ភូមិរបស់ខ្ញុំមានប្រជាជនស្លាប់តែបីនាក់ប៉ុណ្ណោះនៅក្នុងរបបខ្មែរក្រហម

(ព្រះវិហារ) ៖ រឿង ខាន់ មានអាយុ ៦៣ឆ្នាំ ជាជនជាតិដើមភាគតិចកួយ មានស្រុកកំណើតស្ថិតនៅភូមិប្រមេរ ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ខាន់ ជាស្រ្តីមេម៉ាយ និងមានកូនម្នាក់។ នៅក្នុងសម័យខ្មែរក្រហម ខាន់ មានអាយុប្រហែល ១០ឆ្នាំជាងប៉ុណ្ណោះ។ ខាន់ មិនត្រូវបានជម្លៀសចេញពីស្រុកកំណើតឡើយ។ គាត់រស់នៅក្នុងភូមិប្រមេរតាំងពីសម័យដូនតា រហូតមកដល់សព្វថ្ងៃនេះ មិនធ្លាប់ចាកចេញពីភូមិសម្បីតែមួយជំហានណាឡើយ។

ខាន់ បានរៀបរាប់ពីដំណើរជីវិតដែលបានឆ្លងកាត់នាសម័យខ្មែរក្រហមថា នៅភូមិរបស់គាត់មិនសូវជួបការលំបាកប៉ុន្មានទេ។ នៅពេលខ្មែរក្រហមឲ្យធ្វើស្រែ គាត់ធ្វើស្រែ ពេលខ្មែរក្រហមឲ្យកាប់ចម្ការគាត់កាប់ចម្ការ ព្រោះការងារទាំងអស់នេះក៏សុទ្ធសឹងតែជាជំនាញរបស់ជនជាតិដើមភាគតិចស្រាប់ទៅហើយ។ ផលលំបាកតែមួយនោះគឺការហូបចុក ដោយហូបមិនបានឆ្អែត មិនបានគ្រប់គ្រាន់ ហើយដោយព្រោះជនជាតិដើមភាគតិចគឺត្រូវដូនតាបង្ហាត់បង្រៀនតាំងពីក្មេងៗមកថា ការលួចគឺមិនល្អ ដូច្នេះថ្វីបើឃ្លានក៏គាត់មិនបានលួចហូបដែរ។ គាត់ស៊ូអត់ ដោយខ្មែរក្រហមចែករបបអាហារឲ្យប៉ុណ្ណា គាត់ហូបប៉ុណ្នឹង។ ជនជាតិដើមភាគតិចកួយទាំងអស់គោរពតាមបញ្ជាខ្មែរក្រហមយ៉ាងខ្ជាប់ខ្ជួន ដូច្នេះអ្នកភូមិគាត់ទាំងអស់រស់នៅសុខទាំងអស់គ្នា ប៉ុន្តែមានប្រជាជន ៣នាក់ ដែលគាត់មាន​សុខភាពមិនសូវល្អ ឧស្សាហ៍ឈឺក៏ត្រូវបានខ្មែរក្រហមយកទៅសម្លាប់ចោល ដោយត្រូវបានចោទថា ឈឺពុត​។

ខាន់ បានបន្ថែមថា នៅក្នុងភូមិគាត់មានប្រជាជនស្លាប់តែ៣នាក់ប៉ុណ្ណោះនៅក្នុងសម័យខ្មែរក្រហម ប្រជាជនក្រៅពីនេះបានរស់រានមានជីវិតទាំងអស់គ្នា ព្រោះគាត់មិនចេះទម្រន់ ធ្វើការអស់ពីកម្លាំងដែលគាត់មានជានិច្ច។

បន្ទាប់ពីសម័យខ្មែរក្រហមបានដួលរលំ គាត់ និងប្រជាជនផ្សេងទៀតដែលជាជនជាតិកួយ បានជួយគ្នាធ្វើស្រែ ប្រវាស់ដៃ ជួយគ្នាម្ដងម្នាក់ទៅវិញទៅមករយៈពេល៥ឆ្នាំ ទើបគាត់ផ្លាស់ប្ដូរមកធ្វើដាច់ឡែកតាមគ្រួសារវិញ ហើយមិនធ្លាប់មានទំនាស់ជាមួយគ្នាទេ។ ខាន់ ក៏បានប្រាប់បន្ថែមទៀតថា នៅក្នុងសម័យខ្មែរក្រហមមានប្រជាជនថ្មីច្រើន ដែលត្រូវបានជម្លៀសមកពីភ្នំពេញ។ គាត់ថាប្រជាជនថ្មីមក១០០នាក់នៅរស់រានមានជីវិតទាំង១០០នាក់ ឲ្យតែប្រជាជនទៅដល់ភូមិប្រមេរនេះ រីឯប្រជាជននៅភូមិស្រុកផ្សេងមានប្រជាជនស្លាប់​។

ខាន់ បញ្ចាក់ថា ការជួយប្រជាជនថ្មី គឺមិនមែនការជួយរំដោះជីវិតឡើយ គាត់គ្រាន់តែជួយលើកគុណសម្បត្តិ និងជួយបង្រៀនធ្វើកិច្ចការ នៅពេលដែលចេះធ្វើទៅនឹងមិនត្រូវបានគេយកទៅសម្លាប់ឡើយ។ សព្វថ្ងៃនេះក៏នៅតែមានអ្នកមកពីភ្នំពេញបន្តរស់នៅស្រុកនេះដែរ រហូតក្លាយជាជនជាតិកួយអស់ហើយ ព្រោះគាត់បានយកប្ដី យកប្រពន្ធជាជនជាតិកួយ។

សម្ភាសន៍ និងអត្ថបទដោយ ជួន រក្សា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin