អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រៀបរាប់ពីភាពតក់ស្លត់ពេលឃើញកំណរសាកសព
កំពង់ឆ្នាំង ៖ «…ឃើញតែខ្មោចងាប់…តាមតែផ្លូវហ្នឹង រថក្រោះដេញពឹពៗៗ ចេះតែដេញ ចេះតែរត់ទៅ…» ស្រ្ដីរស់រានមានជីវិតពីរបបខ្មែរក្រហម រៀបរាប់ពីភាពតក់ស្លត់របស់ខ្លួននៅពេលឃើញកំណរគរសាកសពមនុស្សដែលបានស្លាប់បាត់បង់ជីវិត អំឡុងកងទ័ពវៀតណាមមករំដោះប្រជាជនខ្មែរពីរបបខ្មែរក្រហម។
ទឹម ផាន់ ជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម ដែលត្រូវបានគេស្គាល់ថាជារបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅ។ បច្ចុប្បន្ន គាត់មានមុខរបរជាកសិករ នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ គាត់រៀបរាប់ពីដំណើរជម្លៀសខ្លួនទៅជាច្រើនភូមិ និងស្រុក ដើម្បីគេចពីគ្រាប់កាំភ្លើង និងយន្តហោះទម្លាក់គ្រាប់បែក។
ផាន់ វ័យ ៨០ ឆ្នាំ រៀបរាប់ថា «…និយាយពីរត់ពីដើមឆ្នាំ ៧០ [១៩៧០] រត់នៅគ្រប់កន្លែង…ទូលចានទូលឆ្នាំង ទូលចានបាយយកទៅស៊ីហ្នឹង យប់ឡើងចូលផ្ទះវិញ…»។ គាត់បន្ថែមថា ក្រោយពីទៅទីលំនៅវិញ គាត់ត្រៀមខ្លួនឈ្លៀសនៅថ្ងៃស្អែកបន្តទៀត រហូតទៅដល់ភូមិស្វាយមួយដើម ដែលស្ថិតនៅក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
មិនយូរប៉ុន្មាន គាត់ក៏បន្តប្តូរទីកន្លែងទៅ ភូមិព្រៃក្រូច នៃខេត្តសៀមរាប ដោយហេតុថាគ្មានអាហារហូប ដូចជាប្រហុក និងអំបិលគ្រប់គ្រាន់សម្រាប់ខ្លួន និងគ្រួសារ គាត់ក៏បេះដើមព្រិចដើម្បីយកទៅដូរជាមួយត្រី និងប្រហុកនៅមាត់ទន្លេ។ គាត់ក៏ត្រូវបានគេជម្លៀសបន្តមកបន្ទាយដើម នៅខាងក្រោយវត្តកាន់យួរ ស្រុកបរិបូណ៍ មុននឹងគេជម្លៀសទៅនៅក្នុងវត្ត។
ស្នាក់នៅក្នុងវត្តកាន់យួរបានតែ ២ ថ្ងៃ គាត់ត្រូវបានគេជម្លៀងបន្តទៀតទៅភូមិ ជរ ដែលនៅទីនោះគេប្រើឲ្យគាត់ធ្វើជីលាមកមនុស្ស ហើយកាប់ដីដំបូកយកមកជាន់រែងឲ្យម៉ដ្ឋ យកទៅលាយជាមួយលាមក និងយកទៅហាលថ្ងៃដាក់តាមវាលស្រែ រីឯប្ដីរបស់គាត់ត្រូវបានគេប្រើឲ្យចឹញ្ចឹម និងថែទាំ សត្វ រួមមានសត្វជ្រូក មាន់ គោ ក្របី។
