ប្រលឹមឡើងឃើញតែអណ្ដែតមនុស្ស
ក្រចេះ ៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមមកពីខេត្តក្រចេះបានប្រាប់អំពីការចងចាំមួយដែលខ្លួនចាំមិនភ្លេចថា ព្រឹកឡើងឃើញសាកសពអណ្ដែត ចំនួនមួយឬពីរសាកសព អំឡុងឆ្នាំ ១៩៧៨។ លាន គឹមហេន មានអាយុ ៧២ឆ្នាំ រស់នៅភូមិដូនជ្រាំ ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ។
កាលពីសម័យខ្មែរក្រហម គឹមហេន មានអាយុប្រហែល ៣០ឆ្នាំ និងទើបតែសម្រាលកូនទី ៤ របស់ខ្លួន ដូច្នេះខ្មែរក្រហមបានប្រើឲ្យនៅចាំសំនាប និងត្បាញក្រមា និងភួយនៅវិហារចាម ដោយសារគឹមហេននៅសរសៃខ្ចីនៅឡើយ ទើបគេមិនឲ្យទៅធ្វើការនៅកន្លែងឆ្ងាយ។ គឹមហេន ត្រូវមើលកូនរបស់ខ្លួនផង និងនៅចាំសំនាបផង ហើយត្រូវត្បាញ ផង។
អ្វីដែល គឹមហេន ចងចាំមិនភ្លេចនោះគឺ អំឡុងឆ្នាំ ១៩៧៨ ដែលជាពេលដែលខ្មែរក្រហមចាប់ផ្ដើមបោសសំអាតផ្ទៃក្នុងរបស់បក្សរ។ គឹមហេន បានរៀបរាប់ថា ខ្លួនឃើញសាកសពអណ្ដែតនៅក្នុងទឹក ដោយសារខ្លួនរស់នៅផ្ទះដែលនៅជិតមាត់ច្រាំង។
គឹមហេន បានប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជា នៃមជ្ឈមណ្ឌលឯកសារកម្ពុជាថា៖ «អូ…ព្រលឹមឡើងឃើញតែអណ្ដែតមនុស្ស មិនដឹងគេវាយពីស្មាណាអីស្មាណាទេណា»។ គឹមហេន បញ្ជាក់ដែរថាខ្លួនមិនដែលឃើញរូបភាពខ្មែរក្រហមធ្វើសកម្មភាពវាយសម្លាប់ទេ ព្រោះនេះជាវិធីមួយដែលគេធ្វើជៀសវាងកុំឲ្យមានភាពជ្រួលច្របល់ ដោយជំនួសដោយពាក្យរៀនសូត្រ ឬទៅប្រជុំវិញ។
បើទោះបីជាមិនដែលឃើញរូបភាពវាយសម្លាប់ក៏ដោយក៏ គឹមហេន នៅតែមានភាពភ័យខ្លាច ជាពិសេសនាពេលយប់ ព្រោះខ្លួនលឺតែសម្លេងជើងមនុស្សដើរទៅដើរមកមិនឈប់។ បើទោះបីជាព្រឹកភ្លឺហើយក៏ដោយ ក៏គឹមហេននៅតែភ័យញ័រដៃញ័រជើងដែរ។
គឹមហេន ក៏បានចែករំលែកពីរឿងរ៉ាវរបស់បងថ្លៃរបស់ខ្លួនដែលត្រូវបានខ្មែរក្រហមហៅយកទៅសម្លាប់ទាំងគ្រួសារ។ គឹមហេនបាននិយាយថា៖ «បងថ្លៃកាលហ្នុង ម៉ោង ៩ – ១០ [ព្រឹក] ដូចចឹង។ ចុះទៅ…បងថ្លៃហ្នឹង…ទៅមួយគ្រួសារ…យកទៅ…គេហៅចុះកាណូត…គេអត់ឲ្យឃើញទេ អាពេលគេសម្លាប់ពេលអីគេឲ្យចុះកាណូតទៅតែម្ដង។ ទៅហើយគេមិនមែនប្រាប់ថា ទៅធ្វើអីទេណា…ថាទៅហ្នុងសំបូរបាយស៊ីណាស់ មានគ្រែ មានពូក ម៉ាស៊ីនត្រជាក់អីដេកអីចឹងហ៎ា សំបូរបាយស៊ី ហើយទៅហូបបាយតែម្ដង។ អត់មានឲ្យភ័យស្លុតអីទេ»។
