ម្តាយខ្ញុំស្រក់ទឹកភ្នែក ក្រោយដឹងថា ខ្ញុំបានស្នើដាក់ច្បាប់អង្គការ
(សៀមរាប) ៖ សូរ សម្បូរ អាយុ ៦៩ឆ្នំា រស់នៅភូមិក្រសាទុំ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។
នៅក្នុងកាលពីសង្គមចាស់ សម្បូរ បានរៀនចប់ត្រឹមថ្នាក់ទី១២ និងបានធ្វើជាគ្រូបង្រៀនដល់ក្មេងៗ ហើយបានក្លាយខ្លួនជាគណៈអប់រំបង្រៀនក្មេងៗដោយស្ម័គ្រចិត្តនៅតាមវាលស្រែ និងក្រោមដើមឈើជាដើម។
នាសម័យខ្មែរក្រហម សម្បូរ ត្រូវបានជម្លៀសពីស្រុកកំណើតទៅត្រពំាងកោះ ស្រុកអង្គុញ។ សម្បូរបានបន្តថា ឪពុកម្តាយរបស់គាត់មិនត្រូវបានជម្លៀសទេ ពោលគឺនៅផ្ទះជាសហករណ៍ ប៉ុន្តែបងប្អូនរបស់ សម្បូរ សុទ្ធតែបានជម្លៀសឲ្យនៅបែកខ្ញែកពីគ្នាទំាងអស់។ រាល់ការជម្លៀសទំាងអស់ ត្រូវធ្វើដំណើរដោយថ្មើរជើងដោយមានមនុស្សរាប់ម៉ឺននាក់មកពីភូមិ ឃុំផ្សេងគ្នា។
សម្បូរ ត្រូវបានអង្គការបញ្ជាឲ្យបង្រៀនក្មេងៗនៅថ្ងៃត្រង់បន្ទាប់ពីសម្រាកពីការងារ។ គាត់បានប្រាប់ថា គាត់ហាក់ភ័យខ្លាច ព្រោះយើងមិនមានសិទ្ធិទាមទារ និងនិយាយអ្វីទំាងអស់ ដឹងត្រឹមថា ត្រូវតែបង្រៀនសិស្ស។
នាសម័យខ្មែរក្រហម មិនមានសម្លៀកបំពាក់សម្រាប់ផ្លាស់ប្តូរទេ។ ខ្មែរក្រហមបានបើកជាអាវខ្មៅ និងសំពត់ខ្មៅសម្រាប់នារី ហើយអាវខ្មៅ និងខោខ្មៅសម្រាប់បុរស ត្រឹមម្នាក់មួយសម្រាប់ប៉ុណ្ណោះ។ រីឯស្បែកជើង គឺធ្វើពីសំបកកង់ឡាន។ សម្បូរ បាននិយាយដោយអស់សំណើចថា៖ «សម័យនោះមិនមានស្បែកជើងល្អប្រើទេ មានត្រឹមស្បែកជើងធ្វើពីសំបកកង់ឡាន។ កាលនោះបានត្រឹម ប៉ុណ្ណឹងស្អាតសឹងអី ហាសហាសយ!»។
ក្រៅពីការបង្រៀនកុមារ ខ្មែរក្រហមតែងបញ្ជាឲ្យ សម្បូរ ធ្វើការងារផ្សេងទៀតមានក្រៅពីបង្រៀនកុមារដូចជា លីសែងដី ធ្វើស្រែ ប្រមូលអាចម៍គោ និងលាមករបស់មនុស្ស ដើម្បីជាន់ធ្វើជាជីធម្មជាតិជាដើម។
សម្បូរ បានរៀបរាប់ដោយសេចក្តីឈឺចាប់ក្នុងរបបខ្មែរក្រហម ព្រោះគាត់ត្រូវរស់នៅដោយព្រាត់ប្រាសពីគ្រួសារ។ គាត់បាននិយាយថា៖ «ម្តាយខ្ញុំបានស្រក់ទឹកភ្នែក ក្រោយដឹងថា ខ្ញុំបានដាក់ច្បាប់អង្គការមួយថ្ងៃ ដោយសារនឹកម្តាយឪពុកខ្លំាងពេក។»
សម្បូរបានបន្តថា នាសម័យខ្មែរក្រហមមិនមានមន្ទីរពេទ្យអ្វីទេ ហើយពេលដែលធ្លាក់ខ្លួនឈឺក៏មិនមានថ្នាំសម្រាប់ព្យាបាលផងដែរ។ រាល់ពេលដែលមានអ្នកនរណាម្នាក់ឈឺ គឺមានពេលកំណត់ជាក់លាក់ថា ឈឺប៉ុន្មានថ្ងៃ ដេកផ្ទះប៉ុន្មានថ្ងៃ និងត្រូវបញ្ជាក់ថាត្រឡប់មកវិញថ្ងៃណា។
ក្នុងឆ្នំា១៩៧៩ ក្រោយប្រទេសកម្ពុជាបានរំដោះដោយជោគជ័យ ប៉ុន្តែស្ថានភាពស្ថិតក្នុងភាពវឹកវរនៅឡើយ សម្បូរ បានរៀបការជាមួយស្វាមីតាមប្រពៃណី ដោយមានការសែនព្រេន និងដឹងឮពីឪពុកម្តាយទំាងសងខាង។
សម្ភាសន៍ដោយ សែ ណាណា
អត្ថបទដោយ គង់ សុម៉ាវត្តី