អង្គការកុហកភូតថា នឹងលើកខ្ញុំធ្វើជាប្រធានកងធំវិញ

(កំពង់ធំ) ៖ សូ ម៉េន អាយុ ៧០ឆ្នំា រស់នៅក្នុងភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងរបបសាធារណរដ្ឋខ្មែរ ម៉េន ធ្លាប់ជាទាហាន​នៅក្នុង​របបសាធារណរដ្ឋខ្មែរ។​នៅក្នុង​បានចូលបម្រើខ្លួនជាទាហ៊ាន និងធ្វើរដ្ឋប្រហារតតំាងជាមួយទាហ៊ានលន់ នល់ និងកងទ័ពអាមេរិក។

លុះចូលដល់សម័យកម្ពុជាប្រជាធិបតេយ្យ ម៉េន មានអាយុប្រហែល២៧ឆ្នំា និងត្រូវបានជម្លៀសពីភូមិទួលដំណាក់ ទៅខាងចម្ការលើក្នុងបឹងតាអោងគគីរធំ ហើយចាប់ផ្តើមរស់នៅរួម ធ្វើការរួម ហូបរួមជាសហករណ៍។

ម៉េន បានប្រាប់ថា ខ្លួនបានរៀបការជាមួយភរិយាក្នុងរបបខ្មែរក្រហមដែលរៀបចំដោយអង្គការ នាពេលនោះការរៀបការធ្វើឡើងប្រហែលជាងដប់គូ រហើយមានរយៈពេលខ្លី ព្រមទំាងមានការបេ្តជ្ញាផងដែរ។ គាត់បានបន្តថា ក្រោយ​ពីការរៀបការបានបួនទៅប្រំាថ្ងៃ អង្គការបានបំបែកប្តីប្រពន្ធឲ្យធ្វើការងាររៀងៗខ្លួន។

ក្នុងរបបខ្មែរក្រហម ការងារប្រចំាថ្ងៃរបស់គាត់គឺត្រូវកើបលាមករបស់មនុស្សក្នុងបង្គន់តាមការកំណត់របស់អង្គការ ដោយមួយថ្ងៃឲ្យបានជាងដប់កេស រួចគាស់ដីដំបូកដើម្បីវាយជាមួយលាមកឲ្យក្លាយជាជីធម្មជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ម៉េន ក៏ត្រូវបានខ្មែរក្រហមបញ្ជាឲ្យជីកប្រឡាយទំាងយប់ ទំាងថ្ងៃគ្មានពេលសម្រាកគ្រប់គ្រាន់ទេ។ ការហូបចុកមិនមានអ្វីហូបច្រើនទេ គឺមានត្រឹមតែបបររាវមួយចានប៉ុណ្ណោះ ជួនពេលខ្លះមានលាយជាមួយត្រកួនបន្តិចដែរ។ ម៉េន បានពោលថា៖«ទោះមិនបានហូបឆ្អែតក្តី ក៏មិនមាននរណាហ៊ានប្រកែកដែរ មានតែនំាគ្នាខំធ្វើការតាមអីដែលគេបញ្ជា ព្រោះខ្លាចអង្គការយកវាយចោល។»

ម៉េន បានរៀបរាប់ពីទុក្ខវេទនារបស់ខ្លួននាសម័យខ្មែរក្រហមថា សម័យនោះគ្មាននរណាចេះជួយគ្នាទេ។ ម៉េនបានបន្តថា៖ «ម្នាក់ៗសុទ្ធតែភ័យខ្លាចគ្រប់គ្នា មានតែសក់នរណាក្បាលអ្នកហ្នឹងហើយសម័យនោះ ព្រោះអង្គការសម្លាប់មិនទុកមុខ និងតែងចោទថា ជាជនក្បត់។»

ខ្មែរក្រហមបានបញ្ជូន ម៉េន ឲ្យទៅខាងទន្លេសាប ក្នុងរយៈពេលមួយឆ្នំា ទើបបានត្រឡប់មកភូមិវិញដើម្បីរកត្រី ប្រហុក ផ្អកសម្រាប់ទុកចិញ្ចឹមសហករណ៍។

រឿងរ៉ាវដែល ម៉េន ចំាមិនភ្លេចគឺ ខ្មែរក្រហមបានចោទម៉េន ថា ជាជនក្បត់នឹងអង្គការហៅថា សេអ៊ីអា ប៉ុន្តែ ម៉េនបានលួចរត់រហូតដល់ព្រៃព្នៅ ទើបរួចជីវិត។

នៅក្នុងអំកំឡុងពេលដែលប្រទេសស្ថិតក្នុងស្ថានភាពរំដោះ ម៉េន បានរត់ត្រឡប់មកស្រុកកំណើតវិញ និងត្រូវបានខ្មែរក្រហមអូសទាញឲ្យចូលធ្វើការជាមួយអង្គការ ដោយប្រាប់ថានឹងលើកឲ្យធ្វើជាប្រធានកងធំ រហូតដល់ ម៉េនបង្ខំចិត្តរត់គេចជាប្រចំា។ ម៉េន បាននិយាយថា៖«គេមកតាមហៅមួយអាទិត្យពីរបីដង ហើយភូតថាឲ្យខ្ញុំធ្វើជាមេវិញ។ តែខ្ញុំគិតថាខ្លួនមានជីវិតរស់ហើយ បើទៅតាមគេគ្មានអីក្រៅពីយកវាយចោលទេ ទើបខ្ញុំរត់មិនដែលបាននៅផ្ទះទេ។» ប៉ុន្តែ ម៉េន បានប្រាប់ថា មិត្តរបស់ខ្លួនបានជឿ និងយល់ព្រមទៅជាមួយអង្គការហើយបានបាត់ដំណឹង មិនឃើញត្រឡប់មកវិញទេ។

ជាចុងក្រោយ ម៉េន ពិតជាអរគុណដល់សម្តេចតេជោហ៊ុន សែន ដែលបានរៀបចំ និងគ្រប់គ្រងប្រទេសយ៉ាងល្អដូចជា ប្រជាជនបានប្រកបរបបធ្វើស្រែចម្ការ ដោយគ្មានការ​បង្ខំ មានយានយន្តធ្វើដំណើរ និងទទួលបានសិទ្ធិសេរីភាព។ ម៉េន ស្នើសុំឲ្យប្រជាជនទំាងអស់ចេះស្រលាញ់សន្តិភាព និងខិតខំរក្សាដើម្បីកុំឲ្យកើតមានរបបខ្មែរក្រហមសារជាថ្មីម្តងទៀត។

សម្ភាសន៍ដោយ ហូ ណាអូមី

អត្ថបទដោយ គង់ សុម៉ាវត្តី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin