហានខ្មែរក្រហមប្រើឲ្យជញ្ជូនសំណាប និងរើសសំរាម។ ឡូន បានរៀបរាប់ថា នៅពេលដែលប្រមូលផលស្រូវម្ដងៗ សមិទ្ធផលដែលបានប្រមូលមកទាំងអស់គឺត្រូវបានអង្គការប្រមូលដឹកទៅទាំងអស់។ ទាហានខ្មែរក្រហមអនុញ្ញាតឲ្យប្រជាជនទាំងអស់យកអង្ករមកចម្អិនតែបន្តិចនោះទេ។
អាហារទាំងអស់ត្រូវបានចម្អិនដោយចុងភៅរបស់អង្គការ។ ក្នុងជំរំមួយមានចុងភៅពី៦ទៅ១០នាក់ ដែលមានតួនាទីខុសៗគ្នាដូចជា បកព្រលឹត បេះត្រកួន ដាំបាយ បង្កាត់ភ្លើង ធ្វើម្ហូប។ល។ នៅប្រហែលម៉ោង១២ថ្ងៃត្រង់ ឡូន ឈរតម្រង់ជួរដើម្បីយកបាយសម្រាប់បរិភោគ ។
នៅពេលម៉ោង១ថ្ងៃ ទាហានខ្មែរក្រហមគោះជួងម្ដងទៀត ដើម្បីឲ្យប្រជាជនទៅធ្វើការបន្ត។ ប្រជាជនទាំងអស់ត្រូវបរិភោគអាហាររបស់ខ្លួនឲ្យរួចរាល់មុនពេលឮសំឡេងគោះជួង។ បើសិនជាបរិភោគមិនទាន់ទេក៏ត្រូវតែរូតរះងើបទៅធ្វើការតវិញដែរពីព្រោះខ្លាចអង្គការដាក់ពិន័យលើខ្លួន។
សព្វថ្ងៃ ឡូនមានសុខភាពមាំមួន និងមិនមានជំងឺប្រចាំកាយធ្ងន់ធ្ងរនោះទេ។
សម្ភាសន៍ដោយ ហាំ សៀងហេង
អត្ថបទដោយ ហៀង នីតា