រស់ដូចជាស្លាប់
(ខេត្តកណ្តាល) ៖ ញ៉េន ញ៉ែម អាយុ ៨១ឆ្នំា រស់នៅក្នុងភូមិអន្លង់ព្រីង ឃុំដើមឫឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នាសម័យខ្មែរក្រហម ញ៉ែម មានអាយុពីចន្លោះ ២០ ទៅ ៣០ឆ្នំា គាត់ត្រូវបានអង្គការជម្លៀសចេញពីស្រុកកំណើតរបស់គាត់ ទៅកាន់ខេត្តបាត់ដំបង នៅក្នុងស្រុកភ្នំស្រុក ដែលបច្ចុប្បន្ននេះស្ថិតនៅខេត្តបន្ទាយមានជ័យ។ ញ៉ែម បានបន្តថា គាត់ត្រូវបានខ្មែរក្រហមពង្រាត់ចាកឆ្ងាយពីគ្រួសារ រួមមាន ម្តាយឪពុក ព្រមទំាងប្រពន្ធកូនដោយឲ្យគាត់មកធ្វើស្រែចំការ និងលីសែងដីសព្វគ្រប់បែបយ៉ាង។
គាត់បានរៀបរាប់ប្រាប់បន្ថែមអំពីភាពឈឺចាប់ និងការរងទុក្ខវេទនារបស់ខ្លួនថា៖ «នឹករឭឮកដល់សម័យហ្នឹង វាឈឺចាប់ណាស់។ គេបានប្រើខ្ញុំឲ្យភ្ជួរស្រែជាមួយគោមួយនឹម តំាងពីព្រឹកម៉ោងប្រំាព្រលឹមរហូតដល់ព្រលប់ គ្មានពេលសម្រាកគ្រប់គ្រាន់ រស់ដូចជាស្លាប់អីចឹង។» ញ៉ែម បានបន្តថា ដោយសារតែគាត់ជាក្រុមពេញកម្លំាង ទើបតម្រូវឲ្យធ្វើស្រែ រែកដី មិនត្រឹមតែប៉ុណ្ណោះអង្គការបានប្រើឲ្យគាត់ដឹកជញ្ជូនស្រូវ និងគ្រឿងបរិភោគនានាផងដែរ។ គាត់បានប្រាប់ថា សហករណ៍ដែលគាត់រស់នៅ គឺប្រមូលផ្តុំទៅដោយមនុស្សជាច្រើននាក់ ដែលមកពីខេត្តផ្សេងៗគ្នា ដូច្នេះត្រូវប្រយ័ត្នពាក្យសម្តីពេលអង្គការសួរនំា ព្រោះមាន[ហេតុការណ៍]មួយ ដែលនារីម្នាក់ត្រូវបានអង្គការសម្លាប់ចោល ដោយសារឆ្លើយថា ប្តីគាត់ជាទាហានសម័យ លន់ នល់។ នាសម័យនោះ អ្នកមានចំណេះដឹង និងជាអតីតមន្រ្តីរាជការនៅក្នុងរបបចាស់ ឬរបប លន់ នល់ គឺត្រូវបានយកទៅសម្លាប់ចោលទំាងអស់ គ្មានបន្សល់ទុកម្នាក់នោះទេ។
ប្រជាជន សម្រាប់ការហូបចុក គឺហូបមិនដែលទទួលបានអាហារគ្រប់គ្រាន់ទេ គឺមានតែបបររាវ ដែលមានសុទ្ធតែទឹកលាយជាមួយអង្ករបន្តិចបន្តួចប៉ុណ្ណោះ។ គាត់មិនដែលពេលដេក ក៏ដេកមិនបានស្ងប់ ព្រោះតែងមានអ្នកដើរល្បាត ដៃឱបកំាភ្លើង ចំាស្តាប់យើងនៅក្រោមផ្ទះ ដោយខ្លាចថាមាននរណាមានគំនិតចង់ក្បត់នឹងអង្គការ។ ដោយហេតុសម្រាកក៏មិនបានគ្រប់គ្រាន់ ហូបក៏មិនឆ្អែត និងដល់ម៉ោងធ្វើការត្រូវក្រោកពីព្រលឹម ទើបនំាឲ្យប្រជាជនគ្រប់គ្នាបាក់កម្លំាង និង[សម្រេចចិត្ត] លួចរត់ទៅជាយដែនប្រទេសថៃ តែត្រូវអង្គការចាប់បាន ព្រមទំាងបាញ់សម្លាប់ចោលតែម្តង។ ញ៉ែមបាននិយាយថា៖ «រស់ដូចជាស្លាប់ ក្នុងរយៈពេលត្រឹម៣ឆ្នំា ៨ខែ ២០ថ្ងៃប៉ុណ្ណោះ តែមានអារម្មណ៍ថា យូរខ្លំាងណាស់ រស់នៅទំាងភ័យខ្លាចសព្វគ្រប់បែបយ៉ាង។»
ក្នុងឆ្នំា១៩៧៩ ជាពេលវេលាដែលប្រទេសជាតិត្រូវបានរំដោះ ញ៉ែមបានប្រាប់ថា គាត់តែងឮសម្លេងស្នូរកំាភ្លើងពីចម្ងាយ និងតែងរត់គេចពីគ្រាប់ផ្លោងជាញឹកញយ។ បើទោះបីជាគាត់បានជួបជុំប្រពន្ធកូនគាត់វិញពិតមែន ប៉ុន្តែគាត់មិនត្រូវបានឲ្យចូលរស់នៅឯស្រុកកំណើតវិញភ្លាមៗនោះទេ ព្រោះនៅមានកងទ័ពខ្មែរក្រហមក្នុងស្រុកនៅ ឡើយ។ គាត់បាននិយាយថា៖ «គេចាប់ផ្តើមបង្កើតក្រុមសាមគ្គីធ្វើស្រែរួមដូចកាលសម័យខ្មែរក្រហមដែរ តែនេះចែករួម[មានន័យថា]នរណាមានចប នង្គ័ល គោ គឺយកមកជួយចែកគ្នាធ្វើ។»
ញ៉ែម បានបញ្ជាក់ថា ក្រោយពេលដែលគាត់មានចំណេះដឹងសមល្មមក្នុងការជួយបម្រើការងារមេឃុំក្នុងស្រុកកំណើតវិញ គាត់ក៏ត្រូវបាន[អ្នកភូមិ]បោះឆ្នោត និងជ្រើសរើសឲ្យធ្វើជាមេឃុំ ចាប់តំាងពីឆ្នំា១៩៨០ រហូតមកទល់បច្ចុប្បន្ន។ ជាចុងក្រោយ ញ៉ែម សំណូមពរដល់ក្មេងៗជំនាន់ក្រោយឲ្យចូលរួមសិក្សាជុំវិញការឈឺចាប់នៃប្រវត្តិសាស្រ្តរបស់ប្រជាជនខ្មែរ នាសម័យខ្មែរក្រហម ដែលបានធ្វើទុក្ខបុកម្នេញដល់ប្រជាជនរហូតនំាឲ្យមានការព្រាត់ប្រាសសាច់ញាតិបងប្អូន និងខ្លះទៀតបានបាត់បង់អាយុជីវិត។
សម្ភាសន៍ដោយ ម៉េត ម៉ានីន
អត្ថបទដោយ គង់ សុម៉ាវត្តី