សល់ ការ៉ាណី អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តរតនគិរី
សល់ ការ៉ាណី អ្នកស្ម័គ្រចិត្តកម្ពុជា ខេត្តរតនគិរី
ខ្ញុំឈ្មោះ សល់ ការ៉ាណី អាយុ២៣ឆ្នាំគឺជាជនជាតិដើមភាគតិច ចារ៉ាយ មកពីខេត្តរតនគិរី។ ខ្ញុំគឺជាអ្នកស្ម័គ្រចិត្តកម្ពុជាជំនាន់ទី១។ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ខ្ញុំបានទទួលឱកាសបានចូលរួម កម្មវិធីទស្សនកិច្ចសិក្សាតាមរថភ្លើងគឺជាដំណើរទស្សនកិច្ច«ស្ដីអំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងលទ្ធិប្រជាធិបតេយ្យ» សម្រាប់យុវជនសិក្សាឈ្វេងយល់ដោយផ្ដោតទៅលើការជម្លៀសប្រជាជនដោយបង្ខំ និងជម្លៀសប្រជាជនលើកទី២ ក្នុងរបបខ្មែរក្រហម (១៩៧៥-១៩៧៩)។
កាលពីលើកមុនខ្ញុំធ្លាប់បានចូលរួមកម្មវិធីជិះរថភ្លើងម្ដងរួចមកហើយដែលមានទិសដៅពីភ្នំពេញទៅខេត្តកំពត ប៉ុន្តែលើកនេះទិសដៅពីភ្នំពេញទៅ ខេត្តពោធិ៍សាត់ និង បន្តទៅខេត្តបន្ទាយមានជ័យ។ ក្នុងដំណើរទស្សនកិច្ចសិក្សាតាមរថភ្លើងនេះមានភាពផ្សេងគ្នាពីការចូលរួមលើកមុនត្រង់ខែមីនា ដែលជិតឈានដល់ខែមេសា មានអាកាសធាតុក្ដៅហួតហែង នៅតាមផ្លូវព្រៃព្រឹក្សា ផ្កាស្មៅ ពុំរីកស្រស់បំព្រងឡើយដោយសាររងកម្ដៅជាខ្លាំង។ ចំណែកទិដ្ឋភាពអ្នករួមដំណើរនិងលោកគ្រូ អ្នកគ្រូ ក្នុងរថភ្លើងមានសភាពក្ដៅដោយសារគ្មានម៉ាស៊ីនត្រជាក់និងកង្ហារធ្វើឲ្យមានភាពអួលអាប់ពុំសូវស្រស់ស្រាយទេ។ នៅតាមផ្លូវខ្ញុំព្យាយាមសង្កេត ផ្ទះប្រជាជននៅអមសងខាងផ្លូវរថភ្លើងខ្ញុំឃើញមានការលំបាកដោយសារជីវភាពខ្វះខាត។
កាលឃើញទិដ្ឋភាពបែបនេះធ្វើឲ្យខ្ញុំមានការអាណិតអាសូរព្រោះមើលទៅមានផ្ទះតូចៗប្រក់ស្បូវនិងស័ង្កសីដែលមិនអាចទ្រនិងអាកាសធាតុក្ដៅនិងព្យុះភ្លៀងបាន។ ខ្ញុំបានប្ដូរការគិតមកវិញថាតើត្រូវធ្វើនិងចូលរួមជាមួយរាជរដ្ឋាភិបាលបែបណាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការប្រសើរឡើង។ ក្រឡេកមើលអ្នកដំណើរក្នុងរថភ្លើងមានសភាពក្ដៅ និងរងនូវ ធូលីដី។ បើប្រៀបធៀបជាមួយការជម្លៀសប្រជាជនកាលជំនាន់ ប៉ុល ពត ថាតើប្រជាជនជម្លៀសរងទុក្ខលំបាកប៉ុនណា បើក្រុមអ្នកស្ម័គ្រចិត្តកម្ពុជាធ្វើដំណើរដោយមានការរៀបចំត្រឹមត្រូវ កំណត់ចំនួនផ្ទុកមនុស្ស មានអារហារហូបចុកគ្រប់គ្រាន់ និយាយថាលំបាកចុះទម្រាំប្រជាជនជម្លៀសដោយបង្ខំក្នុងរបបខ្មែរក្រហម លំបាកយ៉ាងណា? ហើយអ្នកដែលមានបញ្ហាសុខភាពអាចសន្លប់។ គិតទៅពិតជាអាណោចអធ័មណាស់សម្រាប់ប្រជាជនកាលជំនាន់នោះ រងនូវភាពអយុត្តិធម៌បែបនេះ។ រឿងរ៉ាវសោកនាតកម្មបានផុតរលត់ទៅហើយ តើយើងយុវជនជំនាន់ក្រោយតើគួរធ្វើបែបណាដើម្បីកែប្រែ ឲ្យប្រទេសជាតិរីកចម្រើននិងកុំឲ្យវិលទៅរករបបខ្មែរក្រហមទៀត? ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មជ្ឈមណ្ឌលឯកសារម្ពុជា ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានរៀនសូត្រនិងទទួលបានបទពិសោធន៍ថ្មីៗ។
អត្ថបទសម្រួលដោយ៖ មេត្តា ដារ៉ារដ្ឋ