ជំនួយការពេទ្យឃើញគេដឹកមនុស្សជាច្រើនយកទៅសម្លាប់
(កំពង់ឆ្នាំង) ៖ ជុំ គីម អាយុ ៥៨ ឆ្នាំ មានទីកន្លែងកំណើតនៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្ន គីម កំពុងរស់នៅភូមិឃុំដដែល។
គីម បានររៀបរាប់ប្រាប់អំពីរឿងរ៉ាវដែលគាត់បានឆ្លងកាត់កាលពីរបបខ្មែរក្រហម។ នៅរបបខ្មែក្រហម គីម មានអាយុប្រហែលជាង១២ឆ្នាំ។ គ្រួសាររបស់ គីម ជាប្រជាជនមូលដ្ឋានដែលរស់នៅភូមិឃុំខាងលើ។ ពេលដែលរបបខ្មែរក្រហមចូលមកដំបូងឡើយ គីម បានរស់នៅជុំគ្រួសារ តែក្រោយមកត្រូវបែកពីឪពុកម្ដាយទៅរស់នៅជាមួយយាយ។ រស់នៅជាមួយយាយបានមួយរយៈ ទើបអង្គការជម្លៀសគាត់ឲ្យទៅភូមិតានៃ។ នៅទីនោះ ខ្មែរក្រហមបានប្រើឲ្យគាត់មើលថែក្មេងតូចៗ ដែលឪពុកម្ដាយទៅធ្វើការងារ។ ក្រោយមកទៀត គីម ត្រូវបានអង្គការបញ្ជូនឱ្យទៅធ្វើការនៅមន្ទីរពេទ្យ។ ដោយសារតែគាត់មានវ័យនៅក្មេង ទើបពេលនោះតួនាទីរបស់គាត់ មានតែដាំនិងយកទឹកក្ដៅ ទឹកត្រជាក់ ទៅឱ្យអ្នកជំងឺ។ អ្នកជំងឺទាំងនោះគឺជាប្រជាជនដែលធ្វើការងារ ស្រែចំការ កាប់ គាស់ដីជាដើម។ ធ្វើការជាជំនួយការពេទ្យនៅទីនោះបានមួយរយៈ ក្រោយមក គីម ត្រូវបានគេជម្លៀស ចេញពីទីនោះ។ បន្ទាប់មក ឪពុកគាត់ បានទៅយកគាត់មកវិញ ដោយទុកគាត់ឲ្យស្នាក់នៅអូរអន្លុងជ្រូក ទើបឪពុកគាត់រត់ភៀសខ្លួនតទៀត។
នៅក្នុងរបបខ្មែរក្រហមប្រជាជនបានទទួលទានបបរដោយវាល់នឹងវែក ក្នុងមួយថ្ងៃ២ពេល។ ចំពោះសម្លវិញ មានដូចជា សម្លត្រកួន សម្លស្ពៃ ដែលពុំសូវមានរសជាតិអ្វីទេ។
គីម បានប្រាប់ទៀតថា កាលពីរបបខ្មែរក្រហម គាត់ធ្លាប់បានឃើញទាហានដឹកមនុស្សយកទៅសម្លាប់ផ្ទាល់នឹងភ្នែក នៅពេលដែលគាត់ធ្វើជាជំនួយការពេទ្យនៅតាំងព្រិច។ ដំបូងគាត់ឃើញគេដឹកមនុស្សយ៉ាងច្រើនមកទាំងឡានៗ។ ហើយគេបានចងនិងឃុំអ្នកទាំងនោះ។ កន្លែងដែលឃុំមនុស្សនោះត្រូវបានបាំងដោយជញ្ជាំងក្ដារ។ គាត់បានប្រាប់ថា ដំបូងគេសម្លាប់មនុស្សដោយវាយនឹងដំបងគល់ឫស្សី។ នៅពេលដែលអ្នកជាប់ឃុំឃើញបែបនេះ នាំគ្នាធាក់ជញ្ជាំងហើយរត់ចេញ។ ពេលនោះខ្មែរក្រហមបានដេញបាញ់សម្លាប់អ្នកទាំងនោះ។ តែដោយសារតែមនុស្សច្រើនពេក ទើបអ្នកខ្លះត្រូវបានស្លាប់ តែអ្នកខ្លះត្រូវបានរួចខ្លួន។
ក្រោយមកទៀត នៅពេលដែលរបបខ្មែរក្រហមដួលរលំ គីម និងគ្រួសារ បានទៅរស់នៅឯព្រៃមូលមួយរយៈ។ ដើម្បីគេចខ្លួនពីខ្មែរក្រហមដែលនៅសេសសល់។ ក្រោយមកទើបគាត់និងគ្រួសារត្រឡប់មកទីលំនៅដើមវិញ។
សម្ភាសន៍ និងអត្ថបទដោយ ណុល ភក្ដី