គាត់ត្រូវបានគេប្រើឲ្យធ្វើការងារជាច្រើន រួមមានធ្វើជីលាមក ច្រូត និងកិនស្រូវ ជាន់អង្ករ មើលកូនក្មេង ក្រោយមកគេប្រើឲ្យប្ដីគាត់ឡើងដើមត្នោត រីឯគាត់រម្ងាស់ទឹកត្នោត។
រហូតដល់ចន្លោះឆ្នាំ ១៩៧៥-១៩៧៦ គាត់ត្រូវបានគេផ្លាស់ឲ្យទៅនៅឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ មិនយូរប៉ុន្មានដល់រដូវស្រូវទុំ កងទ័ពវៀតណាមក៏ចូលមកជម្លៀសប្រជាជនខ្មែរ ផាន់បន្តជម្លៀសខ្លួនបន្តបន្ទាប់រហូតមកដើម្បីរកទីកន្លែងសុវត្ថភាព។
អំឡុងពេលជម្លៀសខ្លួនពីមួយកន្លែងទៅមួយកន្លែងជាមួយប្ដីរបស់ផាន់ រួមមានអ្នករួមដំណើរប្រមាណ ៧ នាក់ទៀត គាត់ប្រទះឃើញសាកសពជាច្រើនរាប់មិនអស់។
គាត់បានបន្តថា «…បររទេះកាត់ ទៅផុងនៅអន្លង់ខ្មោចតែម្ដង…ធ្លាក់ភ្លក់ បាស់រងើរៗជើង អាណាបាស់ជើងៗ អាខ្លះបាស់ក្បាល ជាន់ជើងទៅក្បាលបាស់ ជាន់ក្បាលជើងបាស់មក ទម្រាំតែទាញរទេះបានមកវិញ»។
គាត់រៀបរាប់បន្ថែមថា រណ្ដៅមានប្រវែងប្រហែល ៤ ម៉ែត្រ ពោរពេញដោយសាកសពគរលើគ្នា មានចំនួនច្រើនលើសពី ១០០ នាក់ឯណោះ។ ផាន់ រន្ធត់ចិត្តជាខ្លាំង ដោយសាររបបខ្មែរក្រហមបានសម្លាប់មនុស្សជាច្រើនគរលើគ្នាដោយគ្មានត្រាប្រណី រីឯឆ្អឹងមនុស្សស្លាប់គរដូចភ្នំ។
ក្រោយពីចែកផ្លូវគ្នាទៅស្រុករៀងៗខ្លួន អ្នករួមដំណើរជាមួយគាត់ក៏ធ្វើដំណើរទៅស្រុករបស់ខ្លួន រីឯគាត់ក៏ទៅខេត្តកំពង់ឆ្នាំង និងរស់នៅរហូតដល់សព្វថ្ងៃ។
នៅពេលសួរអំពីគ្រួសាររបស់គាត់ គាត់រៀបរាប់ថា បានបែកគ្នាហើយនៅសល់តែកូនស្រីម្នាក់ ដែលគាត់រស់នៅជាមួយបច្ចុប្បន្ន។ រីឯកូនប្រុសពីរនាក់ទៀត គាត់ថាបានទៅជាមួយគ្រូរបស់ពួកគេ ដោយសារពួកគេឈឺ។
ក្រោយមកអ្នកស្គាល់គ្នាដែលគាត់ហៅថា បងផេង បាននាំកូនប្រុសម្នាក់ក្នុងចំណោមពីរនាក់មកជួបគាត់វិញ ដោយឡែកកូនប្រុសម្នាក់ទៀតពុំបានមកជាមួយទេ ដោយសារកំពុងឈឺ និងទៅជាមួយគ្រូហើយ។ ក្រោយគ្មានដំណឹងពីកូនប្រុសម្នាក់ទៀតទាល់តែសោះ គាត់ក៏បានទៅមើលហោងចង់ដឹងថាតើកូនរបស់គាត់នៅរស់ឬទេ។
ហោរបានប្រាប់គាត់ថា កូនប្រុសមិនទាន់បាត់បង់ជីវិតទេ និងកំពុងរស់នៅឯប្រទេសបារាំង ហើយបានគិតថាឪពុកម្ដាយរបស់ខ្លួនបានស្លាប់បាត់ជីវិតហើយទើបមិនបានស្វែងរកគាត់។
អត្ថបទដោយ បៀន សីនៈ