ភាពអត់ឃ្លានគឺជាការចងចាំមិនអាចបំភ្លេចបាន
(សៀមរាប) ៖ ពេលដែលខ្មែរក្រហមបានចូលមកកាន់អំណាច ឡោម លឹម មានអាយុ១៨ឆ្នាំ។ លឹម មានភាពលំបាកខ្លាំងចាប់តាំងពីមុនពេលខ្មែរក្រហមបានវាយចូលទីក្រុងភ្នំពេញទៀត។ ដោយសារតែមានសង្គ្រាមនៅក្នុងស្រុកជីវភាពរបស់ លឹម ត្រូវទទួលរងការប៉ះទង្គិចខ្លាំង ។
ខ្មែរក្រហមបានប្រើឲ្យលើកដីនៅក្នុងការដ្ឋានដោយធ្វើការគ្មានពេលឈប់សម្រាក។ នៅម៉ោង៦ព្រឹក លឹម ចាប់ផ្ដើមធ្វើការរហូតដល់ម៉ោង១១ថ្ងៃ ហើយបន្តរហូតទៅដល់ម៉ោង៥ល្ងាច។ ការងារលើកដី គឺខ្មែរក្រហមបានវាស់ជាម៉ែត្រសម្រាប់ប្រជាជនម្នាក់ៗ។ មនុស្សប្រុស និង ស្រីត្រូវរែកដី ធ្វើស្រែចម្ការ ធ្វើម្ហូប ដូចគ្នាទាំងអស់។
សម្រាប់របបអាហារវិញគឺអង្គការចែកបបរឲ្យម្នាក់មួយចានក្នុងមួយថ្ងៃ។ ក្នុងមួយថ្ងៃ លឹម ទទួលអាហារបានពីរពេល។ លឹម តែងតែបេះស្លឹកឈើយកមកលាយជាមួយបបររាល់ពេលដែលមានអារម្មណ៍ថាមិនសូវឆ្អែត។ ប៉ុន្ដែស្លឹកឈើទាំងអស់ គឺមិនអាចយកមកលាយបាននោះទេ។ គាត់ត្រូវរកមើលថាតើ ស្លឹកមួយណាដែលអាចបរិភោគបាននិងស្លឹកមួយណា ដែលមិនមានសុវត្ថិភាពសម្រាប់ បរិភោគ។
នៅពេលដែលប្រជាជនឈឺល្មមៗ អ្នកជំងឺមិនត្រូវបានទទួលការព្យបាលទេ។ ផ្ទុយទៅវិញ អង្គការបែរជានិយាយថាការឈឺល្មមនោះជាជំងឺខ្ជិល ឫហៅថា ឈឺកុហក។ ប្រជាជនដែលទទួលបានការព្យាបាលគឺជាប្រជាជនដែលមានអាការខ្លាំង។ លឹម មិនដែលមានជំងឺនោះទេនៅរបបខ្មែរក្រហម គឺគ្រាន់តែមានការឃ្លានអាហារដោយសារការអត់ម្ហូបបរិភោគ។ លើសពីនេះទៅទៀតប្រជាជន ដែលមិនធ្វើតាមអង្គការតែងតែត្រូវបានដាក់ទោស។
បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ លឹម បានបន្តធ្វើស្រែធម្មតាដើម្បីចិញ្ចឹមគ្រួសាររបស់ខ្លួន ហើយក៏លែងលំបាកដូចនៅក្នុងរបបខ្មែរក្រហមទៀតទេ។ លឹម មិនមានជំងឺនោះទេ។ ភាគច្រើនមានការឈឺថ្កាត់បន្តិច និងទិញថ្នាំយកមកលេប។ លឹម មិនដែលមានករណីឈឺរហូតដល់ចូលពេទ្យនោះទេ។ លឹម បាននិយាយថាខ្លួនមិនងាយ
ឈឺនោះគឺមកពីការធ្វើលំហាត់ប្រាណទៀងទាត់ និងការធ្វើការងារពលកម្មបានច្រើននៅពេលបច្ចុប្បន្ន។
សម្ភាសន៍ដោយ ៖ ហាំ សៀងហេង
អត្ថបទដោយ ៖ ហៀង នីតា