គឹមហេននិយាយទាក់ទងនឹងការហូបចុកថា ខ្លួនទទួលទានអាហារមិនគ្រប់គ្រាន់ឡើយ ប៉ុន្តែសំណាងល្អដោយសារប្ដីរបស់ គឹមហេន ត្រូវបានគេប្រើឲ្យទៅមើលគោក្នុងព្រៃ និងយាមដំឡូង និងអំពៅ ដូច្នេះគេដួសបបរមួយវែកឲ្យយកទៅក្នុងព្រៃរៀងរាល់ពេលចេញទៅ។ ពេលត្រឡប់មកវិញប្ដីរបស់គឹមហេនបានលួចលាក់ស្ងោរដំឡូងក្នុងឆ្នាំងដែលខ្លួនដាក់បបរយកទៅ ហើយចែកប្រពន្ធ និងកូននៅផ្ទះយប់ឡើង។
នៅពេលអ្នកស្ម័គ្រចិត្តសួរថាតើនឹងមានរឿងអ្វីកើតឡើងប្រសិនបើគេដឹង និងឃើញថាកំពុងហូបអំឡូងនោះ គឹមហេន លាន់មាត់ថា៖ «អ៊ី…គេដឹងអត់បានទេ សុទ្ធតែយប់…ក្រាលកន្ទេល…ពន្លត់ភ្លើងអស់។ រួចឆ្នាំង…គេអត់ដឹងទេ ព្រោះគាត់ [ប្ដី] មានឆ្នាំងបបរមួយប៉ុណ្ណឹងហា៎ រែកបបរទៅ…មកវិញមិនរែកមកវិញ តែគេអត់ដឹង…គេថាសំបកអីចឹងហ៎ា»។
បច្ចុប្បន្ន គឹមហេន ថាខ្លួនឈប់គិតពីរឿងរ៉ាវសម័យខ្មែរក្រហមយូរមកហើយ ព្រោះយូរពេកមកហើយ ប៉ុន្តែនៅពេលនឹកឃើញ ខ្លួននៅតែព្រួយចិត្ត និងនៅតែនឹកស្មានមិនដល់ថាវាកើតឡើង។ សព្វថ្ងៃ គឹមហេន មានជំងឺលើសឈាម ហើយទៅជួបគ្រូពេទ្យនៅមន្ទីពេទ្យ ៣-៦ខែម្ដង។
គួរបញ្ជាក់ផងដែរថា ខេត្តក្រចេះនាសម័យនោះស្ថិតនៅក្នុងភូមិភាគឦសាន ដែលរួមមានខេត្តមួយចំនួនទៀតដូចជា ខេត្តរតនគីរី មណ្ឌលគីរី និងផ្នែកខ្លះនៃខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។
ការប៉ះទង្គិចរវាងខ្មែរក្រហម និងវៀតណាមបានធ្វើឲ្យមានការរង្គើរដល់ផ្ទៃក្នុងរបស់បក្សក្នុងឆ្នាំ ១៩៧៧ និង ១៩៧៨ ដែលបណ្ដាលឲ្យមានបន្សុទ្ធកម្ម និងការសម្លាប់។ ខ្មែរក្រហមចាប់ផ្ដើមមានការសង្ស័យដាក់គ្នាកាន់តែខ្លាំងឡើងៗ ហើយជឿជាក់ថា ខ្មាំងមាននៅគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេស។ ភូមិភាគបូព៌ា គឺជាតំបន់ដែលទទួលរងការសម្លាប់រង្គាលខ្លាំងជាងតំបន់ផ្សេងទៀត ដោយសារតំបន់នេះនៅជាប់នឹងប្រទេសវៀតណាម ហើយក៏មានការបះបោរពីប្រជាជន និងក្រុមប្រឆាំងនឹងបក្សកុម្មុយនីស្តខ្មែរក្រហមផងដែរក្នុងអំឡុងពេលនោះ។
គួរបញ្ជាក់ថា រដ្ឋកម្ពុជាប្រជាប្រធិបតេយ្យ ឬបក្សកុម្មុយនីស្តកម្ពុជា (១៩៧៥-១៩៧៩) មានសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ឬមេធំៗដូចជា ប៉ុល ពត, នួន ជា, សោ ភឹម, អៀស សារី, សុន សេន, តាម៉ុក, វន វ៉េត, កែ ពក, ខៀវ សំផន, និងរស់ ញឹម។
គឹមហេន បានផ្ដែផ្ដាំថា៖ «ចង់ឲ្យថាកូនចៅជំនាន់ក្រោយដឹងថា មេប៉ុន្មាននាក់ហ្នឹងបាននាំឲ្យកើតមានខ្មែរក្រហម ឲ្យកូនចៅដឹងថាអ្នកហ្នឹងប៉ុន្មាននាក់ហ្នឹងដែលដឹកនាំឲ្យមានខ្មែរក្រហម ឲ្យទៅជាសង្រ្គាមចឹងហ៎ា»។
សម្ភាសន៍ដោយ បឿន ហេងនី
អត្ថបទដោយ បៀន សីនៈ