ហ្វីន ទីយើទ អ្នកស្ម័គ្រចិត្តកម្ពុជាខេត្តកំពត

ហ្វីន ទីយើទ

ជាក្មេងម្នាក់ដែលកើត និងបានធំលូតលាស់នៅក្នុងសង្គមមួយដែលមានសន្តិភាពរួចស្រេចទៅហើយខ្ញុំមិនដែលបានយល់ដល់ជម្រៅនៃសេចក្តីឈឺចាប់ និងទុក្ខវេទនាដែល​បងប្អូនប្រជាជនទាំងឡាយបានឆ្លងកាត់នៅ​ក្នុងរបបខ្មែរក្រហម​មុនពេលដែលខ្ញុំមិនទាន់កើតនោះឡើយ ទោះបីជាបានសិក្សានៅសាលា និងបានឮតាមរយៈការនិទានពីសាច់​ញាតិចាស់ៗ​ដែលបានឆ្លងកាត់របបដ៏អប្រិយមួយនោះក៏ដោយ។ រហូតដល់ថ្ងៃមួយដែលខ្ញុំបានសម្រេចចិត្តចូលធ្វើជាអ្នកស្ម័គ្រចិត្តក្នុងការប្រមូលទិន្នន័យពីអ្នករស់រានមានជីវិតជូនអង្គការមជ្ឈមណ្ឌលឯកសារកម្ពុជា។ គោលបំណងរបស់ខ្ញុំគ្រាន់តែចង់ធ្វើការងារស្ម័គ្រចិត្តធម្មតា តែអ្វីដែលខ្ញុំមិនបានរំពឹងទុកបានកើតឡើងគឺខ្ញុំបានឃើញ ស្តាប់ឮអំពីភាពឈឺចាប់ សេចក្តីវេទនា វិប្បដិសារីតាមរយៈការនិទានអំពីអតីតកាលដ៏ជូរចត់ដែលបងប្អូនអ្នករស់រានមានជីវិតបាននិទានប្រាប់។ សាច់រឿងដ៏មិនគួរឲ្យជឿរបស់អ្នករស់រានបានធ្វើឲ្យខ្ញុំឈឺចាប់ រាល់ពេលដែលខ្ញុំអង្គុយចុះស្តាប់ការរៀបរាប់ និងសរសេរសង្ខេបសាច់រឿងនោះម្តងទៀត។ ខ្ញុំចោទសួរជាសំណួរដដែលៗហេតុអ្វីបានជាអាចមានរឿងរ៉ាវដែលហៅថា «ការប្រល័យពូជសាសន៍» នេះកើតឡើង? ខ្ញុំចាប់ផ្តើមមើលឃើញពីជ្រុងមួយដែលខ្ញុំតែងមើលរំលងគឺការគិតថាសន្តិភាពជាអ្វីដែលធម្មតា និងមាននៅគ្រប់ទីកន្លែងដោយសារតែវាជាអ្វីដែលខ្ញុំបានឃើញពេញមួយជីវិតនេះទៅហើយ ស្របពេលដែលនៅជ្រុងម្ខាងទៀតមានមនុស្សជាច្រើនបានរងទុក្ខពីអំពើដ៏ស្មោកគ្រោកគឺ «ការប្រល័យពូជសាសន៍» និងមានមនុស្សជាច្រើនទៀតកំពុងតែរងគ្រោះទោះបីជាមកដល់សម័យបច្ចុប្បន្នទៅហើយក្តី។ ក្នុងគំនិតរបស់ខ្ញុំ អំពើនេះជាអំពើដែលមិនគួរកើតមានសោះឡើយ គ្មានមនុស្សលោកណាម្នាក់សមនឹងទទួល ឬរងគ្រោះដោយសារអំពើទាំងនោះឡើយ។ វាគួរតែជារឿងអ្វីមួយដែលគួរតែរលាយបាត់អំពីពិភពលោក និងការចងចាំរបស់មនុស្សគ្រប់គ្នា គួរតែជាអ្វីដែលមនុស្សលោកមិនស្គាល់ និងមិនអាចស្រមៃបានអំពីអំពើទាំងនោះ ដូច្នេះវានឹងមិនអាចកើតមានម្តងទៀតមិនមែនត្រឹមតែនៅក្នុងប្រទេសកម្ពុជា តែនៅក្នុងពិភពលោកទាំងមូល។
ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមនៅក្នុងសន្និសីទលើកទីមួយនេះ និងបានរៀនសូត្រយ៉ាងច្រើនពីទស្សនៈក៏ដូចជាយន្តការទប់ស្កាត់ការកកើតមានជាថ្មីនៃអំពើប្រល័យពូជសាសន៍ ពីបណ្តាមនុស្សពូកែៗជាច្រើនដែលមកពីគ្រប់ទិសទីក្នុងពិភពលោកក្នុងគោលបំណងតែមួយគឺចង់ទប់ស្កាត់ និងលុបបំបាត់អំពើប្រល័យពូជសាសន៍ មិនមែនសម្រាប់តែកម្ពុជាតែសម្រាប់ពិភពលោកទាំងមូល។ ខ្ញុំមានសេចក្តីដឹងគុណចំពោះមជ្ឈមណ្ឌលឯកសារកម្ពុជាយ៉ាងខ្លាំងដែលបានបង្កើតសន្និសីទនេះឡើង និងតែងតែបង្ហាញពីភាពយកចិត្តទុកដាក់ចំពោះបងប្អូនអ្នករស់រានមានជីវិតពីសម័យប្រល័យពូជសាសន៍ខ្មែរក្រហម។ សកម្មភាពទាំងអស់នេះនឹងត្រូវបានចងចាំ មិនមែនតែចំពោះខ្ញុំ និងបងប្អូនពូ មីង អ្នករស់រានមានជីវិត តែចំពោះប្រទេសកម្ពុជា និងប្រជាជនទាំងមូល។
ខ្ញុំពិតជាចង់ឲ្យមានសន្និសីទលើកក្រោយៗទៀត ហើយប្រសិនបើមានឱកាសខ្ញុំនឹងមិនរុញរាក្នុងការចូលរួមទៀតនោះទេ បើមានកម្មវិធីលើកក្រោយទៀតខ្ញុំសង្ឃឹមថាប្អូនៗសិស្សានុសិស្សដទៃនឹងមានឱកាសចូលរួមឲ្យបានច្រើនជាងនេះព្រោះពួកគេជាទំពាំងស្នងឬស្សីពិតជាត្រូវការរៀនសូត្រនិងបានដឹងឮអំពីរឿងទាំងនេះឲ្យបានស៊ីជម្រៅ វាមិនមែនត្រឹមតែជាផ្នែកមួយនៃការទប់ស្កាត់អំពើប្រល័យពូជសាសន៍នោះទេ គឺជាការបណ្តុះគំនិតមនុស្សជំនាន់ក្រោយឲ្យស្អប់ខ្ពើម​និងធ្វើឲ្យសកម្មភាពទាំងឡាយដែលទាក់ទងនឹងការប្រល័យពូជសាសន៍នេះផុតពូជតែម្តង។
ភ្នំពេញ, ២៥ ឧសភា ២០២៤
ដោយក្តីគោរព, ហ្វីន ទីយើទ
ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin